ភ្នំពេញ ៖ ក្លិបកីឡាបាល់ទាត់ វិសាខា ដែលក្លិបបាល់ទាត់ដ៏ល្បីល្បាញមួយ ក្នុងចំណោមក្លិបបាល់ទាត់ល្បី ក្នុងប្រទេសកម្ពុជា នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បានប្រកាសរៀបចំការ ប្រកួតពានរង្វាន់កីឡាបាល់ទាត់វ័យក្មេង ដែលមានរហ័សនាមថា VISAKHA U14 CUP លើកទី១ ឆ្នាំ២០២៥ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា រហូតដល់ថ្ងៃទី១៨ ខែតុលាខាងមុខ។

លោក មាស ចាន់ណា នាយកបច្ចេកទេស នៃក្លិបបាល់ទាត់វិសាខា បានមានប្រសាសន៍ថា ការរៀបចំពានរង្វាន់ VISAKHA U14 CUP លើកទី១ ឆ្នាំ២០២៥ ដើម្បីផ្តល់ឱកាសឲ្យយុវជនទំាងអស់ បានបង្ហាញទេពកោតសល្បពីកំណើត នៃប្រកួតប្រជែងលើទីលាន អភិវឌ្ឍន៍ជំនាញ បច្ចេកទេស និងយុទ្ធ សាស្ត្រ សម្រាប់ទទួលបាននូវបទពិសោធ ន៍ថ្មីៗដល់កីឡាករវ័យក្មេង ។

នាយកបច្ចេកទេស នៃក្លិបបាល់ទាត់វិសាខា បានបន្តថា ការប្រកួតខាងលើនេះ មានក្រុមយុវជន ៤ ក្រុមចូលរួម គឺក្រុមយុវជនក្លិប វិសាខា ព្រះខ័នរាជស្វាយរៀង បឹងកេត និង អាយអេសអាយ ដង្កោសែនជ័យ ការប្រកួតនឹងធ្វើឡើង នៅទីលាន នៃមជ្ឈមណ្ដលហ្វឹកាហត់បាល់ទាត់ វិសាខា (Visakha Training Centre) ។

ការប្រកួតពានរង្វាន់កម្រិតយុវជនអាយុក្រោម ១៤ឆ្នាំ VISAKHA U14 CUP លើកទី១ ឆ្នាំ២០២៥ លើកដំបូង ការប្រកួត ប្រើប្រាស់រូបមន្តប្រកួតវិលជុំសន្សំពិន្ទុ ២ជើង ដើម្បីកំណត់ចំណាត់ថ្នាក់ ក្រុមទទួលបានជ័យលាភី។ ការប្រកួតនេះរៀបចំដោយក្លិបកីឡាបាល់ទាត់ វិសាខា ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ខាងមុខ នេះ ៕

