ភ្នំពេញ៖ លោកស្រី អេមី អគ្គលេខាធិការសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាថា ក្រោយពីសិក្សាអស់រយៈពេល ២ សប្តាហ៍កន្លងមកសិក្ខាកាមទំាងអស់ត្រូវធ្វើតេស្តសមត្ថភាពក្នុងបញ្ចប់វគ្គបណ្តុះបណ្តាលគណៈកម្មការរៀបចំការប្រកួត អាជ្ញាកណ្តាល និងចៅក្រមថ្នាក់ជាតិឆ្នាំ២០២៥ ក្នុងការត្រៀមខ្លួនជាអាជ្ញាកណ្តាល និងចៅក្រមនៃការប្រកួតកីឡាកាយវប្បកម្ម និងលំហាត់ប្រាណជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ ដែលគ្រោងដើមខែតុលា ឆ្នាំ២០២៥ នៅសាលដំបូលទូក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោកស្រី អេមី អគ្គលេខាធិការសហព័ន្ធកីឡាកាយវប្បកម្មបានលើកឡើងនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសពិធីប្រឡងបញ្ចប់វគ្គបណ្តុះបណ្តាល បើកជាផ្លូវការហើយស្ថិតនៅទីស្នាក់ការសហព័ន្ធកីឡាកាយវប្បកម្មនិងលំហាត់ ប្រាណកម្ពុជា ក្លិប រ៉ាវី អេមី ជីម សំណង់១២ ផ្លូវ២៦៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ វគ្គនេះរៀបចំសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

យោងតាមផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៥ របស់សហព័ន្ធបើកវគ្គបណ្តុះបណ្តាលគណៈកម្មការ បច្ចេកទេសរៀបចំការប្រកួត និងចៅក្រមថ្នាក់ជាតិឆ្នាំ២០២៥ ក្នុងការបំប៉នដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសថែមទៀតដល់មន្រ្តីបច្ចេកទេសរៀបចំការប្រកួត អាជ្ញាកណ្តាល និងចៅក្រម មុនការប្រកួតកីឡាកាយវប្បកម្ម និងលំហាត់ប្រាណជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ ដែលគ្រោងដើមខែតុលា ឆ្នាំ២០២៥ ក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡាមកដល់សហព័ន្ធ។

លោកស្រី អេមី បានបន្តថា វគ្គនេះមានសំខាន់ណាស់សម្រាប់មន្រ្តីបច្ចេកទេសរៀបចំការប្រកួតរបស់សហព័ន្ធ ដោយសាររៀនចប់ពួកគាត់អាចអនុវត្តការងារក្នុងការប្រកួតជើងឯកប្រចាំឆ្នាំ ។ វគ្គយើងរៀនរយៈពេល ៤ ថ្ងៃរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពីព្រោះមន្រ្តីមួយចំនួនជាប់រវល់ការងារផ្ទាល់ខ្លួន ទើបសហព័ន្ធជ្រើសរើសរៀនតែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។





ដោយ៖ លី ភីលីព
