កីឡា

លោក សំ សុខយី ៖ សិក្ខាសាលាគរុកោសល្យគ្រូបង្វឹកតេក្វាន់ដូនឹងជួយជំរុញការអភិវឌ្ឍធនធានមនុស្សកាន់តែប្រសើរ

ភ្នំពេញ៖ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ លោក សំ សុខយី អគ្គលេខាធិការ សមាគមកីឡាតេក្វាន់ដូរាជធានីភ្នំពេញបានលើកឡើងថា ការរៀបចំសិក្ខាសាលាស្តីពីគរុកោសល្យគ្រូបង្វឹកកីឡាតេក្វាន់ដូ រយៈពេល២ថ្ងៃ ថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នឹងជួយជំរុញបន្ថែមដល់ដំណើរការអភិវឌ្ឍធនធានមនុស្សកីឡាតេក្វាន់កាន់តែប្រសើរបន្ថែមទៀត។

លោកអគ្គលេខាធិការបន្ថែមថា ជារៀងរាល់ឆ្នាំ សមាគមតែងតែបានរៀបចំវគ្គបណ្តុះបណ្តាលចំនួនពីរដង ក្នុងមួយឆ្នាំៗ ស្របតាមផែនការអភិវឌ្ឍរបស់ខ្លួន គឺវគ្គអាជ្ញាកណ្តាល និងវគ្គគ្រូបង្វឹក នៅទីតាំងសមាគម ស្ថិតក្នុងវិទ្យាល័យបឹងត្របែក រាជធានីភ្នំពេញ។ ជាក់ស្តែង នៅពេលនេះ សមាគមបានរៀបចំវគ្គសិក្ខាសាលាស្តីអំពីគរុកោសល្យគ្រូបង្វឹកតេក្វាន់ដូ ដោយមានគ្រូឧទ្ទេសចំនួន៦នាក់ ដោយបានចែករំលែកអំពីបទពិសោធន៍ ចំណេះដឹងក្នុងវិស័យកីឡាតេក្វាន់ដូជូនដល់សិក្ខាកាមជាគ្រូបង្វឹកវ័យក្មេង ២៨នាក់ ដែលភាគច្រើននៅក្នុងរាជធានីភ្នំពេញ និងខេត្តមួយចំនួនទៀត។ តាមរយៈវគ្គសិក្ខាសាលាគរុកោសល្យគ្រូបង្វឹករយៈពេលពីរថ្ងៃនេះនឹងជួយជំរុញឱ្យដល់ដំណើរការអភិវឌ្ឍធនធានមនុស្សកីឡាតេក្វាន់ដូ។

លោក សំ សុខយី បានសង្កត់ធ្ងន់ថា នៅក្នុងវគ្គសិក្ខាសាលានេះចែកចេញជាពីរ គឺសម្រាប់សិស្សគុនដែលមានខ្សែក្រវាត់កម្រិតខ្ពស់ៗ ដែលត្រៀមចូលរួមប្រកួតធំៗ ដោយយើងគិតថានឹងមានសារៈសំខាន់សម្រាប់ពួកគាត់ ហើយធ្វើឱ្យពួកគាត់កាន់តែយល់ស៊ីជម្រៅអំពីទម្រង់នៃការប្រកួត បទបញ្ជាការប្រកួតកាន់តែច្បាស់លាស់។ នៅពេលពួកគាត់យកទៅអនុវត្តគឺមានប្រសិទ្ធភាពកាន់តែខ្ពស់ផងដែរ។

ចំណុចសំខាន់មួយទៀត គឺយើងចង់ឱ្យគ្រូបង្វឹកបានស្គាល់កាន់តែច្បាស់នូវអ្វីដែលហៅថាប្រភេទកីឡាតេក្វាន់ដូ មានប្រភពមកពីណា ហើយបច្ចុប្បន្ននេះដំណើរការអភិវឌ្ឍដល់កម្រិតណាហើយ។ ជាមួយគ្នានេះ ក៏គ្រូឧទ្ទេសនឹងចែករំលែកអំពីតិចតែងការ ក្នុងការបង្ហាត់បង្ហាញដល់កីឡាករ កីឡាការិនីរបស់ខ្លួន ព្រមទាំងបង្ហាត់បង្ហាញអំពីក្រមសីលធម៌វិជ្ជាជីវៈ ការអប់រំសីលធម៌ជាដើម ក្នុងនាមជាគ្រូបង្វឹក។ ម្យ៉ាងទៀត ការគោរពវិន័យក៏ត្រូវបញ្ជ្រាបឱ្យគ្រូបង្វឹកទទួលបានក្នុងវគ្គនេះដូចគ្នាផងដែរថាតើ អ្វីជាវិន័យ សម្រាប់ការដឹកនាំបង្វឹកកីឡាករ កីឡាការិនីឱ្យឈានទៅរកគោលដៅច្បាស់លាស់។

បន្ថែមពីលើនេះ លោកអគ្គលេខាធិការសមាគមកីឡាតេក្វាន់ដូរូបនេះឱ្យដឹងទៀតថា យើងក៏នឹងចែករំលែកអំពីការបន្ស៊ីបច្ចេកទេសទៅនឹងឈ្មោះជាភាសាកូរ៉េ តាមរយៈការចែករម្លែកពីគ្រូកូរ៉េឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសផងដែរ៕

ដោយ៖ លី ភីលីព

Most Popular

To Top