កីឡា

លោក កែវ រ៉េមី ៖ ការប្រកួតនេះជាវេទិកាមួយក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសសមាជិកអាស៊ាន និងប្រទេសដទៃទៀត

ភ្នំពេញ៖ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បណ្ឌិត ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF អាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា លោក Grand Master Professor RI YONG SON ប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF អន្តរជាតិបានអញ្ជើញចូលរួមពិធិបិទព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ ២០២៥ (The 2nd Southeast Asian Taekwondo Championships 2025 ) ជាផ្លូវការ ការប្រកួតរៀបចំដោយសហព័ន្ធកីឡាតេក្វាន់ដូITF កម្ពុជា។សហព័ន្ធកីឡាតេក្វាន់ដូអាយធីអែហ្វកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៧-៣០ ខែមិថុនា ឆ្នាំ២០២៥ នៅ វិមានពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ប្រកបដោយភាពជោគជ័យ ដែលមានការចូលរួម ពីគណៈប្រតិភូ កីឡាករ និងកីឡាការិនី មកពីបណ្តាប្រទេសចំនួន៦ ក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោក កែវ រ៉េមី បានមានប្រសាសន៍ថា ភាពជោគជ័យនៃព្រឹត្តិការណ៍នេះ កើតចេញពីកត្តាសុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងការបន្តដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការប្រកួតប្រជែង កីឡាប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកាមួយក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងការពង្រឹងកិច្ចសហ ប្រតិបត្តិការរវាងបណ្ដាប្រទេសសមាជិកអាស៊ាន និងប្រទេសដទៃទៀត និងដើម្បីពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី សម្រាប់ការចូលរួមប្រកួតកម្រិតទ្វីបអាស៊ី និងអន្តរជាតិ។ កីឡាករ-កីឡាការិនីបានឈ្នះមេដាយត្រូវបន្តប្រឹងប្រែងបន្ថែមទៀត ដើម្បីទទួលបាន មេដាយជាបន្តបន្ទាប់ ហើយចំពោះកីឡាករ កីឡាការិនី ដែលមិនបានឈ្នះ សូមកុំអស់សង្ឃឹម ហើយតែត្រូវ ព្យាយាមខិតខំប្រឹងប្រែងបន្ត ដើម្បីទទួលបានលទ្ធផលល្អប្រសើរសម្រាប់ការប្រកួតលើកក្រោយទៀត។

លោក ផាន់ វណ្ណរ័ត្ន អនុប្រធានទី១ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងជាប្រធានគណៈ កម្មការកណ្ដាលរៀបចំការប្រកួតនេះ បានគូសបញ្ជាក់ថា ការប្រកួតដំណើរការដោយរលូន តាមផែនការបានកំណត់ទុកប្រកបដោយវិន័យ សណ្តាប់ធ្នាប់ សុវត្ថិភាព និងអនាម័យល្អ។ ការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ប្រកបដោយភាពស្មោះត្រង់ វិន័យខ្ពស់ ការគោរពគ្នាទៅវិញទៅមក និងការទទួលស្គាល់លទ្ធផលដោយ យុត្តិធម៌ បានឆ្លុះបញ្ចាំងពីគុណតម្លៃនៃកីឡាតេក្វាន់ដូ ITF។

ចំណែកលោក Ri Yong Son ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អន្តរជាតិ បានសម្តែង ការកោតសរសើរចំពោះការដឹកនាំដ៏ឆ្នើមរបស់លោក កែវ រ៉េមី និងគណៈប្រតិបត្តិសហព័ន្ធក្នុងការរៀបចំ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅបានយ៉ាងរលូន។ លោក Ri Yong Son ក៏បានគូសបញ្ជាក់ការខិតខំប្រឹងប្រែង របស់កីឡាករ កីឡាការិនី ក្នុងការបង្ហាញសមត្ថភាព ទេពកោសល្យ និងការប្ដេជ្ញាចិត្តរបស់ខ្លួននៅលើទីលាន ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ព្រមទាំងវឌ្ឍនភាពនៃកីឡាតេក្វាន់ដូ ITF កម្ពុជា គួរឱ្យកត់សម្គាល់។

ដោយឡែក ចំពោះលទ្ធផលនៃការប្រកួតគឺប្រទេសកម្ពុជាទទួលបានមេដាយសរុបចំនួន ៩០គ្រឿង ក្នុងនោះ មេដាយមាស ៤៨គ្រឿង ប្រាក់ ៣៦គ្រឿង និងសំរឹទ្ធ ៦គ្រឿង ប្រទេសម៉ាឡេស៊ី ទទួលមេដាយសរុប ៥០គ្រឿង មេដាយមាស ១១គ្រឿង ប្រាក់ ១៧គ្រឿង និងមេដាយសំរឹទ្ធ ២២គ្រឿង ប្រទេសវៀតណាម ទទួលបានមេដាយសរុប ៣២គ្រឿង មេដាយមាស ២គ្រឿង ប្រាក់ ៥គ្រឿង និងសំរឹទ្ធ ២៥គ្រឿង ប្រទេសហ៊្វីលីពីនទទួលបានមេដាយសរុប ១៦គ្រឿង មេដាយមាស ២គ្រឿង ប្រាក់ ១គ្រឿង និង សំរឹទ្ធ ១៣គ្រឿង ប្រទេសសិង្ហបុរីទទួលបានមេដាយសរុប ៥គ្រឿង មេដាយមាស ១គ្រឿង ប្រាក់ ២គ្រឿង និងសំរឹទ្ធ ២គ្រឿង និង ប្រទេសឥណ្ឌូណេស៊ីទទួលបានមេដាយសរុប ២គ្រឿង មេដាយមាស ១គ្រឿង និងប្រាក់ ១គ្រឿង៕

ដោយ៖ លី ភីលីព

Most Popular

To Top