ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាហែលទឹក បានបង្ហាញ វត្តមានអ្នកគ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹក ២ រូបរបស់ខ្លួន ទៅចូលរួម ការប្រកួត កីឡាសាកលវិទ្យាល័យរដូវក្តៅពិភពលោក លើកទី៣២ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុង Rhine-Ruhr ប្រទេសអាល្លឺម៉ង់ជាផ្លូវការ ។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់តាមអនឡាញថា ដោយទទួលបានគោលការណ៍ អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា និងការឯកភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី ប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក បានចាត់បញ្ជូនក្រុមជម្រើសជាតិលើប្រភេទកីឡាហែលទឹកចំនួន ៣រូប រួមមានគ្រូបង្វឹក ១រូប កីឡាករ ១រូប និងកីឡាការិនី ១ រូប ចូលរួមការប្រកួតកីឡាសាកលវិទ្យាល័យ រដូវក្តៅពិភពលោក លើកទី៣២ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុង Rhine-Ruhr ប្រទេសអាល្លឺម៉ង់ ។

លោកអគ្គលេខាធិការ បានបន្តថា គ្រូបង្វឹក ១រូប កីឡាករ ១រូប និងកីឡាការិនី ១ រូប រួមមាន កញ្ញា ហែម ថុនវិនី ជាគ្រូបង្វឹក កីឡាការិនី សាក់ប៊ុន ហាលី រ៉ូស និងកីឡាករ មនត្រស ផានសុវណ្ណអារុន បានចេញដំណើរកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ក្រោមដឹកនាំពីណាក់ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោក ឈុន ចាន់ធូ អគ្គនាយករង និងនាយរងបេសកកម្ម លោក ចាប រតនា អនុប្រធាននាយកដ្ឋាន.រពសក ទទួលបន្ទុករដ្ឋបាល និងលោក ឈឹម សំបឿនប្រធានការិយាល័យកិច្ចការទូទៅ នា.អកសន ទទួលបន្ទុកហិរញ្ញវត្ថុ។
