កីឡា

អ្នកប្រដាល់ជនជាតិឡាវម្នាក់​ ស្លាប់ក្នុងពេលហ្វឹកហាត់ ដោយសារការសម្រកទម្ងន់ខ្លាំងពេក

VN Express

ឡាវ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកប្រដាល់ជនជាតិឡាវ Singfangkhong Petchtawan បានស្លាប់ក្នុងពេលហ្វឹកហាត់ ខណៈរូបលោកកំពុងព្យាយាមសម្រកទម្ងន់ សម្រាប់ការប្រកួតក្នុងកម្មវិធី Thai Fight ដែលជាកម្មវិធីប្រកួតរបស់ប្រទេសថៃ។

អ្នកប្រដាល់ឡាវ  Singfangkhong កំពុងត្រៀមប្រកួតក្នុងប្រភេទទម្ងន់ ៥៦ គីឡូក្រាម ដែលគ្រោងធ្វើនៅថ្ងៃទី២៥ ខែកក្កដា នៅពេលកំពុងហាត់ ស្រាប់តែរូបលោកបានដួល ធ្វើឲ្យឆក់អាណាហ្វីឡាក់ទិចនៅថ្ងៃទី២២ ខែកក្កដា។

យោងតាមគេហទំព័រ Sanook របស់ថៃថា គាត់បានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ប៉ុន្តែបានបាត់បង់ជីវិត ២ ថ្ងៃក្រោយមក។ វេជ្ជបណ្ឌិតបញ្ជាក់ថា មូលហេតុនៃការស្លាប់ គឺជំងឺខ្សោយក្រលៀនស្រួចស្រាវ បណ្តាលមកពីការស្រកទម្ងន់ច្រើនពេក ។

ការសម្រកទម្ងន់ជារឿងធម្មតាសម្រាប់ប្រភេទកីឡាប្រយុទ្ធ ដែលអ្នកប្រដាល់តែងតែខ្សោះជាតិទឹក ដោយសារញើសចេញច្រើនពេក ងូតទឹកក្តៅ ឬសូណាដើម្បីសម្រកទម្ងន់។ បន្ទាប់ពីការថ្លឹងទម្ងន់ ជាធម្មតាពួកគេបញ្ចេញជាតិទឹក ហើយត្រឡប់ទៅទម្ងន់ធម្មតាវិញ ។ ទោះបីជាមានការព្រួយបារម្ភអំពី សុខភាពក៏ដោយ ក៏ការអនុវត្តទាំងនេះនៅតែត្រូវបានទទួលយកយ៉ាង ទូលំទូលាយក្នុងការប្រកួតជាច្រើន ៕

Most Popular

To Top