កីឡា

ក្រុមអត្តពលិកកីឡា ៥ ប្រភេទរបស់ក្រសួងមហាផ្ទៃមកដល់កម្ពុជា ក្រោយបញ្ចប់ការប្រកួត The 21st World Police and Fire Games នៅអាមេរិក

ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីរបស់ក្រសួងមហាផ្ទៃដែលជាម្ចាស់មេដាយមាស ប្រាក់ និងសំរិទ្ធចំនួនប្រភេទ ៥កីឡា នាយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើមាតុភូមិនិវត្តមកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ ក្រោយបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក (The 21st World Police and Fire Games) លើកទី២១ ឆ្នាំ២០២៥ នៅទីក្រុង Birmingham រដ្ឋ Alabama នៅអាមេរិក។

កីឡាករវាយកូនឃ្លីលើតុ ឃុន ផានិត បានប្រាប់ឲ្យដឹងថា លោកដណ្តើមបានមេដាយមាសលើវិញ្ញាសា ឯកត្តជនបុរស អាយុ៤០ឆ្នាំឡើង ដោយយកឈ្នះកីឡាករប្រេស៊ីល នៅវគ្គផ្តាច់ព្រ័ត្រ ខណៈកីឡាករទួរគី ទទួលបានមេដាយសំរិទ្ធ ។ រីងកីឡាករកីឡាករវាយកូនឃ្លីលើតុកម្ពុជា របស់ក្រសួងមហាផ្ទៃ សឹង តុលា ក៏ដណ្តើមបានមេដាយមាស ១ គ្រឿង ដូចលោកដែរលើវិញ្ញាសា ឯកត្តជនបុរស អាយុ១៨ឆ្នាំឡើង ។ កីឡាករវាយកូនឃ្លីលើតុក្រសួងមហាផ្ទៃ សំណាង វីរៈបុត្រ និងសឹង តុលា ដណ្ដើមបានមេដាយសំរឹទ្ធិ០១គ្រឿងបន្ថែមទៀតលើវិញ្ញាសាគូបុរស អាយុ១៨ឆ្នាំឡើង ។ ក្រុមកីឡាករ-កីឡាការិនីរបស់ក្រសួងមហាផ្ទៃចំនួនប្រភេទ ៥ កីឡារួមមានកីឡាវាយកូនឃ្លីលើតុ ចំបាប់ តេក្វាន់ដូ WT ការ៉េតេ និងយូដូ។ ប្រភេទកីឡាវាយកូនឃ្លីលើតុដណ្តើមបានមេដាយមាស ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ខណៈប្រភេទកីឡា ការ៉េតេ ដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ១ និងមេដាយសំរិទ្ធ ២ គ្រឿង ។ រីឯប្រភេទកីឡា ចំបាប់ ដណ្តើមបានមេដាយមាស ១ គ្រឿង មេដាយប្រាក់ ៥ និងមេដាយសំរិទ្ធ ៤ គ្រឿង ប្រភេទកីឡា តេក្វាន់ដូ WT ដណ្តើមបានមេដាយប្រាក់ ២ និងមេដាយសំរិទ្ធ ២ គ្រឿង និងប្រភេទកីឡា យូដូ ដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ៣ និងមេដាយសំរិទ្ធ ២ គ្រឿង។

កីឡាករការ៉ាតេ ឆេង ច័ន្ទដារ៉ារតនៈ បាននិយាយថា ប្រភេទកីឡា ការ៉េតេ ដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ១ និងមេដាយសំរិទ្ធ ២ គ្រឿង រួមមានកីឡាករ ឆេង ច័ន្ទដារ៉ារតនៈ ដណ្តើមបានមេដាយមាស ១គ្រឿង លើវិញ្ញាសាកាតាឯកត្តជនបុរស និងមេដាយប្រាក់ ១គ្រឿងលើវិញ្ញា សាប្រយុទ្ធឯកត្តជនបុរស ប្រភេទទម្ងន់ ក្រោម ៦៧ គីឡូក្រាម។ កីឡាការិនី ផុន គិនស្រៀង ដណ្តើម បានមេដាយមាស ១ គ្រឿង លើវិញ្ញាសាប្រយុទ្ធឯកត្តជននារី ប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម និងមេដាយសំរិទ្ធ ១ គ្រឿង លើវិញ្ញាសាប្រយុទ្ធក្រុមនារី ។

ចំណែក កីឡាការិនី ស៊ីម ស្រីនីន ដណ្តើមបានមេដាយសំរិទ្ធ លើវិញ្ញាសាប្រយុទ្ធក្រុមនារី និងកីឡាករ កត់ ពិចិត្រ ដណ្តើមបានមេដាយសំរឹទ្ធិ ១គ្រឿងលើវិញ្ញាសាប្រយុទ្ធឯកត្តជនបុរស ប្រភេទទម្ងន់ក្រោម ៧៥ គីឡូក្រាម។ ការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២១ ( the 21st World Police and Fire Games) នៅទីក្រុង Birmingham រដ្ឋ Alabama អាមេរិក ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃបានបញ្ជូនក្រុមកីឡាករ-កីឡាការិនីចំនួន ៩ ប្រភេទកីឡាដូចជាកីឡាវាយសី កីឡាចំបាប់ កីឡា ជឺជិតស៊ូ កីឡាយូដូ កីឡាហែលទឹក កីឡា វាយកូនឃ្លីលើតុ កីឡាការ៉ាតេ កីឡា តេក្វាន់ដូWT និងកីឡាបាល់ទះ៕

ដោយ៖ លី ភីលីព

Most Popular

To Top