ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាវាយសី ជើងឯកអាស៊ីអាគ្នេយ៍ ប្រចាំតំបន់ ឆ្នាំ២០២៥ នៅទីលានវាសសី ពហុកីឡដ្ឋានជាតិមរតកតេជោ បានបិទបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ នេះ ក្រោយដំណើរការប្រកួតយ៉ាងស្វិតស្វាយរយៈពេល៦ថ្ងៃ ខណៈម្ចាស់ផ្ទះកម្ពុជាឈរ នៅចំណាត់ថ្នាក់លេខ២ ឈ្នះមេដាយសរុប ២៨គ្រឿង ក្នុងចំណោម៥ប្រទេស ។

លោក លី កុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងនិងជាប្រធានសហព័ន្ធកីឡា វាយសីកម្ពុជាលើកឡើងថា ព្រឹត្តិការណ៍កីឡាមួយនេះ អាចដំណើរ ការបាន ដោយសារតែមានការឧបត្ថម្ភគាំទ្រថវិកាពីសហព័ន្ធកីឡា វាយសីអន្តរជាតិអាស៊ី និងថវិកាបដិភាគពីសហព័ន្ធកីឡាវាយសីកម្ពុជា ។ ការប្រកួតបានដំណើរ ប្រកបដោយភាពរលូន និងទទួលបានជោគជ័យ ក្រោមម្លប់នៃសន្តិភាព ដោយមានការដឹកនាំពីអគ្គមគ្គុទេសក៍ដ៏ឆ្នើម គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងបន្តវេនដឹកនាំ ប្រកបដោយភាពស្វាហាប់ មោះមុត និងថាមពលរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ន ធ្វើឱ្យកម្ពុជានាំមកនូវសុខសន្តិភាពពេញលេញ ហើយកីឡាជាច្រើនប្រភេទត្រូវបានបង្កើតឡើងពាសពេញទូទាំងប្រទេស រហូតដល់មានពាក្យ ស្លោកមួយឃ្លា នៃស៊ីហ្គេមឆ្នាំ២០២៣ ចែងថា “កីឡារស់ក្នុងសន្តិភាព” ។
ប្រធានសហព័ន្ធមានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡានេះអាចប្រព្រឹត្តទៅបាន ក៏ដោយសារមានការចូលរួមគាំទ្រ ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ។ លោកបានវាយតម្លៃខ្ពស់នូវស្មារតីយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ដូចជា៖ ក្រុមការងារ ធ្វើបដិសណ្ឋារកិច្ច ដឹកជញ្ជូន សន្តិសុខសណ្តាប់ធ្នាប់ សុខាភិបាល អនាម័យ និងក្រុមការងារចាត់តាំងការប្រកួតជាដើម ដែលបានយកអស់ស្មារតីទាំងកម្លាំងកាយ ចិត្តអនុវត្តភារកិច្ចរៀងខ្លួនប្រកបដោយជោគជ័យ ។

