កីឡា

លោក ណយ ផាណា ៖ កីឡាករកាយសម្ព័ន្ធអាទិស្ទិក ៤ នាក់ ទៅហាត់នៅចិន ត្រៀម SEA GAME 33 និងការប្រកួត ការប្រកួតកម្រិយយុវជន

ភ្នំពេញ៖លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានមានប្រសាសន៍ថា សហព័ន្ធ បានបញ្ជូនកីឡាករ កាយសម្ព័ន្ធផ្នែកអាទិស្ទិក ៤ នាក់ទៅធ្វើការហ្វឹកហាត់ បង្កើនគុណភាពបច្ចេកទេសនៅ SHANTOU SPORTS SCHOOL ទីក្រុង SHANTOU ខេត្ត GUNGDONG ប្រទេសចិន ដើម្បីត្រៀមចូលរួមប្រកួតកីឡា SEA GAME 33 នៅប្រទេសថៃនាខែធ្នូ ឆ្នាំ២០២៥ និងការប្រកួតកម្រិយយុវជន តំបន់ និងក្រៅតំបន់ផ្សេងៗនានា ខាងមុខ។

លោក ណយ ផាណា បានលើកឡើង ក្នុងឱកាសលោកជូនដំណើរកីឡាករ ៤ នាក់ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅដល់ទីតាំងហ្វឹកហាត់រយៈវែង នៅសាលាកីឡាជាន់ខ្ពស់ SHANTOU SPORTS SCHOOL ទីក្រុង SHANTOU ខេត្ត GUNGDONG នៅប្រទេសចិន ។

លោកអគ្គលេខាធិការបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូន ជំពោះលោកបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) និងជាប្រធានសហព័ន្ធ កីឡាកាយសម្ព័ន្ធកម្ពុជា តែងតែស្វែងរកការគាំទ្រ ហើយសហព័ន្ធទទួលបានអាហារូបករណ៍ ពីលោកបណ្ឌិត Gordon Tang អនុប្រធាន NOCC ក្នុងការបញ្ជូនកីឡាករអាទិស្ទិក៤នាក់ទៅហ្វឹកហាត់ ចាប់ពីពេលនេះរហូតដល់ដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៥ នៅ SHANTOU SPORTS SCHOOL ទីក្រុង SHANTOU ខេត្ត GUNGDONG សាធារណរដ្ឋប្រជាមានិតចិន។

លោក ណយ ផាណា បន្ថែមថា ក្នុងគម្រោងផែនការ ស្នើសុំអាហារូបករណ៍នេះ គឺដើម្បីពង្រឹងគុណភាពបច្ចេកទេស របស់កីឡាករ២នាក់ ត្រៀមស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៥ ខណៈកីឡាករវ័យជំទង់២នាក់ទៀត គឺហ្វឹកហាត់ត្រៀម ការប្រកួតកម្រិតយុវជន ថ្នាក់តំបន់ និងក្រៅតំបន់ផ្សេងៗ ។ បើយើងពិនិត្យមើលប្រភេទ កីឡាកាយសម្ព័ន្ធ អាទិស្ទិកនេះ គឺមានការលំបាក ប៉ុន្តែមានការកើនឡើង បច្ចេកទេសកាន់តែល្អប្រសើរទទួលយកបាន ហើយប្រសិន បើយើងទទួលបានអាហារូបករណ៍ហ្វឹកហាត់ កាន់តែច្រើនបន្តបន្ទាប់ នៅប្រទេសចិន គុណផលរបស់កីឡាករកាយ សម្ព័ន្ធកម្ពុជានឹងកាន់ តែមានសក្តានុពលផងដែរ ។

ការខិតខំប្រឹងប្រែងការហ្វឹកហាត់នេះ ត្រូវបានលោក ណយ ផាណ សង្កត់ធ្ងន់ថា គឺដើម្បីបង្កើនសិទ្ធផល កីឡាករកម្ពុជា ឱ្យកាន់តែប្រសើរ ខណៈប្រភេទកីឡាកាយសម្ព័ន្ធ ក្នុងតំបន់អាស៊ីអាគ្នេយ៍នេះសុទ្ធតែខ្លាំងៗឆ្លងកាត់វគ្គជម្រុះអូឡាំពិកហ្គេម និងជាប្រទេសដណ្តើម បានមេដាយមាស អូឡាំពិកហ្គេមឯណោះ ។ ដូច្នេះហើយទើបកម្ពុជា ជួបការលំបាកក្នុង ការប្រជែងមេដាយ ក្នុងកម្រិតតំបន់។ ទោះជាលំបាកបែបណាក្តី ក៏ក្នុងនាមអ្នកទទួលបន្ទុក ផ្នែកបច្ចេកទេស របស់កាយសម្ព័ន្ធកម្ពុជា ត្រូវតែខិតខំ ដើម្បីឲ្យធ្វើទៅមុខជានិច្ច បើទោះជាដើរទៅមុខយឺតក្តី ក៏យើងដើរឆ្ពោះទៅមុខជានិច្ច ប្រសើរជាងនៅស្ងៀម ។

កីឡាករកាយសម្ព័ន្ធទាំង៤នាក់ រួមមាន៖ ផុន សុខជា កីឡាករ ទែន វណ្ណដេត កីឡាករ យ៉ន មង្គល និងកីឡាករ រេត លីម៉េង ដោយបេសកកម្មហ្វឹកហាត់នេះ ការចំណាយលើសំបុត្រយន្តហោះ ទៅមកជាបន្ទុករបស់លោកបណ្ឌិត ថោង ខុន ចំពោះការហូបចុក ស្នាក់នៅ និងការចំណាយផ្សេងៗ ជាបន្ទុករបស់លោកបណ្ឌិត Gordon Tang ខណៈប្រាក់ឧបត្ថម្ភប្រចាំ ខែហ្វឹកហាត់នៅក្រៅប្រទេសប្រើប្រាស់ថវិកាឆ្នាំ២០២៥ របស់អង្គភាពថវិកាអគ្គនាយកដ្ឋានកីឡា៕

Most Popular

To Top