ភ្នំពេញ ៖ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ព្រលានយានហោះភ្នំពេញអន្តរជាតិ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជូនគ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនី ទូកនាគ ចំនួន ១៥ រូបទៅចូលរួមព្រឹត្តិការណ៍ កីឡាទូកជ្រើសរើសជើងឯក ពិភពលោក ឆ្នាំ២០២៥ (2025 World Games) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុង Chengdu សាធារណរដ្ឋប្រជាមានិតចិន ។

លោក គង់ សុភាព គ្រូជំនួយសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាគូសបានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍កីឡាពិភពលោក ឆ្នាំ២០២៥ (2025 World Games) នេះកម្ពុជាបានបញ្ជូនគ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនី ទូកនាគ ចំនួន ១៥ រូបនៅទីក្រុង Chengdu សាធារណរដ្ឋប្រជាមានិតចិន។ ក្រុមកីឡាទូកនាគកម្ពុជាចូលរួមចំនួន ៦វិញ្ញាសារូមមាន វិញ្ញាសាចម្ងាយ ២០០ ម៉ែត្រ (២ វិញ្ញាសា) វិញ្ញាសាចម្ងាយ ៥០០ ម៉ែត្រ (២ វិញ្ញាសា) និងវិញ្ញាសាចម្ងាយ ២០០០ ម៉ែត្រ (២ វិញ្ញាសា)។

ការប្រកួតខាងលើនេះមានចំនួន ១២ ប្រទេសសុទ្ធសឹងជាប្រទេសដែលបានឆ្លងកាត់ការប្រកួតជម្រុះកាលពីឆ្នាំ២០២៤ ក្នុងនោះកម្ពុជាក៏ជាប់ ចំណាត់ថ្នាក់ ក្នុងចំណោម ១២ ប្រទេសដែរ សហព័ន្ធបានដាក់គោលដៅឆ្ពោះ ទៅរកមេដាយកម្រិត ណាមួយនៅវគ្គផ្ដាច់ព្រ័ត្រឆ្នាំ២០២៥ ឯប្រទេសចិនលើកនេះ។ ចំពោះប្រទេសជាគូប្រជែងក្នុងដំណើមមេដាយនោះ គឺប្រទេសឥណ្ឌូនេស៊ី និងម្ចាស់ផ្ទះ ប្រទេសចិន ។
លោកគ្រូជំនួយសហព័ន្ធ កីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបន្តថា សហព័ន្ធបានផ្ដោតខ្លាំង និងតាមដានជាប់លាប់ លើការហ្វឹកហាត់ វិន័យរបស់កីឡាករ-កីឡាការិនីជានិច្ច។ ការហ្វឹកហាត់មានភាពល្អប្រសើរ និងកើនសមត្ថភាពជាបន្តបន្ទាប់ ស្របពេលការតេស្តសមត្ថភាព កន្លងទៅនេះមើលឃើញថាក្រុមកម្ពុជាមានស្ថិតិនាទី (Record) ល្អឈានដល់កម្រិតទទួល បានមេដាយហើយ ។ ការប្រកួតជើងឯកពិភពលោក (World Games) នៅប្រទេសចិនលើកនេះ លោកសង្ឃឹមជឿជាក់ខ្ពស់លើក្រុមកម្ពុជា បើមិនមានអ្វីប្រែប្រួលនោះ។

រសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអញ្ជើញជួប សំណេះសំណាល និងប្រគល់សម្លៀកបំពាក់ រួមទាំងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ជូនដល់គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ទូកនាគ ចំនួន១៥រូប ត្រៀមទៅចូលរួមព្រឹត្តិការណ៍កីឡាពិភពលោក ឆ្នាំ២០២៥ (2025 World Games) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុង Chengdu សាធារណរដ្ឋប្រជាមានិតចិន ដែលប្រព្រឹត្តទៅនៅសាលប្រជុំអគារមជ្ឈមណ្ឌលកីឡាក្នុងពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ៕


