រដ្ឋ New Jersey ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ភាពតានតឹង បានកើនឡើងតែខ្លាំងរវាងកីឡាករ និងគ្រូបង្វឹក បន្ទាប់ពីក្រុមបាល់ទាត់ PSG ចាញ់ក្រោមថ្វីជើងក្រុមបាល់ទាត់ Chelsea រហូតដល់ ០-៣ នៅវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ការប្រកួត FIFA Club World Cup 2025 ដែលបណ្តាលឲ្យមានជម្លោះ រាងកាយពាក់ព័ន្ធនឹងគ្រូបង្វឹកលោក Luis Enrique ។
បន្ទាប់ពីសំឡេងកញ្ចែចុងក្រោយ ត្រូវបានផ្លុំនៅកីឡដ្ឋាន MetLife ក្នុងរដ្ឋ New Jersey កាលពីថ្ងៃអាទិត្យ ក៏មានការប្រយុទ្ធបានផ្ទុះឡើង រវាងកីឡាករមកពីក្រុមទាំង២តែម្តង ។ គ្រានោះភាពតានតឹងបំផុត ផ្តោតលើជម្លោះរវាងអ្នកចាំទី Gianluigi Donnarumma របស់ PSG (ពណ៌ទឹកក្រូច) ខ្សែការពារ Achraf Hakimi និងខ្សែប្រយុទ្ធ Joao Pedro របស់ Chelsea។
គ្រូបង្វឹកក្រុមបាល់ទាត់ PSG លោក Enrique ដែលមានវត្តមាននៅកន្លែងកើតហេតុ មិនបានព្យាយាមបន្ថយស្ថានការណ៍នោះទេ។ ផ្ទុយទៅវិញ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញហាក់ បានទះមុខកីឡាករ Pedro ហើយរុញគាត់ទៅនឹងដី កាន់តែធ្វើឲ្យមានការប៉ះទង្គិចគ្នាកាន់តែខ្លាំង។
លោក Pedro ដែលជាកីឡាករចំណូលថ្មីរបស់ក្រុមបាល់ទាត់ Chelsea មានតម្លៃខ្លួន ៨២ លានដុល្លារ បានដួលទៅនឹងដី បន្ទាប់ពីលោក Enrique ទះកំផ្លៀងដោយបិទមុខរបស់គាត់ដោយការឈឺចាប់។ ចំណែកChristopher Nkunku របស់ Chelsea និង Romeo Lavia បានធ្វើអន្តរាគមន៍ភ្លាមៗ ដោយការពារមិត្តរួមក្រុមរបស់ពួកគេ និងបញ្ឈប់ Donnarumma ដែលហាក់ដូចជាមានការខកចិត្តកាន់តែខ្លាំង ៕
