កីឡា

លោកបណ្ឌិត ថោង ខុន អំពាវនាវឲ្យយុវជន សិស្សានុ សិស្ស និងអត្តពលិកទាំងអស់ ចូលរួមអនុវត្ត និងផ្សព្វផ្សាយយុទ្ធនាការជាតិ «យុវជនម្នាក់ចេះកីឡាមួយ ប្រភេទយ៉ាងតិចប្រចាំជីវិត»

ភ្នំពេញ ៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុក ជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធាន គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) អំពាវនាវឲ្យយុវជន សិស្សានុសិស្ស និងអត្តពលិកទាំងអស់ចូលរួមអនុវត្ត និងផ្សព្វផ្សាយយុទ្ធនាការជាតិ «យុវជនម្នាក់ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត» ជាមួយនឹងការបំផុសចលនា «ហាត់ប្រាណ និងលេងកីឡាអស់មួយជីវិត» ដើម្បីទទួលបាន សុខភាពល្អទាំងសុខភាព រាងកាយ ស្មារតី និងបញ្ញាញាណ ក្នុងគោលដៅ អភិវឌ្ឍមូលធនមនុស្ស ប្រកបដោយ គុណភាពខ្ពស់ និងសុខភាពជាលក្ខខណ្ឌ ចាំបាច់មិនអាចខ្វះ បានសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ប្រកបដោយបរិយាបន្ន និងភាពធន ។

លោកបណ្ឌិត ថោង ខុន បានបន្តថា អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងអំពីបញ្ហា អសកម្មជាសកល នៃការធ្វើលំហាត់ប្រាណ និងការលេងកីឡារបស់កុមារ យុវជន និងមនុស្សពេញវ័យ ខណៈលោកបណ្ឌិតបានលើកឡើងក្នុងឱកាសប្រារព្វខួបលើកទី១៣១នៃទិវាអូឡាំពិក (Olympic Day) ឆ្នាំ២០២៥ នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ។

យោងតាមរបាយការណ៍ស្រាវជ្រាវរបស់អង្គការ WHO បានបង្ហាញថា មនុស្សពេញវ័យ ១ នាក់ក្នុងចំណោម ៤ នាក់ និង ៨០ភាគរយ នៃយុវជនមិនបានធ្វើលំហាត់ប្រាណ ឬលេងកីឡាឲ្យបានគ្រប់គ្រាន់តាមកម្រិតអប្បបរមា ដែលត្រូវការសម្រាប់ ទទួលបានសុខភាពល្អនោះទេ។ ដូច្នេះហើយ ទើបគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានយកឱកាស នៃវេទិកាប្រារព្វពិធីអបអរសាទរ ខួបលើកទី១៣១ នៃទិវាអូឡាំពិក ឆ្នំា២០២៥ នៅទូទាំងពិភពលោកនេះ ដើម្បីគាំទ្រដល់បេសកកម្មរបស់អង្គការ WHO ក្នុងការបំផុសស្មារតី ហាត់ប្រាណ ឬលេងកីឡាយ៉ាងតិច ១ម៉ោង ក្នុង ១ថ្ងៃ សម្រាប់កុមារ និងយុវជន និង៤៥នាទី ក្នុង ១ថ្ងៃ សម្រាប់មនុស្សពេញវ័យ នៅទូទាំងពិភពលោកឱ្យមានទម្លាប់ហាត់ប្រាណ និងលេងកីឡាជាប្រចាំ ដើម្បីលើកកម្ពស់សុខុមាលភាព។

ប្រធាន NOCC បានបន្ថែមថា ថ្ងៃនេះ ជាថ្ងៃពិសេស សម្រាប់ចលនាអូឡាំពិកកម្ពុជា ក៏ដូចជាចលនាអូឡាំពិក ទូទាំងពិភពលោក ក្នុងការប្រារព្វខួបលើកទី១៣១ នៃទិវាអូឡាំពិក ដើម្បីរម្លឹកអំពីការបង្កើតចលនាអូឡាំពិកសម័យទំនើប (២៣ មិថុនា ១៨៩៤-២៣ មិថុនា ២០២៥) ដែលផ្តួចផ្តើមបង្កើតឡើងវិញដោយស្ថាបនិកជនជាតិបារាំង គឺលោក Pierre de Coubertin។ ពិធីអបអរសាទរខួបលើកទី១៣១ នៃទិវាអូឡាំពិក ឆ្នំា២០២៥ នេះរៀបចំឡើងក្រោមមូលបទ «ធ្វើចលនាទាំងអស់គ្នា-Let’s Move» ជាមួយយុទ្ធនាការជាតិ «យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត» ដែលបានដាក់ចេញនៅក្នុងយុទ្ធបញ្ចកោណដំណាក់ទី១របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយថាមពល របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

សម្រាប់ការប្រារព្វខួបលើកទី១៣១ នៃទិវាអូឡាំពិក ឆ្នំា២០២៥ នាពេលនេះ ក៏មានការចូលរួមពីអត្តពលិកអូឡាំពិក (Olympian) មួយចំនួនផងដែរ ដែលសិស្សានុសិស្ស និងអត្តពលិកទាំងអស់ទើប តែបានស្តាប់នូវការចែករំលែក អំពីឧត្តមានុវត្ត និងបទពិសោធន៍ល្អៗនូវការបំផុសស្មារតី និង ការចងចាំ ដែលមិនអាចបំភ្លេចបានរបស់អត្តពលិក អូឡាំពិកក្នុងការ ចូលរួមការប្រកួតកីឡា អូឡាំពិកនៅក្នុងកម្មវិធី វេទិកាអត្តពលិកជាតិ ដែលបានធ្វើឡើងក្នុងថ្ងៃ ជាមួយគ្នានេះ។

លោកបណ្ឌិត ថោង ខុន ក៏បានអំពាវនាវឲ្យយុវជន សិស្សានុសិស្ស និងអត្តពលិកទាំងអស់ចូលរួមអនុវត្ត និងផ្សព្វផ្សាយ យុទ្ធនាការជាតិ «យុវជនម្នាក់ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត» ជាមួយនឹងការបំផុសចលនា «ហាត់ប្រាណ និងលេងកីឡាអស់មួយជីវិត» ដើម្បីទទួលបាន សុខភាពល្អទាំងសុខភាព រាងកាយ ស្មារតី និងបញ្ញាញាណ ក្នុងគោលដៅ អភិវឌ្ឍមូលធនមនុស្ស ប្រកបដោយ គុណភាពខ្ពស់ និងសុខភាព ដែលជាលក្ខខណ្ឌចាំបាច់ មិនអាចខ្វះបានសម្រាប់ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ប្រកបដោយបរិយាបន្ន និង ភាពធន ក៏ដូចជាបង្កើតមូលដ្ឋាន អត្តពលិក យុវជនថ្នាលប្រកបដោយ គុណវុឌ្ឍនដើម្បីឈានឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី និងកីឡាយុវជនអាស៊ី ប៉ារ៉ាហ្គេម ឆ្នាំ២០២៩ នៅកម្ពុជា៕

Most Popular

To Top