ភ្នំពេញ៖ សហព័ន្ធកីឡាហាប់គីដូកម្ពុជាបានសហការជាមួយសាលាបឋមសិស្សាបាក់ទូក បង្កើតក្លិបកីឡាហាប់គីដូកម្ពុជាសាលាបឋមសិស្សាបាក់ទូក រាជធានីភ្នំពេញ ដែលជាផែនការមេរបស់សហព័ន្ធក្នុងការអភិវឌ្ឍវិស័យកីឡាហាប់គីដូឲ្យមានការរីកចម្រើននាពេលខាងមុខ ស្របពេលឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរ កីឡាហាប់គីដូកម្ពុជាជំរុញការអអភិវឌ្ឍវិស័យធនធានកីឡាករ-កីឡាការិនីហាប់គីដូតាមបណ្តាខេត្តនៅទូទាំងប្រទេស។

លោក សុខ គឹមសួគ៌ នាយកសាលាបឋមសិស្សាបាក់ទូកបានមានប្រសាសន៍ថា រូបលោកពិតជាសប្បាយចិត្តណាស់ដែលសហព័ន្ធកីឡាហាប់គីដូកម្ពុជាក្រោមការដឹកនាំឧកញ៉ា សៅ សេងហាក់បានសហការជាមួយសាលាបឋមសិស្សាបាក់ទូកបង្កើតក្លិបកីឡាហាប់គីដូកម្ពុជាសាលាបឋមសិស្សាបាក់ទូក ដើម្បីឲ្យសិស្សានុសិស្សនៅសាលានេះបានហ្វឹកហាត់ ព្រោះកីឡាលេងកីឡា និងហ្វឹកហាត់ដើម្បីឲ្យមានសុខភាពមាំមួន និងចេះការពារខ្លួន ពិសេសជួយបំផុសស្មារតីសាមគ្គីភាព ។

នាយកសាលាបឋមសិស្សាបាក់ទូកបានបន្តថា លោកបានសម្រេចឲ្យបង្កើតក្លិបកីឡាហាប់គីដូកម្ពុជាសាលាបឋមសិស្សាបាក់ទូកក្នុងគោលបំណងចូលរួមចំណែក លើកស្ទួយវិស័យកីឡា ជាពិសេសកីឡាហាប់គីដូនៅកម្ពុជា និងដើម្បីពង្រឹងសិស្សានុសិស្សឲ្យមានសមត្ថភាព មានស្មារតីសាមគ្គីភាព មានសុខភាពល្អ ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។ ស្របតាមពាក្យស្លោក “កីឡាសាងមនុស្ស ហើយមនុស្សសាងសង្គម” ដែលជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។





ដោយ៖ លី ភីលីព
