ភ្នំពេញ ៖ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ សហព័ន្ធខ្មែរហែលទឹក បានបញ្ជូនមន្រ្តីបច្ចេកទេស ឬអាជ្ញាកណ្តាលចំនួន ៣ រូប ដើម្បីធ្វើអាជ្ញាកណ្តាល និងចៅក្រមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹក World aquatic Masters Championship ២០២៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរហែលទឹក និងមន្ត្រីបច្ចេកទេសកម្រិតអន្តរិជាតិ បានប្រាប់តាមអនឡាញឲ្យដឹងថា សហព័ន្ធខ្មែរហែលទឹកបានបញ្ជូនមន្រ្តីបច្ចេកទេសចំនួន ៣ រូបចូលរួមជាអាជ្ញាកណ្តាល និងចៅក្រមការប្រកួតខាងលើនេះរួមមានរូបលោក លោក នាង សូរិទ្ធិយ៉ា គ្រូបង្វឹកជម្រើសជាតិ និងមន្ត្រីបច្ចេកទេសកម្រិតអន្តរិជាតិ និងលោក ឆោម ច័ន្ទថុល គ្រូបង្វឹកក្រុមថ្នាល និងមន្ត្រីបច្ចេកទេសកម្រិតអន្តរិជាតិ។

លោកអគ្គលេខាធិការ សហព័ន្ធខ្មែរហែលទឹក បានបន្តថា សហព័ន្ធហែលទឹកអន្តរជាតិ បានអញ្ជើញមន្រ្តីបច្ចេកទេសកម្ពុជា កម្រិតអន្តរជាតិ ចូលរួមកាត់ក្តីការប្រកួត World aquatic Masters Championship ២០២៥ ដោយសារមន្រ្តីរបស់សហព័ន្ធខ្មែរហែលទឹក ធ្លាប់បានឆ្លងកាត់ការកាត់ក្តីក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME និងការប្រកួតកម្រិតអន្តរជាតិផ្សេងៗទៀត៕
