ភ្នំពេញ ៖ លោកបណ្ឌសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នៅស្តីទីក្រសួងអប់រំ យុវជន និងកីឡា បានជួបសំណេះសំណាល ជាមួយប្រតិភូកីឡានិស្សិតកម្ពុជា ចូលរួមការប្រកួតកីឡា សាកលវិទ្យាល័យរដូវក្តៅ ពិភពលោកលើកទី៣២ ឆ្នាំ២០២៥ នៅទីក្រុង Rhine-Ruhr ប្រទេសអាល្លឺម៉ង់នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ។

លោកបណ្ឌសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា សូមចូលរួមអបអរសាទរដល់ប្រតិភូកីឡានិស្សិត ដែលមានឱកាសចូលរួមការប្រកួតកីឡានិស្សិត កម្រិតពិភពលោក នាឱកាសនេះ ហើយការចូលរួមនេះ ជាមោទនភាពបំផុត ដែលតំណាងឱ្យនិស្សិត របស់កម្ពុជាលើឆាកអន្តរជាតិ ។ ការប្រកួតកីឡានិស្សិតនេះ ស្ថិតក្រោមការរៀបចំ ចាត់ចែង របស់សហព័ន្ធកីឡា សាកលវិទ្យាល័យអន្តរជាតិ (FISU) រៀងរាល់២ ឆ្នាំម្តង ដោយប្តូរវេនរវាងប្រទេស ក្នុងលើសកលលោក ដោយតម្រូវឲ្យមានការចូលរួមរបស់និស្សិត ប្រទេសលើសកលលោក និង ត្រូវតែជានិស្សិតរៀនពេញម៉ោង និងមាន អាយុមិនក្រោម ១៨ និងមិនលើស ២៥ ឆ្នាំ។

រដ្ឋមន្ត្រីក្រសួងអប់រំបានបន្តថា ការប្រកួតធ្វើឡើង ក្នុងគោលបំណងដើម្បីលើកកម្ពស់កីឡាអន្តរជាតិក្នុងចំណោមនិស្សិត៖ កីឡាករ កីឡាការិនី មកពីជុំវិញពិភពលោក ចូលរួមប្រកួតប្រជែង ក្នុងស្មារតីមិត្តភាព ការគោរព និងការលេងដោយយុត្តិធម៌ និងជំរុញការរួបរួមជាសាកល និង ការផ្លាស់ប្តូរវប្បធម៌ ក្នុងចំណោមយុវជនតាមរយៈកីឡា ។ គាំទ្រ ដល់ការអភិវឌ្ឍន៍កីឡា សាកលវិទ្យាល័យ ផ្តល់វេទិកាសម្រាប់និស្សិត អត្តពលិក ដើម្បីប្រកួតប្រជែង ក្នុងកម្រិតវរជន ដែលជារឿយៗ បម្រើជាស្ពាន ទៅកាន់ការ ប្រកួតប្រជែង កម្រិតអាជីព ឬអូឡាំពិក និងលើកទឹកចិត្ត ឲ្យសាកលវិទ្យាល័យ វិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធកីឡា ការបង្វឹក និងកម្មវិធីកីឡា ។
លើសពីនេះទៀត ទោះបីកម្ពុជាមិនទាន់មានលទ្ធភាព គ្រប់គ្រាន់ក្នុងការរៀបចំកីឡា និស្សិតកម្រិតពិភពលោកនេះក៏ពិតមែន ប៉ុន្តែកម្ពុជាយើង បានរៀបចំព្រឹត្តិរណ៍កីឡា លក្ខណៈជ្រើសរើសជើង តាមប្រភេទកីឡា កម្រិតពិភពលោកច្រើន លើកនិងទទួល បានលទ្ធលល្អជាច្រើន ពិសេស ការរៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ២០២៣ ទទួលជោគជ័យដ៏ធំធេង ។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាកំពុងស្នើសុំគោលការណ៍ទៅ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៣ ឆ្នាំ២០២៨ “The 23nd ASEAN University Games” នៅព្រះរាជាណាចក្រកម្ពុជា ផងដែរ។

លោក ប៉ុន សុខ អគ្គនាយកដ្ឋានកីឡាបានប្រាប់ឲ្យដឹងថា កម្ពុជាកីឡាករ-កីឡាការិនីជម្រើសជាតិ កីឡាយូដូ ៤ នាក់ និងគ្រូបង្វឹកម្នាក់ នឹងត្រូវចូល រួមព្រឹត្តិការណ៍ ការប្រកួតកីឡា សាកលវិទ្យាល័យ រដូវក្ដៅពិភពលោក លើកទី៣២ ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Rhine-Ruhr ប្រទេសអាល្លឺម៉ង់ នាពេលខាងមុខនេះ ខណៈកម្ពុជាបានបញ្ជូនកីឡាចំនួន ៦ ប្រភេទកីឡា រួមមានកីឡាតេក្វាន់ដូ WT កីឡាគុនដាវ កីឡាហែលទឹក កីឡាអត្តពលកម្ម កីឡាវាយសី និងកីឡាយូដូ ។

កីឡាសាកលវិទ្យាល័យរដូវក្ដៅ ពិភពលោក ដឹកនាំក្រោមការ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងប្រធានប្រតិភូ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងអនុប្រធានប្រតិភូ លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួង អយក និងជានាយបេសកកម្មលោក ឈុន ចាន់ធូ អគ្គនាយករង និងនាយរងបេសកកម្ម លោក លោក បឹង គឹមតោ ប្រធាននាយកដ្ឋានសិស្ស និងនិស្សិត អនុប្រធាននាយកដ្ឋាន.រពសក ទទួលបន្ទុករដ្ឋបាល និងលោក ឈឹម សំបឿនប្រធានការិយាល័យកិច្ចការទូទៅ នា.អកសន ទទួលបន្ទុកហិរញ្ញវត្ថុ ៕




