ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាហែលទឹកបានប្រកាសរៀបចំវគ្គបណ្តុះបណ្តាល “គ្រូបង្វឹកកីឡាបាល់ទឹក កម្រិត ១” ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការសហព័ន្ធខ្មែរ កីឡាហែលទឹកស្ថិតក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដើម្បីអភិវឌ្ឍវិស័យកីឡាបាល់ទឹក នៅកម្ពុជា ឲ្យរីកចម្រើនទៅមុខ។

លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក បានឲ្យដឹងថា វគ្គបណ្តុះបណ្តាល “គ្រូបង្វឹកកីឡាបាល់ទឹក កម្រិត ១” សហព័ន្ធប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ចំនួន ៣៥ ភាគរយ លើការងារបណ្តុះបណ្តាល ដែលបានផ្តល់មកសហព័ន្ធប្រចាំឆ្នាំ២០២៥ ក្នុងការជំរុញ និងអភិវឌ្ឍវិស័យកីឡាបាល់ទឹកឲ្យរីកមច្រើនកាន់តែខ្លាំងឡើង បន្ទាប់ពីប្រភេទកីឡាបាល់ទឹកកម្ពុជាធ្លាប់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME 2023 ក្នុងនាមម្ចាស់ផ្ទះ។

លោកអគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក បានបន្ថែមទៀតថា ដើម្បីអភិវឌ្ឍវិស័យកីឡាបាល់ទឹក នៅកម្ពុជាឲ្យរីកចម្រើនទៅមុខ ក៏ដូចជាបង្កើន នូវចំនួនធនធាន គ្រូបង្វឹក មានការទទួលស្គាល់ដោយ សហព័ន្ធខ្មែរកីឡា ហែលទឹក ។ សហព័ន្ធខ្មែរកីឡាហែលទឹក នឹងរៀបចំវគ្គបណ្តុះបណ្តាល “គ្រូបង្វឹកកីឡាបាល់ទឹក កម្រិត១” ក្នុងគោលបំណង ដើម្បីពង្រឹង នូវសមត្ថភាព ចំណេះដឹង ក៏ដូចជាបទពិសោធន៍ នឹងបទបង្ហាញបទបញ្ចាបច្ចេកទេសថ្មីៗ កីឡាបាល់ទឹក ដល់សិក្ខាកាមដែលពុំធ្លាប់បានសិក្សា ក៏ដូចជាបង្កើននូវធនធានគ្រូបង្វឹក ដឹកនាំក្រុមត្រៀមចូលរួមការប្រកួតកីឡាបាល់ទឹក រៀបចំឡើងដោយសហព័ន្ធខ្មែរកីឡាហែលទឹក៕



