វៀតណាម ៖ ក្រុមបាល់ទាត់ក្រសួងមហាផ្ទៃកម្ពុជា បានឡើង វគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រព្រឹត្តិការណ៍ ការប្រកួតកីឡា បាល់ទាត់ នគរបាល តម្រួតនៃប្រទេស ក្នុងតំបន់អាស៊ាន ឆ្នាំ២០២៥ “ASEAN POLICE FOOTBALL OPEN 2025” បន្ទាប់ពីក្រុមនេះបានយកឈ្នះលើ ក្រុមបាល់ទាត់តម្រួតថៃ ដោយលទ្ធផលបច្ចេកទេស ៤ ទល់នឹង ២ ក្នុងពូល A នាងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសវៀតណាម ។

សម្រាប់ក្រុមកីឡាករបាល់ទាត់ ក្រសួងមហាផ្ទៃកម្ពុជា ទទួលបាន ៩ ពិន្ទុពេញ ដោយយកឈ្នះទំាង ៣ ប្រកួតរួមមាន ឈ្នះ ក្រុមបាល់ទាត់តម្រួតវៀតណាម លទ្ធផលបច្ចេកទេស ៤ ទល់នឹង ២ ឈ្នះក្រុមបាល់ទាត់តម្រួតឡាវ លទ្ធផលបច្ចេកទេស ២ ទល់នឹង ១ និងប្រកួតចុងក្រោយឈ្នះលើ ក្រុមបាល់ទាត់តម្រួតថៃ ដោយលទ្ធផលបច្ចេកទេស ៤ ទល់នឹង ២ ។
ក្រុមកីឡាករបាល់ទាត់ ក្រសួងមហាផ្ទៃកម្ពុជា ធ្លាប់បានគ្រងតំណែងជើង រងព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់នគរបាល តម្រួត នៃប្រទេសក្នុង តំបន់អាស៊ាន ឆ្នាំ២០១២ “ASEAN POLICE FOOTBALL OPEN 2012” ក្រោមការដឹកនាំ ដោយលោក ជួន ណារិន្ទ និងលោក សូរ មុនីរតន៍ ។

ការប្រកួតកីឡាបាល់ទាត់នគរបាល តម្រួត នៃប្រទេសក្នុងតំបន់អាស៊ាន ឆ្នាំ២០២៥ “ASEAN POLICE FOOTBALL OPEN 2025” មានក្រុមកីឡាករបាល់ទាត់ មកពីបណ្តាលប្រទេស ចំនួន៧ រួមមានប្រទេសកម្ពុជា ប្រទេសវៀតណាម ប្រទេសថៃ ប្រទេសឡាវ ប្រទេសទីម័រ ឡេស្តេ ប្រទេសសិង្ហបុរី និង ប្រទេសអូស្រ្តាលី ដើម្បីបង្កើនចំណងមិត្តភាព និងស្វាគមន៍ចំពោះការប្រកួតកីឡាបាល់ទាត់នគរបាល តម្រួត នៃបណ្តាប្រទេសក្នុងតំបន់អាស៊ាន ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ ប្រទេសវៀតណាម ។




