ភ្នំពេញ ៖ នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានថ្លែងថា តាមរយៈការបង្កើតជាផ្លូវការនៃវិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរ គឺជាការបោះជំហានដ៏ធំមួយរបស់គុនខ្មែរ ក្នុងការផ្សព្វផ្សាយ និង អភិវឌ្ឍន៍ ទៅកាន់អន្តរជាតិ ដោយតាមរយៈការបណ្តុះបណ្តាល ធនធានមូលដ្ឋានគ្រឹះនេះ នឹងជំរុញឱ្យគ្រូបង្វឹក មន្ត្រីបច្ចេកទេសគុនខ្មែរក្លាយជាជនបង្គោល សម្រាប់ការផ្សព្វផ្សាយគុនខ្មែរលើឆាកអន្តរជាតិ ហើយបើគ្មានការបណ្តុះបណ្តាលមូលដ្ឋានគ្រឹះ ក៏មិនអាចធ្វើឱ្យគុនខ្មែរចាក់ឫស ចាក់គល់នៅលើឆាកអន្តរជាតិដែរ។
លោក ខូវ ឆាយ បានធ្វើឡើងនៅក្នុងការប្រកាសជាផ្លូវការ នៃការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរ ស្ថិតនៅបណ្តោយផ្លូវជាសុផារ៉ា ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមជាសក្ខីភាពពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និងតំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងលោក លីវ អឺលី (Liu Erli) ប្រធានវិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរ ។

លោកលើកឡើងថា នៅក្នុងពិធីប្រកាសជាផ្លូវការ នៃការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរ ក្រោមសហការផ្តួចផ្តើមគំនិតរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរជាមួយស្ថាប័ន អឺម៉ីលីជែន របស់ប្រទេសចិន ដែលរៀបចំការប្រកួតយុទ្ធគុនចម្រុះនៅប្រទេសចិន។ «ខ្ញុំជឿជាក់ថា វិទ្យាស្ថានបណ្តុបណ្តុះបណ្តាលគុនខ្មែរ គឺជាផ្នែកមួយដ៏សំខាន់ ក្នុង ការបណ្តុះបណ្តាល ធនធានគ្រូបង្វឹក ក៏ដូចជាមន្ត្រីបច្ចេកទេស ឱ្យកាន់តែមានសមត្ថភាព នាថ្ងៃអនាគត ដើម្បីរួមចំណែកអភិរក្ស និងអភិវឌ្ឍន៍កីឡាគុនខ្មែរឱ្យល្បីសុះសាយទូទាំងសាកលលោក រួមទាំងគោលដៅផ្សព្វផ្សាយគុនខ្មែរ នៅអន្តរជាតិ ឱ្យប្រទេសដទៃៗទៀត ចូលរួមជាសមាជិករបស់គុន ខ្មែរជុំវិញពិភពលោក»។

ប្រធានសហព័ន្ធសង្កត់ធ្ងន់ថា ក្នុងនាមសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ ក៏ដូចជាសមភាគីចិន ក្នុងកិច្ចសហការគ្នានេះ នឹងរៀបចំឯកសារចុះបញ្ជីរបស់វិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរ ឱ្យបានត្រឹមត្រូវទៅតាមគោលការណ៍ច្បាប់ នៅតាមក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងស្នើសុំឱ្យទទួលស្គាល់ ពីក្រសួងអប់រំ យុវជន និងកីឡា និង NOCC ដើម្បីឱ្យវិទ្យាស្ថានមួយនេះ ក្លាយជាកន្លែងបណ្តុះបណ្តាល មួយប្រកបដោយវិជ្ជាជីវៈច្បាស់លាស់អំពីប្រវត្តិសាស្ត្រនៃគុនខ្មែរ និងបច្ចេកទេសនៃក្បាច់ គុនខ្មែរផងដែរ។

