កីឡា

បិទការប្រកួតកីឡាតេក្វាន់ដូ WT ពានអគ្គកុងស៊ុល​ នៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប នៅខេត្តសៀមរាប

ខេត្តសៀមរាប ៖ លោក យុន លីនណេ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប លោក គង់ សក្ខិដា អគ្គលេខាធិការរង ខេមរសហព័ន្ធតេក្វាន់ដូ លោក KIM SUNGTAI អគ្គស្ថានកុងស៊ុល នៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប (Consul General) និងលោកគ្រូ ឆយ យ៉ុងសុក គ្រូជម្រើសជាតិ តេក្វាន់ដូ WT បានអញ្ជើញចូលរួមពិធីបិទ ការប្រកួតកីឡាតេក្វាន់ដូ WT ពានអគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប នៅខេត្តសៀមរាប នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ។

លោក យុន លីនណេ បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានកិត្តិយស និង មានសេចក្តីសោមនស្សរីករាយ បានចូលរួមក្នុងកម្មវិធីប្រកួតតៃក្វាន់ដូ (Taekwondo)នាពេលនេះ។ ជាមួយគ្នានេះ ខ្ញុំសូមអនុញ្ញាតស្វាគមន៍ យ៉ាងកក់ក្តៅបំផុតចំពោះ ឯកឧត្តម លោក លោកស្រី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្អូនៗកីឡាករ កីឡាការនី និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួម ដោយផ្ទាល់ នៅទីនេះ ដែលញ៉ាំងឱ្យពិធីទាំងមូល កាន់តែមានភាពអធឹកអធម និងពោរពេញទៅដោយ ភាពកក់ក្តៅ និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ។

លោកអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាបបានបន្តថា ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណផងដែរ ចំពោះស្ថានកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំបានរួមចំណែកយ៉ាងសកម្ម ក្នុងការរៀបចំកម្មវិធីនេះឡើង ដើម្បីលើកស្ទួយទំនាក់ទំនង មិត្តភាព តាមរយៈវិស័យវប្បធម៌ អប់រំ និងកីឡា ការរៀបចំកម្មវិធីនេះ គឺពិតជាមានសារៈសំខាន់ សម្រាប់យើងក្នុងការវាយតម្លៃវឌ្ឍនភាព នៃទំនាក់ទំនងសហប្រតិបត្តិការ សាមគ្គីភាព កាលានុវត្តភាព រវាង ប្រទេស និងប្រជាជនកម្ពុជា-កូរ៉េ ។ «កីឡា ផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនទាំងសម្រាប់សុខភាពរាងកាយ និង ប្រាជ្ញាស្មារតី ព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងយុវជន និងយុវជន ឱ្យកាន់តែល្អប្រសើរឡើង ថែមទៀត។ ដូច្នេះយុវជនយើង គប្បីជ្រើសរើសយកការលេង កីឡាទៅតាមជំនាញ និងចំណង់ចំណូលចិត្តរបស់ ខ្លួនហើយត្រូវចៀសឱ្យឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង ការលេងល្បែងស៊ីសង និងការប្រព្រឹត្ត ភាពអសកម្មនានានៅក្នុងសង្គម»។

លោក KIM SUNGTAI អគ្គស្ថានកុងស៊ុល នៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប បានមានប្រសាសន៍ថា ខ្ញុំសូមធ្វើការសម្ដែងអំណរគុណទៅកាន់ អ្នកគ្រូ លោកគ្រូ ដែលបានខិតខំប្រឹងប្រែង បង្ហាត់បង្រៀនតៃក្វាន់ដូតាមតំបន់នីមួយៗ ជាមួយនឹងកីឡាករ-កីឡាការនី ដែលខិតខំប្រឹងប្រឹងរៀន និងហ្វឹកហាត់ តៃក្វាន់ដូ ដើម្បីចូលរួមកម្មវិធីលើកនេះ ជាមួយនឹងលោក លោកស្រី អ្នកនាង កញ្ញា ភ្ញៀវកិត្តិយសដែលមានវត្តមាននៅទីនេះ។ ម្រូវការកីឡាតៃក្វាន់ដូ បានពង្រីកក្រោយពីក្លាយជាកីឡាមួយក្នុងការប្រកួតកីឡាអូឡាំពិចកាលពីឆ្នាំ ២០០០ បច្ចុប្បន្នមានប្រទេស ដែលចុះជាសមាជិកសហព័ន្ធតៃក្វាន់ដូ ពិភពលោក ដែលវាមានចំនួនប្រទេសសមាជិកច្រើនជាង ។

លោកអគ្គស្ថានកុងស៊ុល នៃសាធារណរដ្ឋកូរ៉េ បានបន្តថា ខ្ញុំគិតថារាល់ឆន្ទៈដ៏មោះមុត ដែលកើតមាន តាមរយៈការហ្វឹកហាត់រៀនតៃក្វាន់ដូ ដែលហ្វឹកហាត់ទាំងផ្លូវកាយ និង ផ្លូវចិត្ត វាបានចូលរួមជាចំណែកមួយដ៏ធំ ក្នុងការធ្វើឲ្យប្រទេសកូរ៉េ អាចអភិវឌ្ឍន៍ក្លាយជាប្រទេស oEco មួយបាន, ហើយតាមរយៈការហ្វឹកហាត់ រៀន តៃក្វាន់ដូនេះ មិនត្រឹមតែធ្វើឲ្យអ្នកទាំងអស់គ្នាបានអភិវឌ្ឍន៍តែបុគ្គលទេ ខ្ញុំសង្ឃឹមថាទុកថា វានឹងចូលរួមចំណែក លើការអភិវឌ្ឍន៍ ប្រទេសកម្ពុជា អភិវឌ្ឍន៍ការយល់ដឹងពីវប្បធម៌ នៃប្រទេសទាំងពីរ ហើយនឹងពង្រីកការយល់ដឹងពីតៃក្វាន់ដូ ក្នុងប្រទេសកម្ពុជា ទៀតផងដែរ ៕

Most Popular

To Top