កីឡា

ការជួបគ្នាម្តងទៀតរវាងអតីតស្តេចប្រដាល់ Mike Tyson និងកំពូលអ្នកប្រដាល់ Floyd Mayweather ឆ្នាំ២០២៦ នឹងធ្វើឲ្យកក្រើនសង្វៀន

ឡូសអេនជឺលេស៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយ CSI Sports បាននិយាយថា អតីតស្តេចប្រដាល់ជនជាតិអាមេរិក Mike Tyson និងកំពូលអ្នកប្រដាល់ Floyd Mayweather នឹងប្រកួតជាមួយគ្នាម្តងទៀតក្នុងការប្រកួត Exhibition fight នៅឆ្នាំ ២០២៦ ខាងមុខនេះ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

ប្រព័ន្ធផ្សព្វផ្សាយ CSI បានបន្តថា ការប្រកួតនេះមិនបានកំណត់កាលបរិច្ឆេទ ឬទីតាំងណាមួយឡើយ ខណៈអ្នកប្រដាល់ Tyson ដែលជាម្ចាស់ជើងឯកពហុទម្ងន់ និងអ្នកប្រដាល់ Mayweather ដែលមិនស្គាល់ពាក្យថាចាញ់នឹងជួបគ្នានៅព្រឹត្តិការណ៍ “Spring 2026” ។ ការបង្ហាញវត្តមានរបស់កំពូលអ្នកប្រដាល់ទំាង២ នាក់នេះនឹងធ្វើឲ្យកក្រើនសង្វៀនជាក់ជាមិនខានឡើយ។

អតីតស្តេចប្រដាល់ Tyson អាយុ ៥៩ ឆ្នាំបានបង្កើតកំណត់ត្រាឈ្នះ៥០ ចាញ់ ