កីឡា

លោក ដួង មាសចំរើន ជួបសំណេះសំណាល និងប្រគល់សម្ភារៈកីឡាដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ- កីឡាការិនីជម្រើសជាតិឈុតធំ និងជាតិថ្នាល

ភ្នំពេញ៖ លោក ដួង មាសចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា និងជាប្រធានសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្តនាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានជួបសំណេះសំណាល និងប្រគល់សម្ភារៈកីឡាដល់គ្រូបង្វឹក គ្រូជំនួយ កីឡាករ- កីឡាការិនីជម្រើសជាតិឈុតធំ និងក្រុមកីឡាករ- កីឡាការិនីជម្រើសជាតិថ្នាលនៅសាលប្រជុំនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជនក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក បូរ ពុធរាត្រី អគ្គលេខាធិការសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត បានប្រាប់ឲ្យដឹងថា ថ្ងៃនេះប្រធានសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្តសំណេះសំណាល និងប្រគល់សម្ភារៈកីឡាដល់កីឡាករ- កីឡាការិនីជម្រើសជាតិឈុតធំ និងក្រុមកីឡាករ- កីឡាការិនីជម្រើសជាតិថ្នាលដែលជាអំណោយរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាតាមរយៈលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា។

លោកអគ្គលេខាធិការសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្តបានបន្តថា ស្បែកជើងហ្វឹកហាត់នេះក្រោមការឧបត្ថម្ភពីហាងលក់សម្ភារកីឡា Decathlon ដើម្បីជួយដល់ក្រុមកីឡាករ- កីឡាការិនីជម្រើសជាតិឈុតធំ និងក្រុមកីឡាករ- កីឡាការិនីជម្រើសជាតិថ្នាលក្នុងការត្រៀមការប្រកួតកម្រិតអន្តរជាតិនានឆ្នាំ២០២៥ នេះ ដូចជាព្រឹត្តិការណ៍ ការប្រកួតកីឡា សាកលវិទ្យាល័យ រដូវក្ដៅពិភពលោក លើកទី៣២ ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Rhine-Ruhr ប្រទេសអាល្លឺម៉ង់។

ព្រឹត្តិការណ៍ការប្រកួតកីឡាយុវជនជើងឯកអាស៊ី នៅប្រទេសបារ៉ែន នាខែតុលា ឆ្នាំ២០២៥ និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME លើកទី៣៣ ឆ្នាំ២០២៥ ដែលប្រព្រឹត្តិចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃនាពេលខាងមុខនេះ៕

ដោយ៖លី ភីលីព

Most Popular

To Top