កីឡា

លោក ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់​ ចំពោះគណៈកម្មការ រៀបចំការប្រកួត លោកគ្រូ អ្នកគ្រូបង្វិក និងអត្តពលិកទំាងអស់ចូលរួមពានរង្វាន់ Soccer League ឆ្នាំនេះ

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងលោកអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកគ្រប់គ្រង និងរៀបចំពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នារសៀលថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២៥ ។

លោកអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកគ្រប់គ្រង និងរៀបចំពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ ដោយបានទទួលពាក្យចូលរួមការប្រកួតមានចំនួន ៦៣ ក្រុម ក្នុងនោះក្រុមបុរស មានចំនួន ៥៦ ក្រុម និងក្រុមនារីមានចំនួន ៧ក្រុម។ គណៈកម្មាការរៀបចំការប្រកួតពានរង្វាន់ Soccer League បានកោតសរសើរ ចំពោះក្រុមកីឡាករនីមួយៗ ដោយបានគោរពគោលការ បទបញ្ជា កតិកាប្រកួតប្រកបដោយការទទួលខុសត្រូវខ្ពស់ ។
ជាមួយគ្នានេះលោកក៏បានគូសបញ្ជាក់ផងដែរថា ការប្រកួតពានរង្វាន់ Soccer League ក៏បានផ្សារភ្ជាប់ការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ រវាង UYFC All Stars និងផ្ការីកគ្រប់រដូវ ក្រោមមូលបទ «ស្មារតីដើម្បីយុវជនសង្គមយើងសម្រាប់កុមារ» ផងដែរ។

លោក ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការប្រកួត លោកគ្រូ អ្នកគ្រូបង្វិក ជាពិសេសកីឡាករ កីឡាការិនី ដែលបានខិតខំប្រឹងប្រែង ហ្វិកហាត់សមត្ថភាពដើម្បីទទួលបានជ័យជំនះក្នុងការប្រកួតនីមួយៗ។ ឯកឧត្តមបានបន្តថា ការប្រកួតពានរង្វាន់ Soccer League បានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១៣ រហូតមកដល់ពេលបច្ចុប្បន្ននេះ មានការរីកលូតលាស់ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយមានក្រុមកីឡាករ និងកីឡាការិនីកើនឡើនជាបន្តបន្ទាប់។

ជាមួយគ្នានេះ លោកក៏បានបន្តទៀតថា គោលបំណងនៃការរៀបចំការប្រកួតនេះ គឺនាំមកនូវការជួបជុំគ្នាក្នុងស្មារតីតែមួយ ក្នុងនាមជាមហាគ្រួសារខ្មែរ។ លោកបានថ្លែងអំណរយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មការរៀបចំ មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងរក្សាសណ្តាប់ធ្នាប់ ក្រុមការងារ យុវជនស្ម័គ្រចិត្ត សិល្បៈករ សល្បៈការិនី ក៏ដូចជាដៃគូសហការ ឧបត្ថម្ភទាំងអស់ដែលបានចូលរួមចំណែក ទាំងកម្លាំងកាយ ចិត្ត និងសម្ភារៈក្នុងការរៀបចំការប្រកួតនាពេលនេះ។

ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ Soccer League បានបញ្ចប់ទៅយ៉ាងរលូន និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយនៅវគ្គផ្តាច់ព្រ័តនេះ ក្រុមអណាចក្របៃតង បានយកឈ្នះក្រុមគោពិឃាត អេហ្វស៊ី ដោយលទ្ធផល ២-១ ក្លាយជាម្ចាស់ពាន UYFC Soccer League ២០២៥។ ដោយឡែក នៅឆ្នាំនេះ ក៏មានបង្កើត ពានរង្វានផ្នែកនារីផងដែរ ដោយជើងឯកបានទៅលើក្រុម សុភីណា អេហ្វស៊ី ក្រោយផ្តួលគូប្រកួត សមាគមបាល់ទាត់មីស្ទើរលេង ជាមួយលទ្ធផល ២-០៕
ដោយ៖លី ភីលីព

Most Popular

To Top