ភ្នំពេញ ៖នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ លោក ផាន់ វណ្ណរ័ត្ន អនុប្រធានទី១ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានលើកឡើងថា កក្តាដែលកម្ពុជា ទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ ជាលើកទី២ ឆ្នាំ២០២៥ ក្រៅពីការប្រកួតប្រជែងមេដាយ ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាពមិត្តក្នុងតំបន់អាស៊ាន ជាមួយនឹងការបង្ហាញ ពីសិល្ប: វប្បធម៌ដ៏ល្អផូរផងរបស់ជាតិ ព្រមទាំងស្រូបទាញទេសចរណ៍ តាមរយៈអត្តពលិកអន្តរជាតិ មកចូលរួមផងដែរ ។

ការលើកឡើងរបស់លោក ផាន់ វណ្ណរ័ត្ន ប្រធានគណៈកម្មការរៀបចំការប្រកួតបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ស្តីពីការធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ពីថ្ងៃទី២៧-៣០ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ។

លោក ផាន់ វណ្ណរ័ត្ន បានគូសបញ្ជាក់ថា ការទទួលធ្វើម្ចាស់ផ្ទះរបស់កម្ពុជា សម្រាប់ព្រឹត្តិការណ៍ប្រកួតតេក្វាន់ដូ ITF នេះ មិនមែនត្រឹមតែជាការប្រកួតកម្រិតអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែយើងមានគោលដៅរៀបចំឈានដល់កម្រិតអាស៊ីថែមទៀតផង នាពេលខាងមុខ ។ មានន័យថា យើងទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រកួតធំៗយើងចង់បង្ហាញ និងផ្សព្វផ្សាយទៅ កាន់អន្តរជាតិថា កម្ពុជាក្រោមម្លាប់សុខសន្តិភាព មានការរីកចម្រើន និងមានសុវត្ថិភាពដល់ភ្ញៀវ ទេសចរមកកម្សាន្ត ដោយគ្មានក្តីបារម្ភ ។

លោកអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានបញ្ជាក់ទៀតថា ការប្រកួតតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី២ ដែលដំណើររយៈពេល៣ថ្ងៃនេះ មាន៧ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមកចូលរួមនេះ សុទ្ធសឹងជាកីឡាករកីឡាការិនី លំដាប់កំពូល របស់ប្រទេសគេ ខណៈកីឡាករកម្ពុជា ក៏យើងបានជ្រើសរើសកីឡាករ កីឡាការិនីខ្លាំងៗ និងកំពូលដូចគ្នា ។ ការប្រកួតនីមួយៗ ប្រទេសដែលចូលរួមសុទ្ធសឹង តែចង់ឈ្នះមេដាយ នាំយកទៅប្រទេសគេវិញ ដើម្បីកេរ្តិ៍ឈ្មោះ និងមុខមាត់ប្រទេស ។

លោក បួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានបញ្ជាក់ដែរថា ការប្រកួតដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះលើកទី២នេះ គឺមានកម្រិតខ្ពស់ជាងការរៀបចំលើកទី១ មានន័យថា ការប្រកួតលើកទី២នេះ កីឡាករ កីឡាការិនីបានចុះឈ្មោះទៅតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាប្រព័ន្ធថ្មី របស់សហព័ន្ធអន្តរជាតិ ហើយកីឡាករកីឡាការិនី ចុះឈ្មោះក្នុងប្រព័ន្ធនេះហើយ គ្រប់ទិន្ន័យប្រកួតទាំងអស់ គឺបានបង្ហាញនៅលើកញ្ចក់ទូរទស្សន៍។ ដូច្នេះ ក្នុងការកាត់សេចក្តីនីមួយៗ គ្រប់ភាគីទាំង អស់មានសិទ្ធិតរ៉ា ក្នុងករណីការឱ្យពិន្ទុខុស ឬធ្វើខុសលក្ខន្តិកៈ បច្ចេកទេសណាមួយ ។

លោកអគ្គលេខាធិការបន្ថែមថា សម្រាប់ការប្រកួតនេះ អ្វីដែលយើងអះអាងថា ជាការប្រកួតកម្រិតខ្ពស់នោះ ព្រោះគ្រប់ប្រទេសគឺសុទ្ធតែបានបញ្ជូនចៅក្រមអាជ្ញាកណ្តាលគេមកចូលរួម មានន័យថា ចៅក្រមអាជ្ញាកណ្តាលទាំងនេះ សុទ្ធសឹងមានសញ្ញាប័តកម្រិតខ្ពស់ កម្រិត A របស់សហព័ន្ធអន្តរជាតិ។

ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី២នេះ នឹងត្រូវដំណើរការរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៨-៣០ ខែមិថុនា ឆ្នាំ២០២៥ ដោយមានប្រទេសចូលរួមចំនួន ៧ប្រទេសរួមមាន៖ ម្ចាស់ផ្ទះកម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបូរី វៀតណាម និងកូរ៉េខាងជើង៕
ដោយ៖លី ភីលីព
