វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយអាស៊ីអាគ្នេយ៍មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីវៀតណាម បានរងបរាជ័យក្នុងលទ្ធផល ០-៣ នៃការប្រកួតជម្រុះតាមពូលចំនួន ៤ ប្រកួតក្នុងព្រឹត្តិការណ៍កីឡាបាល់ទះនារីក្រោមអាយុ ២១ ឆ្នាំ ជ្រើសរើសជើងឯកពិភពលោក “U21 World Championship” ដែលកំពុងបន្តនៅប្រទេសឥណ្ឌូនេស៊ី ជុំវិញសិទ្ធិរបស់កីឡាការិនី។
កាសែតថៃ Siam Sport បានសរសេរកាលពីថ្ងៃពុធថា សកម្មភាពនេះធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល! សហព័ន្ធបាល់ទះអន្តរជាតិ (FIVB) បានផ្តល់ឲ្យវៀតណាមចាញ់ ០-3 ក្នុងការប្រកួតចំនួន ៤ ប្រកួតទៅវិញ បន្ទាប់ពីកីឡាការិនី ៣ នាក់បានបរាជ័យក្នុងការធ្វើតេស្តភេទ ។
កាលពីយប់ថ្ងៃអង្គារ FIVB បានប្រកាសថា ក្រុមបាល់ទះនារីវៀតណាម ត្រូវបានដាក់ពិន័យពីបទប្រើប្រាស់កីឡាការិនីមិនគ្រប់លក្ខខណ្ឌ ដោយមិនបានបញ្ជាក់អត្តសញ្ញាណ ឬមូលហេតុរបស់អត្តពលិកនោះទេ។ មុននេះ សហព័ន្ធកីឡាបាល់ទះវៀតណាម (VFV) បានពន្យល់ថា កីឡាការិនី Dang Thi Hong និងកីឡាការិនី Nguyen Phuong Quynh បានអវត្តមានក្នុងការប្រកួតវគ្គចែកពូលចុងក្រោយជាមួយព័រតូរីកូ ដោយសារពួកគេត្រូវផ្តល់សំណាកឈាម និងទឹកនោម ដោយបដិសេធថា វាមិនសម្រាប់ការធ្វើតេស្តភេទ។
បើទោះជាយ៉ាងនេះក្តី ប្រព័ន្ធផ្សព្វផ្សាយថៃ បានបន្តផ្តល់យោបល់ថា កីឡាការិនីទាំង ២ នាក់ មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការប្រកួតដោយសារតែហេតុផលយេនឌ័រ សូម្បីតែដកស្រង់សេចក្តីថ្លែងការណ៍ របស់ FIVB ខុសក៏ដោយ។
សារព័ត៌មានថៃ Sanook បានហៅការសម្រេចចិត្តនេះថា ព័ត៌មានសំខាន់ សម្រាប់កីឡាបាល់ទះពិភពលោក។ ភាពចម្រូងចម្រាស ក៏បានរីករាលដាលពាសពេញ សហគមន៍កីឡាបាល់ទះ អនឡាញផងដែរ ។
Volleytrails ជាវេទិកាមួយដែលមានអ្នកតាមដានជាង ១២៧ ,000 នាក់ អ្នកប្រើប្រាស់ហ្វីលីពីនម្នាក់បានប៉ាន់ស្មានបញ្ហានេះថា អាចជាអាយុ មិនមែនភេទ ខណៈអ្នកប្រើប្រាស់ថៃមួយចំនួនបានចោទប្រកាន់ វៀតណាមថា មិនលេងដោយយុត្តិធម៌ ។ អ្នកផ្សេងទៀតបានអំពាវនាវ ឲ្យធ្វើតេស្តយេនឌ័រ របស់កីឡាករឥណ្ឌូនេស៊ី Junaida Santi ដែលនាំមុខគេ ក្នុងវគ្គចែកពូលដោយមាន ៨៦ពិន្ទុនាំមុខ Rejmanova របស់សាធារណរដ្ឋឆេក (៨៥ ពិន្ទុ) និង Hong របស់វៀតណាម (៨៣ ពិន្ទុ) ៕
