កីឡា

សិក្ខាសាលាស្តីពីគរុកោសល្យ​ គ្រូបង្វឹកតេក្វាន់ដូ បានបិទបញ្ចប់ ដោយលទ្ធផលផ្លែផ្កា

ភ្នំពេញ ៖ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ សិក្ខាសាលាស្តីពីគរុកោសល្យគ្រូបង្វឹកកីឡាតេក្វាន់ដូ រយៈពេលពីរថ្ងៃ បានបិទបញ្ចប់ដោយផ្លែផ្កា ក្រោយពីគណៈគ្រប់គ្រងវគ្គបានពិនិត្យ និងវាយតម្លៃយ៉ាងយកចិត្តទុកដាក់ ចំពោះការប្រឹងប្រែងក្រេបជញ្ជក់ យកចំណេះដឹងពីគ្រូឧទ្ទេសប្រកប ដោយឆន្ទៈមោះមុត។

នេះជាការលើកឡើងរបស់ លោក សំ សុខយី អគ្គលេខាធិការ សមាគមកីឡាតេក្វាន់ដូរាជធានីភ្នំពេញ នៅក្នុងឱកាសបិទសិក្ខាសាលា ស្តីពីគរុកោសល្យគ្រូបង្វឹក កីឡាតេក្វាន់ដូ នៅល្ងាចថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២៥នេះ ក្រោមការរៀបចំ របស់សមាគមកីឡាតេក្វាន់ដូរាជធានីភ្នំពេញ ដែលមានទីតាំងនៅបរិវេណវិទ្យាល័យបឹងត្របែក រាជធានីភ្នំពេញ ។

ក្នុងនាមគណៈគ្រប់គ្រងវគ្គ លោក សំ សុខយី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រូឧទ្ទេស ក៏ដូចជាសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងចែករំលែកចំណេះដឹង និងប្រឹងប្រែងរៀនសូត្រស្រូបយកចំណេះជំនាញកីឡាតេក្វាន់ដូ ប្រកបដោយស្មារតីឆន្ទៈមោះមុត ដែលធ្វើឱ្យវគ្គនេះទទួលបានលទ្ធផលជាផ្លែផ្កា។

អគ្គលេខាធិការរូបនេះគូសបញ្ជាក់ថា សិក្ខាសាលានេះផ្តោតសំខាន់លើចំណុចជាច្រើនដូចជា ការចែករំលែកលើប្រវត្តិនៃប្រភេកីឡាតេក្វាន់ដូ កិច្ចការតែងការក្នុងការហ្វឹកហាត់ បច្ចេកទេសក្នុងការកម្តៅសាច់ដុំ ដើម្បីធ្វើយ៉ាងណាឱ្យសិស្សគុនទាំងអស់ហាត់ហើយមិនមានគ្រោះថ្នាក់ មូលដ្ឋានបច្ចេកទេសមានជំហរផ្នែកដៃ ជើង និងការអនុវត្តទម្រង់ផ្សេងៗ ឱ្យបានសមស្រប អនុវត្តលើមេគុន សីលធម៌ និងចិត្តសាស្ត្រ ច្បាប់លក្ខន្តិកៈក្នុងការប្រកួតជាដើម ។ វគ្គនេះមានសិក្ខាកាមចូលរួមចំនួន ២៦នាក់ ជាមន្ត្រីបច្ចេកទេស គ្រូបង្វឹក និងសិស្សគុន ដែលបានដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមយ៉ាងសំខាន់ផុលផុស យកចិត្តទុកដាក់ក្រេបជញ្ជក់យកចំណេះ ដឹងពីគ្រូឧទ្ទេសជាច្រើននាក់។

លោក សំ សុខយី សង្កត់ធ្ងន់ថា ឆ្លងកាត់វគ្គសិក្សានេះ សិក្ខាកាមទាំងអស់ ទទួលបានចំណេះដឹង និងការចែករំលែកបទពិសោធ ពីគ្រូឧទ្ទេស ដើម្បីយកចំណេះដឹងទាំងនេះ ទៅអនុវត្តក្នុងការបង្ហាត់បង្រៀន បន្តដល់សិស្សគុនរបស់ខ្លួន នៅតាមបណ្តាក្លឹប ក៏ដូចជាអាចឈានឆ្ពោះ ទៅដឹកនាំសិស្សគុន ចូលរួមប្រកួត បានគ្រប់ទីលាន ប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិនាពេលខាងមុខ។ ជាមួយគ្នានេះ គ្រូបង្វឹក ដែលចូលរួមក្នុងវគ្គ សិក្ខាសាលាគរុកោសល្យ នេះទទួលបានជំនាញ ក្នុងការប្រឡងឡើងខ្សែក្រវាត់លំដាប់ទី១ដល់លំដាប់ទី៣ជាដើម។ ចាប់ពីដាន់ទី៤ទៅ គឺសិក្ខាកាមនឹងអាចក្លាយជាគ្រូបង្វឹក និងឈានទៅបង្កើតក្លឹបដោយខ្លួនឯង នៅក្នុងកម្រិតដាន់ទី៥ ។ ចំពោះលទ្ធផលនៃការធ្វើតេស្ត រួមមាន៖ សិក្ខាកាមទទួលបាននិទ្ទេសល្អ ២៥% បង្គួរ ៣៥% និងមធ្យម ៤០% ៕

Most Popular

To Top