កីឡា

ក្រុមអត្តពលិកកីឡាតេក្វាន់ដូ WT ឈ្នះ ១២ គ្រឿងនៃការប្រកួតកីឡាតេក្វាន់ដូ WT ជើងឯកអាស៊ីអាគ្នេយ៍លើទី១៧ នៅប្រទេសវៀតណាម

ភ្នំពេញ៖ កីឡាករ-កីឡាការិនី របស់ខេមរសហព័ន្ធតេក្វាន់ដូដណ្តើមបានមេដាយសរុបចំនួន ១២ គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើទី១៧ ឆ្នាំ២០២៥ “17th ATF Taek wondo Championships” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅខេត្ត Khanh Hoa ប្រទេសវៀតណាម។

លោក ជាតិ ខេមរា គ្រូបង្វឹកជម្រើសជាតិ បាននិយាយថា ការប្រកួតតេក្វាន់ដូជើងឯកអាស៊ីអាគ្នេយ៍លើកទី១៧ ឆ្នាំ២០២៥ នៅប្រទេសវៀតណាម កីឡាករ-កីឡាការិនីជម្រើសជាតិតេក្វាន់ដូកម្ពុជាបានឈ្នះចំនួន ១២គ្រឿង ក្នុងនោះមានមេដាយប្រាក់ ៤គ្រឿង និងមេដាយសំរឹទ្ធិ ៨ គ្រឿង។ មេដាយប្រាក់ ៤គ្រឿង (៤វិញ្ញាសា)រួមមានកីឡាករ សេង ម៉េងឈុន ប្រយុទ្ទទម្ងន់ក្រោម ៤៨ គីឡូក្រាម (អាយុក្រោម ១៧ ឆ្នាំ) កីឡាករ រ៉ង លីគួង ប្រយុទ្ធទម្ងន់ក្រោម ៥៤ គីឡូក្រាម កីឡាការិនី រ៉េត ផាន់ម៉ូនីកា ប្រយុទ្ធទម្ងន់ក្រោម ៤៦ គីឡូក្រាម និងកីឡាការិនី ថាច់ ធីឌឿក ប្រយុទ្ធទម្ងន់ក្រោម ៥៣ គីឡូក្រាម។

ចំណែក មេដាយសំរឹទ្ធិ ៨គ្រឿង (៨វិញ្ញាសា)ដូចជាកីឡាករ គា សុខធា ប្រយុទ្ទទម្ងន់ក្រោម ៥៥គីឡូក្រាម (អាយុក្រោម ១៧ឆ្នាំ) កីឡាករ សម្បត្តិ ឧត្តម ប្រយុទ្ធទម្ងន់ក្រោម ៥៥គីឡូក្រាម (អាយុក្រោម ១៧ឆ្នាំ) កីឡាការិនី ហេង ម៉ាលីស ប្រយុទ្ធទម្ងន់ក្រោម ៤៦គីឡូក្រាម (អាយុក្រោម ១៧ឆ្នាំ) កីឡាករ រិន សុផានិត ប្រយុទ្ធទម្ងន់ក្រោម ៦៣គីឡូក្រាម កីឡាករ មៀន សួរស័យយិ ប្រយុទ្ធទម្ងន់ក្រោម ៦៨គីឡូក្រាម កីឡាការិនី ម៉ម ជូលី ប្រយុទ្ធទម្ងន់ក្រោម ៦២ គីឡូក្រាម កីឡាការិនី វ៉ាន់ បូរី ប្រយុទ្ធទម្ងន់ក្រោម ៦៧ គីឡូក្រាម និងកីឡាការិនី សុខ ស្រីតូច ប្រយុទ្ធទម្ងន់ក្រោម ៧៣គីឡូក្រាម ។

លោកបានបន្ថែមទៀតថា កម្ពុជាក្រុមអាជ្ញាកណ្តាលអន្តរជាតិ គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីរបស់ខេមរសហព័ន្ធតេក្វាន់ដូចំនួន ១៩ នាក់ធ្វើដំណើរចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯក ATF លើទី១៧ ឆ្នាំ២០២៥ “17th ATF Taekwondo Championships” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅខេត្ត Khanh Hoa ប្រទេសវៀតណាម។ មាន៨ ប្រទេស ចូលរួមរួមមានកម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបូរី ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។

ការប្រកួតកីឡាតេក្វាន់ដូ WT 17th ATF Taekwondo Championships ដែលជាការប្រកួតមួយមានសារសំខាន់ណាស់ចំពោះកីឡាករ-កីឡាការិនីកម្ពុជា ដើម្បីពង្រឹងសមត្ថភាព ទំាងបច្ចេកទេស និងទិចនិចប្រកួត ក៏ជាផ្នែកមួយនៃការប្រកួត Pre-SEA Games 33 ។ ការប្រកួតនឹងប្រព្រឹត្តទៅនៅទីក្រុង Khanh Hoa ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែសីហា។

ចំណែកខេមរសហព័ន្ធតេក្វាន់ដូរបស់ប្រទេសកម្ពុជាវិញបានបញ្ជូនអាជ្ញាកណ្តាលអន្តរជាតិ គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនី ១៩ នាក់រួមមាន លោក ហែម សំណាង អាជ្ញាកណ្តាលអន្តរជាតិ លោក យីវ វណ្ណឌី អាជ្ញាកណ្តាលអន្តរជាតិ លោក ឆយ យ៉ុងសុក គ្រូបង្វឹកជាប់កិច្ចសន្យា លោក ជាតិ ខេមរា គ្រូបង្វឹកជម្រើសជាតិ លោក ឈុន សុខឡុង គ្រូជំនួយជម្រើសជាតិ និងលោក រិន ប៊ុនហួត គ្រូបង្វឹកក្រុមថ្នាលជាគ្រូជំនួយ។

កីឡាករ កាំង លាំងឈុន កីឡាករជម្រើសជាតិ កីឡាករ រ៉ង់ លីគួង កីឡាករជម្រើសជាតិ កីឡាករ រិន សុផានិត កីឡាករជម្រើសជាតិ កីឡាករ មៀន សួរស័យយិ កីឡាករជម្រើសជាតិ កីឡាករ សេង ម៉េងឈុន កីឡាករថ្នាល កីឡាករ សម្បត្តិ ឧត្តម កីឡាករថ្នាល កីឡាករ គោ សុខធា កីឡាករថ្នាល កីឡាការិនី ហេង ម៉ាលីស កីឡាការិនីថ្នាល កីឡាការិនី រ៉េត ផាន់ម៉ូនីកា កីឡាការិនីជម្រើសជាតិ កីឡាការិនី គ្រី លីដែន កីឡាការិនីជម្រើសជាតិ កីឡាការិនី ថាច់ ធីឌឹក កីឡាការិនីជម្រើសជាតិ កីឡាការិនី ម៉ម ជូលី កីឡាការិនី និងកីឡាការិនី វ៉ាន់ បូរី កីឡាការិនីជម្រើសជាតិ ៕

ដោយ៖ លី ភីលីព

Most Popular

To Top