លោក លី កុសល គូសបញ្ជាក់ថា ឆ្លងកាត់ការប្រកួតពីថ្ងៃទី០៧-១២ ខែកក្កដា ឆ្នាំ២០២៥ នេះបានបង្ហាញ ឱ្យឃើញថា កីឡាករ កីឡាការិនីទាំងអស់ បានបង្ហាញនូវភាពក្លាហាន ឆន្ទៈមោះមុត ការតាំងចិត្តខ្ពស់ ក្នុងការចូលរួមប្រកួតគ្រប់វិញ្ញាសាយ៉ាងស្វិតស្វាញ ដើម្បីដណ្តើមមេដាយជូនជាតិរៀងៗខ្លួន ។ នៅចុងបញ្ចប់ នៃការប្រកួត គណៈកម្មការបានរកឃើញកីឡាករ កីឡាការិនី ដែលមានទេពកោសល្យខ្ពស់ និងកីឡាករ កីឡាការិនី នៅមានកម្រិតខ្សោយ បានយ៉ាងពិតប្រាកដ តាមរយៈលទ្ធផលជាក់ស្តែង។ «ខ្ញុំសូមចូលរួមអបអរសាទរចំពោះកីឡាករ កីឡាការិនី ដែលទទួលបានជ័យលាភី និងចំពោះកីឡាករ កីឡាការនី ដែលចាញ់ សូមកុំអស់សង្ឃឹមត្រូវតែដកបទពិសោធន៍ ខិតខំពង្រឹង ការហ្វឹកហាត់បន្ថែមទៀត ដើម្បីដណ្តើមយកជ័យជម្នះ នៅពេលអនាគតឱ្យបាន» ។
ព្រឹត្តិការណ៍កីឡា វាយសីនេះ ថ្វីត្បិតបានបញ្ចប់ទៅក៏ពិតមែន ប៉ុន្តែកិច្ចសហការ សាមគ្គីភាព មិត្តភាពដ៏ស្អិតរមួត អនុស្សាវរីយ៍ល្អៗជាច្រើន ដែលសាងឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានបន្សល់ទុក នូវស្នាមញញឹម ភាពរស់រាយរាក់ទាក់ មនោសញ្ចេតនានៃក្តីស្រឡាញ់ រាប់អានដ៏ជ្រាលជ្រៅរវាងកីឡាករ កីឡាការិនី និង ប្រតិភូនៃប្រទេសទាំង៥ ក្នុងសហគមន៍អាស៊ីអាគ្នេយ៍ នៅតែដិតជាប់ ក្នុងអារម្មណ៍របស់យើងទាំងអស់គ្នា ឱ្យចង់ចាំជានិច្ច ទោះបីត្រូវចាកចេញ ទៅប្រទេស រៀងៗខ្លួននៅថ្ងៃស្អែកនេះក៏ដោយ ហើយខ្ញុំសង្ឃឹមថា យើងនឹងអាចបានជួបគ្នាសារជាថ្មីនៅចុង ឆ្នាំ២០២៦ ប្រសិនបើកម្ពុជានឹងត្រូវបានធ្វើជាម្ចាស់ផ្ទះម្តងទៀត ។

លោក លី កុសល ក៏បានថ្លែងអំណរគុណដល់លោក Kim Jong Soo ប្រធានសហព័ន្ធកីឡាវាយសីអាស៊ី និងសហរីទាំងអស់ ដែលបានលះបង់ពេលវេលា និងថវិកាសម្រាប់ឧបត្ថម្ភការប្រកួតមកចូលរួមក្នុងព្រឹត្តិការណ៍នេះ ព្រមទាំងសូមអរគុណដល់ប្រតិភូប្រទេសទាំងបួនមាន ព្រុយណេ ឡាវ មីយ៉ាន់ម៉ា និង ទីម័រខាងកើត ។ លោកកោតសរសើរដល់អត្តពលិកទាំងអស់ ដែលបានបញ្ចេញកាយវិកាជាវិជ្ជមាន ឆ្លុះបញ្ចាំងពីសារសំខាន់នៃអត្តចរិតសីលធម៌ គុណតម្លៃ នៃចលនាស្មារតីអូឡាំពិកបានល្អ ក្នុងការចូលរួមការប្រកួតប្រជែងដោយយុត្តិធម៌ គោរពតាមគោលការណ៍ Fair play ហើយក៏អរគុណដល់ មន្ត្រីបច្ចេកទេសថ្នាក់ជាតិ និងអន្តរជាតិ ដែលបានបំពេញ តួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការវិនិច្ឆ័យគ្រប់វិញ្ញាសា នៃការប្រកួតស្របតាមបទបញ្ញត្តិ បទបញ្ជានៃការប្រកួតអន្តរជាតិផងដែរ។
លទ្ធផលបច្ចេកទេស រួមមាន៖ មីយ៉ាន់ម៉ា ឈរនៅលេខ១ មេដាយសរុប ២២គ្រឿង (មាស ១២ ប្រាក់៣ និងសំរឹទ្ធ ៧), ម្ចាស់ផ្ទះកម្ពុជា លេខ២ មេដាយសរុប ២៨គ្រឿង (មាស ៥ ប្រាក់ ១២ និងសំរឹទ្ធ ១១), ឡាវ លេខ៣ មេដាយមាស ១ ប្រាក់ ៣ និងសំរឹទ្ធ ៧, ទីម័រខាងកើត មេដាយសំរឹទ្ធ ៥ និងព្រុយណេ មេដាយសំរឹទ្ធ ៤គ្រឿង ៕
