កីឡា

ក្រុមអាណាចក្របៃតង និងក្រុមផ្ការីកគ្រប់រដូវ ដឹកដៃគ្នាឡើង ពាក់កណ្តាលផ្តាច់ព្រ័ត្រ ការប្រកួត Soccer League ២០២៥ នៅវគ្គ ៨ ក្រុមចុងក្រោយ

ភ្នំពេញ ៖ ក្រុមបាល់ទាត់ អាណាចក្របៃតង និងក្រុមបាល់ទាត់ ផ្ការីកគ្រប់រដូវ ដឹកដៃគ្នាឡើងពាក់កណ្តាល ផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ការ ប្រកួតបាល់ទាត់ ពាន់រង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ ក្រោមមូលបទ “ស្មារតីកីឡា ដើម្បីយុវជន សង្គមយើង” ក្រោយពីក្រុមទំាង ២ បានយកឈ្នះលើគូប្រកួតរៀងៗខ្លួននៅ ៨ ក្រុមចុងក្រោយ ប្រព្រឹត្តទៅ ក្រោមគំនិតផ្តួចផ្តើម របស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីឲ្យយុវជន នាំលេងកីឡា ក្នុងគោលបំណងបង្កើន ស្មារតីសាមគ្គីភាព មិត្តភាព និងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ។

ចំពោះការប្រកួតវគ្គ៨ ក្រុមចុងក្រោយ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ក្រុមបាល់ទាត់ ស.ស.យ.ក ស្រុកមុខកំពូល បានចាញ់ក្រោមថ្វីជើង ក្រុមបាល់ទាត់ អាណាចក្របៃតង ក្នុងលទ្ធផលបច្ចេកទេស ០ ទល់នឹង ៣ ខណៈ ខណៈក្រុមបាល់ទាត់ ផ្ការីកគ្រប់រដូវបានយកឈ្នះលើក្រុមបាល់ទាត់ ស.ស.យ.ក ខេត្តកណ្តាល ដោយគ្រាប់ប៉េណាល់ទី ៤ ទល់នឹង ១ នៅទីលានបាល់ទាត់ AUPP ។
SOCCER LEAGUE បានចូលរួមចំណែក យ៉ាងសកម្ម ជាមួយរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡា ក្នុងការបំផុស ស្មារតីសាមគ្គីភាព ជាពិសេសក្នុងការបង្កើតធនធានមនុស្ស ក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំពីមួយឆ្នាំទៅមួយឆ្នាំ ដោយមិនរើសអើង ពណ៌សម្បុរ សាសនា ឋានៈ បុណ្យស័ក្តិ និង និន្នាការនយោបាយឡើយ ព្រមទាំងជាវេទិកា ផ្តល់ឱកាសដល់យុវជន មកពីគ្រប់ទិស ទីបណ្តារាជធានី-ខេត្ត មានឱកាសក្នុងការបញ្ចេញសមត្ថភាពដោយស្មើភាពគ្នា នៅលើទីលានវាលស្មៅដោយផ្ទាល់ ប្រកបដោយតម្លាភាពផងដែរ ។

ការប្រកួត SOCCER LEAUGE ជារៀងរាល់ឆ្នាំក្នុងគោលបំណងចូលរួមចំណែក លើកស្ទួយវិស័យកីឡាបាល់ទាត់ នៅកម្ពុជា និងដើម្បីពង្រឹងយុវជនឲ្យមានសមត្ថភាព មានស្មារតីសាមគ្គីភាព មានសុខភាពល្អ ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ។ អាចនិយាយបានយ៉ាងសាមញ្ញថា SOCCER LEAGUE គឺជាការប្រកួតកីឡាក្នុង មហាគ្រួសារយុវជន ព្រមទាំងជួយបំផុសស្មារតី កីឡាបាល់ទាត់ទាំងផ្នែកបុរស និងនារីឲ្យកាន់តែមានសន្ទុះ និងមានវត្តមានទាំងលើឆាកជាតិ និង អន្តរជាតិជាបន្តបន្ទាប់ ។

ជាពិសេសបំផុសស្មារតីមន្ត្រីរាជការមកពីអង្គភាព ស្ថាប័នខុសៗគ្នា និងវិជ្ជាជីវៈផ្សេងៗគ្នាឲ្យស្រលាញ់ ចូលចិត្តលេងកីឡា ដើម្បីសុខភាព ស្របតាមពាក្យស្លោក «កីឡាសាងមនុស្ស ហើយមនុស្សសាងសង្គម» ដែលជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

Most Popular

To Top