លោក ខូវ ឆាយ គូសបញ្ជាក់ថា វិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរនឹង ក្លាយជាកន្លែងបណ្តុះបណ្តាល មួយដែលត្រូវ បានទទួលស្គាល់ ជាអន្តរជាតិ ដែការចេញវិញ្ញាបនបត្របញ្ជាក់ការសិក្សាដោយក្រសួងអប់រំ យុវជន និងកីឡា។ វិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសមភាគីចិន ជាអ្នកវិនិយោគនូវការរៀបចំ វិទ្យាស្ថាននេះជាមួយ នឹងការបំពាក់សម្ភារ បរិក្ខាគ្រប់បែបយ៉ាង ខណៈសហព័ន្ធជាអ្នកគ្រប់គ្រង លើគ្រូបង្វឹក ការបណ្តុះបណ្តាលចំណេះដឹងគុនខ្មែរដោយអនុលោមទៅតាមបច្ចេកទេសក្បួនច្បាប់របស់គុនខ្មែរឱ្យបានត្រឹមត្រូវ ដែលសហព័ន្ធបានរៀបចំចងក្រងនូវកេរ្តិ៍មរតកគុនខ្មែរដែលបន្សល់ទុកដោយដូនតាខ្មែររាប់ពាន់ឆ្នាំមកហើយ។ យើងត្រូវប្រាកដថា ការបណ្តុះបណ្តាលនេះត្រូវតែឈរលើភាពច្បាស់លាស់ ក្នុងនាមជាម្ចាស់ក្បាច់គុន។

«មិនត្រឹមតែប៉ុណ្ណោះ វិទ្យាស្ថានបណ្តុះបណ្តាលគុន ខ្មែរបានសហការជាមួយសាកលវិទ្យាល័យ កីឡាចំនួន២ នៅប្រទេសចិន ដោយសាកលវិទ្យាល័យមួយស្ថិតនៅក្នុងខេត្តស៊ីឈាន់ និងនៅខេត្តគ័ងស៊ី ដែលកិច្ចសហការគ្នានេះនឹងផ្តល់កិច្ចសហសិក្សា ដោយអនុញ្ញាតឱ្យសិក្ខាកាម បណ្តុះបណ្តាលនៅកម្ពុជា ហើយអាចបន្តការសិក្សា នៅសាកលវិទ្យាល័យទាំងពីរ នៅប្រទេសចិនបាន។ យើងមានកម្មវិធីសិក្សា ២បូក២ ឬ៣បូក១ ដោយមានន័យថា សិក្សានៅកម្ពុជា២ឆ្នាំ ហើយបន្តសិក្សា២ឆ្នាំនៅចិន ដើម្បីទទួលសញ្ញាបត្រកម្រិតបរិញ្ញាបត្រ នៅប្រទេសចិនតែម្តង។ យើងក៏មានផែនការបន្តដល់ថ្នាក់អនុបណ្ឌិត និងបណ្ឌិតកីឡាគុនខ្មែរតែម្តង នាថ្ងៃអនាគត»។

ជាមួយគ្នានេះ លោក លីវ អឺលី (Liu Erli) ប្រធានវិទ្យា ស្ថានបណ្តុះបណ្តាលគុនខ្មែរថ្លែងដែរថា ថ្ងៃនេះលោកពិតជាមាន កិត្តិយស ដែលបានមានវត្តមាននៅទីនេះដើម្បីប្រកាសជាផ្លូវការថា វិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរ។ បេតិកភណ្ឌវប្បធម៌គឺជាទំនួលខុសត្រូវ របស់ប្រជាជាតិ។ ក្បាច់គុនខ្មែរ គឺជាមរតកដ៏រស់រវើកនៃអរិយធម៌ សហសវត្សរបស់ប្រទេសកម្ពុជា ដែលបង្កប់នូវប្រាជ្ញា និងស្មារតីនៃរាជវង្សអង្គរ។ បេតិកភណ្ឌវប្បធម៌អរូបីជាតិរបស់កម្ពុជា ក្បាច់គុនខ្មែរមិនត្រឹមតែជាកេរមរតកប្រពៃ ណីប៉ុណ្ណោះទេ ថែមទាំងជាផលិតផលដ៏សំខាន់ នៃមុខមាត់ប្រទេសជាតិកម្ពុជាផងដែរ៕
