កីឡា

ក្រុមអត្តពលិកកីឡាការ៉ាតេកម្ពុជា ដណ្តើមបានមេដាយ ៣ គ្រឿងក្នុងការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១២ ឆ្នាំ២០២៥ នៅព្រុយណេ

ភ្នំពេញ៖ នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ កីឡាករ-កីឡាការិនីកីឡាការ៉ាតេកម្ពុជា ដណ្តើមបានមេដាយ ៣ គ្រឿងក្នុងព្រឹត្តិការការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១២ ឆ្នាំ២០២៥ “ 12th South East Asian Karate Federation Championships 2025 ” ដែលនឹងប្រព្រឹត្តទៅចាប់ ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅប្រទេសព្រុយណេ។

លោក ហេង ផេង ជាគ្រូបង្វឹកធំ បានប្រាប់តាមអនឡាញពីប្រទេសព្រុយណេថា ថ្ងៃនេះកីឡាករ-កីឡាការិនីកីឡាការ៉ាតេកម្ពុជា ដណ្តើមបានមេដាយ ៣ គ្រឿង ក្នុងនោះមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿងលើប្រភេទវិញ្ញាសាប្រយុទ្ធ (Kumite)។ សម្រាប់វិញ្ញាសាប្រយុទ្ធឯកត្តជននារី ៖កីឡាការិនី ឆន ស្រីភា ទទួលបានមេដាយសំរិទ្ធ ១ គ្រឿង ក្នុងប្រភេទទម្ងន់ ៥០ គីឡូក្រាម វិញ្ញាសាប្រយុទ្ធឯកត្តជនបុរស ៖កីឡាករ លី គួយហាវ ទទួលបានមេដាយប្រាក់ ១ គ្រឿង ក្នុងប្រភេទទម្ងន់ក្រោម ៦០ គីឡូក្រាម និងវិញ្ញាសាប្រយុទ្ធឯកត្តជនបុរស ៖កីឡាករ កីឡាករ ស្រៀង វិរៈ ទទួលបានមេដាយសំរិទ្ធ ១ គ្រឿង ក្នុងប្រភេទទម្ងន់ ៨៤គីឡូក្រាមឡើង។

ការចេញដំណើរចូលរួមលើកនេះសហព័ន្ធកីឡាការ៉ាតេកម្ពុជាបានបញ្ជូនក្រុមប្រតិភូ អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក គ្រូជំនួយ កីឡាករ និងកីឡាការិនីចំនួន ៣៣ នាក់ ក្នុងនោះ លោក ឈាង សុវណ្ណរតនា ប្រធានប្រតិភូ កញ្ញា ជា ថារី លោក ប៉ែន រតនា លោក ដែក ភីយ៉ារ៉ា និងកញ្ញា អ៊ីវ សម្ជស្ស ជាអជ្ញាកណ្តាល និងចៅក្រមកម្រិតអន្តរជាតិ ។ លោក ហេង ផេង ជាគ្រូបង្វឹកធំ លោក ដែក ភារៈ លោក ថាំង វិបុល លោក ជុន ជឿន និងលោក យ៉េក លីអេង ជាគ្រូជំនួយ។

លោក ហេង ផេង បានបន្តថា កីឡាករ ទេព ស្ទីវយុទ្ធថាណា កីឡាករ លី គួយហាវ កីឡាករ ឈាវ រក្សា កីឡាករ ជ្រុន វិរៈបុត្រ កីឡាករ តាយ គីមឈ័ង កីឡាករ ស្រៀង វិរៈ កីឡាករ សូត ផានិត កីឡា ងួន សុខក្រៃលែង កីឡាករ ដែក សុវណ្ណរតៈ កីឡាករ ឆេង ច័ន្ទដារ៉ារតនៈ កីឡាករ ថេង គឹមឈា កីឡាករ ហូ ហេង ជាកីឡាករស្ថិតក្រុមជម្រើសជាតិ កីឡាករ រ៉ម សំណាង និងកីឡាករ ឡាយ ជីលី កីឡាករសហព័ន្ធ ។

ចំណែកកីឡាការិនីវិញមានចំនួន ៨ នាក់រួមមាន កីឡាការិនី ឆន ស្រីភា កីឡាការិនី វ៉ាន់ ចរិយា កីឡាការិនី លឹម សុខវិច្ឆិកា កីឡាការិនី ស៊ិន សូរីណែត កីឡាការិនី អូន ស្រីដា កីឡាការិនី ពុទ្ធា ស្រីណុច កីឡាការិនី ថាត ឆេងហ័ង ជាកីឡាករស្ថិតក្រុមជម្រើសជាតិ និងកីឡាការិនី ថន រស្មី កីឡាការិនីរបស់សហព័ន្ធ៕

ដោយ៖ លី ភីលីព

Most Popular

To Top