ភ្នំពេញ៖ ក្រុមបាល់ទាត់ KMN FC បានគ្រង់តំណែងជើងឯកនៃការប្រកួតកីឡាមហាជនជ្រើសរើសជើងឯករាជធានីភ្នំពេញ ឆាំ្ន២០២៥ បន្ទាប់ពីក្រុមនេះបានយកឈ្នះលើកក្រុមបាល់ទាត់ វិទ្យាល័យជាស៊ីមជ្រោយចង្វារ ដោយប៉េណាល់ទីក្នុងលទ្ធផលបច្ចេកទេស ៨ ទល់នឹង ៧ នៅផ្តាច់ព្រ័ត្រ នៅទីលានបាល់ទាត់វិទ្យាល័យ ជាស៊ីម បឹងកេងកង។

លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកឡារាជធានីភ្នំពេញតំណាងឲ្យលោក ហែម ស៊ីណារ៉េតប្រធានមន្ទីរអប់រំ យុវជន និងកឡារាជធានីភ្នំពេញនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២៥ បានអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯករាជធានីភ្នំពេញ ឆាំ្ន២០២៥ នៅទីលានបាល់ទាត់វិទ្យាល័យ ជាស៊ីម បឹងកេងកង។

លោក អ៊ុក ចន្ថា បានមានប្រសាសន៍ថា សូមថ្លែងអំណរគុណ និង កោតសរសើរដោយស្មោះចំពោះប្រតិភូដឹកនាំក្រុមកីឡាបានខិតខំបង្កើតក្រុម ដើម្បីចូលរួមប្រកួតជើងឯកនាពេលនេះជាកាយវិការ និងការចូលរួមដោយស្មោះក្នុងការកសាង និងអភិវឌ្ឍវិស័យកីឡានៅរាជធានីភ្នំពេញ និងជំរុញដល់យុវជនមហាជនឲ្យចូលរួមហាត់ និងលេងកីឡាទៅតាមប្រភេទដែលពួកគេចូលចិត្ត និងចូលរួមកាត់បន្ថយនូវអំពើឧបាយមុខមាននៅក្នុងសង្គមជាតិ។ មួយវិញទៀត ការហាត់ និងលេងកីឡា ជាកត្តាចាំបាចដែលនាំមកនូវ ការស្គាល់ យល់គ្នា និងស្រលាញ់ចូលចិត្តគ្នាទៅវិញទៅមក ធ្វើឲ្យសង្គមជាតិយើង មានការឯកភាព និងសាមគ្គីភាព ដ៏រឹងមាំ ក្នុងការកសាង និងការពារជាតិយើង។

អនុប្រធានមន្ទីរអប់រំ បានបន្តថា ដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡា ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋា ភិបាល ដែលកំពុងឈានឆ្ពោះទៅរកកម្រិតមួយ ឲ្យស្របនិងការវិវត្តន៍ និងការរីកចម្រើនរបស់ប្រទេសជាតិ និងសូមថ្លែងអំណរគុណដល់គណ:កម្មការ គ្រប់ផ្នែក ដូចជា គណ:កម្មការបច្ចេកទេស ទីលាន សន្តិសុខសណ្តាប់ធ្នាប់ សង្គ្រោះ ដែលបានខិតខំអស់ទាំងកំលាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ឲ្យទទួលបានលទ្ធផលនាពេលនេះ។ជាមួយគ្នានេះដែរដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារឆ្លើយតបតាមបរិបទរីកចម្រើនរបស់សង្គមជាតិ។

លោក អ៊ុក ចន្ថា បានបញ្ជាក់ថា យើងត្រូវបង្កើនសកម្មភាពឲ្យបានខ្លាំងក្លាបន្ថែមទៀតដើម្បីពិនិត្យនិងកែលម្អលើគ្រប់ទិដ្ឋភាពពិសេសការងារដឹកនាំ គ្រប់គ្រងតាមវិស័យ ដោយផ្សារភ្ជាប់ជាមួយភាពយុត្តិធម៌ និង សបធម៌ខាងស្មារតី ក្នុងគោលបំណងលើក កម្ពស់ប្រសិទ្ធភាពការងារ ស្របតាមគោលនយោបាយការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ដោយផ្អែកលើការអភិវឌ្ឍន៍នេះ មន្ទីរអប់រំបាននិងកំពុងដំណើរការតាមផែនការយុទ្ធសាស្ត្រកំណែរទម្រង របស់ក្រសួងអប់រំយុវជន និងកីឡា ដោយលែកការងារអប់រំកាយនិងកីឡា បាននិងកំពុងជំរុញការអនុវត្តកាល វិភាគនៅតាមគ្រឹះស្ថានសាធារណ:ឯកជន និងកែសម្រួលមេរៀនឲ្យស្របទៅនិងស្តងដាក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ៕



ដោយ៖ លី ភីលីព
