ភ្នំពេញ៖ក្រុមបាល់ទាត់ ស.ស.យ.ក ខេត្តកណ្តាល និងក្រុមជើងខ្លាំង ២ ក្រុមទៀតបានដណ្តើមកៅអី ៨ ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ការ ប្រកួតបាល់ទាត់ ពាន់រង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ ក្រោមមូលបទ “ស្មារតីកីឡា ដើម្បីយុវជនសង្គមយើង” ប្រព្រឹត្តទៅក្រោមគំនិតផ្តួចផ្តើម របស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីឲ្យយុវជន នាំលេងកីឡា ក្នុងគោលបំណងបង្កើន ស្មារតីសាមគ្គីភាព មិត្តភាព និងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ។
ការប្រកួតនាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ក្រុមបាល់ទាត់ ស.ស.យ.ក ខេត្តកណ្តាលបានយកឈ្នះលើក្រុមបាល់ទាត់អាវតាប្រកួត ក្នុងលទ្ធផល ៣ ទល់នឹង ២ ក្រុមបាល់ទាត់ អាល់ អះលី អេហ្វីស៊ី បានយកឈ្នះលើក្រុមបាល់ទាត់ ស.ស.យ.ក ដីរីអង្គរ ក្នុងលទ្ធផល ២ទល់នឹង ១ និងក្រុមបាល់ទាត់ ៩៩៩ បានយកឈ្នះនឹងក្រុមបាល់ទាត់ ឌី អាយ ធី លេដេនក្នុងលទ្ធផល ១ ទល់នឹង ០។
ក្រុមជើងខ្លាំង ៣ ក្រុមនេះរួមមាន ក្រុមបាល់ទាត់ ស.ស.យ.ក ខេត្តកណ្តាល ក្រុមបាល់ទាត់ អាល់ អះលី អេហ្វីស៊ី និងក្រុមបាល់ទាត់ ៩៩៩ ។ ក្រុមបាល់ទាត់ គោពិឃាត អេហ្វីស៊ី ប្រកួតនឹងក្រុមបាល់ទាត់ ចំការមនឡាយអិន អេហ្វីស៊ី និងថ្ងៃទី៧ ក្រុមបាល់ទាត់ ក្រពុំកោះដាច់ យូណាយធីតជួបនឹងក្រុមបាល់ទាត់សង្រ្កាន្តវិទ្យាល័យ។
SOCCER LEAGUE បានចូលរួមចំណែក យ៉ាងសកម្ម ជាមួយរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡា ក្នុងការបំផុស ស្មារតីសាមគ្គីភាព ជាពិសេសក្នុងការបង្កើតធនធានមនុស្ស ក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំពីមួយឆ្នាំទៅមួយឆ្នាំ ដោយមិនរើសអើង ពណ៌សម្បុរ សាសនា ឋានៈ បុណ្យស័ក្តិ និង និន្នាការនយោបាយឡើយ ព្រមទាំងជាវេទិកា ផ្តល់ឱកាសដល់យុវជន មកពីគ្រប់ទិស ទីបណ្តារាជធានី-ខេត្ត មានឱកាសក្នុងការបញ្ចេញសមត្ថភាពដោយស្មើភាពគ្នា នៅលើទីលានវាលស្មៅដោយផ្ទាល់ ប្រកបដោយតម្លាភាពផងដែរ ។
ការប្រកួត SOCCER LEAUGE ជារៀងរាល់ឆ្នាំក្នុងគោលបំណងចូលរួមចំណែក លើកស្ទួយវិស័យកីឡាបាល់ទាត់ នៅកម្ពុជា និងដើម្បីពង្រឹងយុវជនឲ្យមានសមត្ថភាព មានស្មារតីសាមគ្គីភាព មានសុខភាពល្អ ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។ អាចនិយាយបានយ៉ាងសាមញ្ញថា SOCCER LEAGUE គឺជាការប្រកួតកីឡាក្នុងមហាគ្រួសារយុវជន ព្រមទាំងជួយបំផុសស្មារតី កីឡាបាល់ទាត់ទាំងផ្នែកបុរស និងនារីឲ្យកាន់តែមានសន្ទុះ និងមានវត្តមានទាំងលើឆាកជាតិ និង អន្តរជាតិជាបន្តបន្ទាប់ ។
ជាពិសេសបំផុសស្មារតីមន្ត្រីរាជការមកពីអង្គភាព ស្ថាប័នខុសៗគ្នា និងវិជ្ជាជីវៈផ្សេងៗគ្នាឲ្យស្រលាញ់ ចូលចិត្តលេងកីឡា ដើម្បីសុខភាព ស្របតាមពាក្យស្លោក «កីឡាសាងមនុស្ស ហើយមនុស្សសាងសង្គម» ដែលជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖លី ភីលីព





