ភ្នំពេញ ៖ កីឡាករ-កីឡាការិនីជម្រើសជាតិ កីឡាយូដូ ៤ នាក់ និងគ្រូបង្វឹកម្នាក់ នឹងត្រូវចូល រួមព្រឹត្តិការណ៍ ការប្រកួតកីឡា សាកលវិទ្យាល័យ រដូវក្ដៅពិភពលោក លើកទី៣២ ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Rhine-Ruhr ប្រទេសអាល្លឺម៉ង់នាពេលខាងមុខនេះ ខណៈកម្ពុជាបានបញ្ជូនកីឡាចំនួន ៦ ប្រភេទកីឡារួមមានកីឡាតេក្វាន់ដូ WT កីឡាគុនដាវ កីឡាហែលទឹក កីឡាអត្តពលកម្ម កីឡាវាយសី និងកីឡាយូដូ។

លោក ម៉ារ វង្សវិបុល ជាគ្រូបង្វឹកជម្រើសជាតិ បានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍ប្រកួតកីឡា សាកលវិទ្យាល័យរដូវក្ដៅ ពិភពលោកលើកទី៣២ ឆ្នាំ២០២៥ ប្រទេសអាល្លឺម៉ង់ ប្រតិភូកីឡាយូដូកម្ពុជា ទទួលបានការអនុញាតពីក្រសួងអប់រំ យុវជន និងកីឡា ដោយសហព័ន្ធមានកីឡាករ ២ នាក់ និងកីឡាការិនី ២ នាក់ ដឹកនាំដោយគ្រូបង្វឹកម្នាក់ គឺរូបលោក ។ កីឡាករ-កីឡាការិនី ៤នាក់ ដែលគ្រោងនឹងបញ្ជូន ទៅចូល រួមប្រកួតនេះត្រូវបានសម្រិតសម្រាំង ជាអត្តពលិកឆ្នើម ប្រចាំសហព័ន្ធ ដោយត្រូវបានប្រមូលផ្តុំហ្វឹកហាត់យ៉ាងសកម្មអស់រយៈពេល ៥ ខែ បន្ទាប់ពីទទួលដំណឹងពីក្រសួងអប់រំ យុវជន និងកីឡា ។

លោកគ្រូបង្វឹក បានបន្ថែមថា ការប្រកួតកីឡាសាកលវិទ្យាល័យ រដូវក្ដៅពិភពលោក ឆ្នាំ២០២៥ នេះពិតជាមាន សារសំខាន់ ណាស់សម្រាប់ប្រភេទកីឡាយូដូកម្ពុជា ក្នុងការវាស់ស្ទង់ និងបង្កើនគុណភាពបច្ចេកទេសរបស់កីឡាករ-កីឡាការិនីកម្ពុជា ដើម្បីត្រៀមខ្លួនឆ្ពោះទៅចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES លើកទី៣៣ នៅប្រទេសថៃ ដែលគ្រោងនឹងធ្វើឡើង ពីថ្ងៃទី៩ ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៥ ។

គួរបញ្ជាក់ថា ការប្រកួតកីឡាសាកលវិទ្យាល័យ រដូវក្តៅពិភពលោក លើកទី៣២ ឆ្នាំ២០២៥ គ្រោងនឹងធ្វើឡើងពីថ្ងៃទី១៦-២៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Rhine-Ruhr ប្រទេសអាល្លឺម៉ង់ ដែលមានជាង១០០ប្រទេស ចូលរួមមកពីជុំវិញ ពិភពលោក ខណៈដោយកម្ពុជាត្រៀមបញ្ជូនប្រតិភូកីឡា ៣៤ រូបលើ៦ប្រភេទកីឡា ដូចជា គុនដាវ អត្តពលកម្ម ហែលទឹក យូដូ វាយសី និងតេក្វាន់ដូ WT ។

កីឡាសាកលវិទ្យាល័យរដូវក្ដៅ ពិភពលោក ដឹកនាំក្រោមការ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងប្រធានប្រតិភូ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងអនុប្រធានប្រតិភូ លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួង អយក និងជានាយបេសកកម្មលោក ឈុន ចាន់ធូ អគ្គនាយករង និងនាយរងបេសកកម្ម លោក លោក បឹង គឹមតោ ប្រធាននាយកដ្ឋានសិស្ស និងនិស្សិត អនុប្រធាននាយកដ្ឋាន.រពសក ទទួលបន្ទុករដ្ឋបាល និងលោក ឈឹម សំបឿនប្រធានការិយាល័យកិច្ចការទូទៅ នា.អកសន ទទួលបន្ទុកហិរញ្ញវត្ថុ ៕






