កីឡា

លោក តែម ម៉ឺន៖ កិច្ចប្រជុំ “សាមគ្គីភាពអូឡាំពិកសម្រាប់ការអភិវឌ្ឍន៍ គម្រោងប្រព័ន្ធកីឡាជាតិ” ជួយដល់អត្តពលិក មានទេពកោសល្យ និងអភិវឌ្ឍន៍បច្ចេកទេស ហាត់ហ្វឺនហ្វឺន

ភ្នំពេញ ៖ លោក តែម ម៉ឺន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និង ប្រធានសហព័ន្ធលើកទម្ងន់កម្ពុជា និងលោក Tom Liaw ប្រធានសហព័ន្ធលើកទម្ងន់សិង្ហបុរី និងអ្នកជំនាញសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥បានអញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំស្ដីពី “សាមគ្គីភាពអូឡាំពិកសម្រាប់ការអភិវឌ្ឍន៍ គម្រោងប្រព័ន្ធកីឡាជាតិ” នៅសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

លោក តែម ម៉ឺន ប្រធានសហព័ន្ធលើកទម្ងន់កម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង បានចូលរួមដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយលោក Tom Liaw ដែលមានរយៈពេល៣ថ្ងៃ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ។
សូមអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សមាជិកក្រុមប្រឹក្សាប្រតិបត្តិ មន្ត្រីគណៈកម្មការជំនាញ និងក្រុមការងារ នៃសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ (IWF) អាស៊ី(AWF) និងអាស៊ីអាគ្នេយ៍(SEAWF) តែងតែឧបត្ថម្ភសម្ភារៈ ស្មារតីដែលមានតម្លៃមិន អាចកាត់ថ្លៃបាន និងជាពិសេសអរគុណ ចំពោះសហព័ន្ធកីឡា លើកទម្ងន់អន្តរជាតិ ដោយបានចាត់លោក Tom Liaw ប្រធានសហព័ន្ធកីឡា លើកទម្ងន់សិង្ហបុរី ដែលជាអ្នកជំនាញ មានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការដឹកនាំ វិស័យកីឡាលើកទម្ងន់ ទាំងឆាកជាតិ និងអន្តរជាតិ រយៈពេល២៤ឆ្នាំកន្លងមកនេះ ។

លោក ប្រធានសហព័ន្ធលើកទម្ងន់កម្ពុជា បានបន្តថា តាមរយៈកិច្ចប្រជុំពិភាក្សា និងបំពេញទស្សនកិច្ចទីតាំងហ្វឹកហាត់ផ្ទាល់ ដែលបានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃកន្លងមកនេះ យើងពិតជាទទួលបាននូវផលប្រយោជន៍ និងភាពវិជ្ជមានជាច្រើន អាចទាញយកមកវិភាគ និងសំយោគក្នុងកិច្ចការអនុវត្តការងាររចនាសម្ព័ន្ធគ្រប់គ្រង ប្រព័ន្ធរដ្ឋបាល ហិរញ្ញវត្ថុ កែលម្អស្ថាប័ន ជ្រើសរើសបុគ្គលិក អត្តពលិកមានទេពកោសល្យ អភិវឌ្ឍន៍បច្ចេកទេសហាត់ហ្វឺនហ្វឺន បំពេញបន្ថែមសម្ភារៈ ការរៀបចំការ ប្រកួត ការប្រាស្រ័យ ទាក់ទង ដែលអាចបង្កើតបានជាផែនទីបង្ហាញផ្លូវសម្រាប់អភិវឌ្ឍសហព័ន្ធឆ្ពោះទៅសម្រេច បានតាមផែនការ យុទ្ធសាស្ត្រ ឆ្នាំ២០២៥-២០២៩ និងសង្ឃឹមយ៉ាងជឿជាក់ថា សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ពិតជាមានការរីកចម្រើនភាពប្រសើរឡើងបន្ថែមទៀតក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងចូលរួមបានច្រើនក្នុង ព្រឹត្តិការណ៍ជាមួយដៃគូក្នុងតំបន់ ទ្វីប និងពិភពលោក ។

លោក តែម ម៉ឺន បានបន្ថែមជាការពិតណាស់កីឡា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងសុខភាពផ្លូវកាយ កែលម្អសុខភាពផ្លូវចិត្ត បង្កើនផលិតភាព កាត់បន្ថយភាពតានតឹង ក្នុងអារម្មណ៍ លើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងគ្រួសារ ។ អ្នកជំនាញ របស់យើងដឹងហើយថា កីឡាលើក ទម្ងន់ជាប្រភេទកីឡាអូឡាំពិក និងមានប្រជាប្រិយភាព ដែលមានប្រទេសចូលរួមចំនួន១៩៣ ដូចនេះរាល់ការ ចូលរួមគឺត្រូវតែមានការប្រកួតប្រជែង គួបផ្សំកាយសម្បទាខ្ពស់ លក្ខណៈបច្ចេកទេស គុណវុធគ្រប់គ្រាន់ មានការប្រុងប្រយ័ត្ន ឆន្ទៈ និងមានស្មារតីទទួលខុសត្រូវ ។

សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា សហព័ន្ធទើបតែបង្កើតថ្មី និង មានរយៈពេល ៨ ឆ្នាំប៉ុណ្ណោះ អាច និយាយបានថា នៅមានការ ខ្វះខាតច្រើននូវលក្ខណៈស្តង់ដារ បច្ចេកទេស ឧបករណ៍ សម្ភារៈ បទពិសោធន៍ ការចែលរំលែក ស្មារតី ការបណ្តុះបណ្តាលគ្រូបង្វឹក អត្តពលិក ការហាត់ហ្វឹកហ្វឺនរយៈពេលខ្លី-វែង ក្នុងនិងក ប្រទេស និងតម្រូវការផ្នែកច្បាប់ផ្សេងៗ ។

ដូចនេះ ខ្ញុំសង្ឃឹមថា លោក Tom Liaw នឹងនាំយកតម្រូវការទាំងលើនេះ លើកសំណើជូនទៅថ្នាក់ដឹកនាំ សហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ សហព័ន្ធកីឡាលើកទម្ងន់អាស៊ី សហព័ន្ធកីឡាលើកទម្ងន់អាស៊ីអាគ្នយ៍ និងដៃគូពាក់ព័ន្ធផ្សេងទៀត ក្នុងគំនិតផ្តួចផ្តើម គាំទ្រកីឡាលើកទម្ងន់កម្ពុជាទទួលបានការស្មើភាព ស្មើមុខ ស្មើ មាត់ និងមានឱកាសយ៉ាងពេញលេញក្នុងគ្រប់ សកម្មភាព កម្មវិធី និងព្រឹត្តិការណ៍នានា ដែលជាមាគ៌ា នាំឲ្យសហព័ន្ធមានភាព កាន់តែលេចធ្លោ និងស្គាល់កាន់តែច្បាស់បន្ថែមទៀតនៅលើ “ឆាកជាតិ និងអន្តរជាតិ”៕

Most Popular

To Top