កីឡា

ការប្រកួតកីឡាវាយសី ជើងឯកអាស៊ីអាគ្នេយ៍ ចាប់ផ្តើមដំណើការលើវិញ្ញាសាក្រុម

ភ្នំពេញ ៖​ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ការប្រកួតកីឡាវាយសី ជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ ឆ្នាំ២០២៥ ចាប់ផ្តើមដំណើរ ការប្រកួតផ្លូវការ នៅថ្ងទី០៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីលានវាយសី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាថ្ងៃប្រកួតដំបូងលើវិញ្ញាសាវាយជាក្រុម ។

លោក ព្រំ សារ៉ាវុធ អនុប្រធានគ្រប់គ្រងមន្ត្រីអាជ្ញាកណ្តាល បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាវាយសីនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង លើកស្ទួយកីឡាវាយសី ក្នុងតំបន់ និងពង្រឹងមិត្តភាព រវាងប្រទេសនៅអាស៊ីអាគ្នេយ៍ ។ សម្រាប់វគ្គដំបូងនៃការប្រកួត គឺចាប់ផ្តើមប្រកួតវិញ្ញាសា ជាក្រុមប្រទេសនិងប្រទេស លើវិញ្ញាសាក្រុមអាយុក្រោម ២៣ ដោយកម្ពុជា ប៉ះ ក្រុមជម្រើសជាតិទីម័រ, ក្រុមអាយុក្រោម ១៧ ដោយកម្ពុជា ប្រកួតក្រុមមីយ៉ាន់ម៉ា ខណៈក្រុមអាយុក្រោម ១៥ គឺកម្ពុជា ប៉ះក្រុមមីយ៉ាន់ម៉ា ដូចគ្នា ។

លោកបន្ថែមថា ការប្រកួតនេះត្រូវលេងវិលជុំទាំងអស់ សម្រាប់ជុំទី១ ហើយចំពោះការប្រកួតជុំទី២ ក្រុមអត្តពលិកម្ចាស់ផ្ទះកម្ពុជានឹងត្រូវបន្តជួបប្រទេសឡាវ និងប្រទេសព្រុយណេទៀត។ ដូច្នេះហើយទាល់តែឈ្នះភាគច្រើនជាងគេ នៅក្នុងក្រុម គឺជាក្រុមជាប់ជ័យលាភី។ ក្នុងរយៈពេល៣ថ្ងៃដំបូងពីថ្ងៃទី០៧-០៩ ខែកក្កដានេះ គឺជាការប្រកួតសន្សំពិន្ទុនៃក្រុមចម្រុះ ហើយពីថ្ងៃទី០៩-១២ ខែកក្កដានឹងត្រូវប្រកួតលើវិញ្ញាសាឯកត្តជន ។

លោក ព្រំ សារ៉ាវុធ បន្ថែមថា ចំពោះការប្រកួតវាយក្រុមចម្រុះនេះ គឺមាន៥ប្រកួត ហើយប្រសិនបើយើងឈ្នះ៥ប្រកួតគឺយើងមានពិន្ទុកាន់តខ្ពស់ ក្នុងការដណ្តើមជ័យលាភី ហើយប្រសិនបើយើងឈ្នះត្រឹម៣ប្រកួត ហើយចាញ់២ប្រកួត នៅយើងនៅតែមានឱកាសដែរ ប៉ុន្តែបើឈ្នះទាំងអស់គឺយើងមានពិន្ទុខ្ពស់បំផុត។

ការប្រកួតវាយសី ជើងឯកអាស៊ីអាគ្នេយនេះ មាន៥ប្រទេសចូលរួម ម្ចាស់ផ្ទះកម្ពុជា ឡាវ ព្រុយណេ មីយ៉ាន់ម៉ា និងទីម័រខាងកើត ពីថ្ងៃទី០៧-១២ ខែកក្កដា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ជាមួយគ្នានេះ ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បានអញ្ជើញទស្សនាគាំទ្រ លើកទឹកចិត្តដល់ការប្រកួតទាំងអស់ ជាពិសេសផ្តល់កម្លាំងចិត្តដល់កីឡាករ កីឡាការិនីកម្ពុជា ដែលជាម្ចាស់ផ្ទះ៕

Most Popular

To Top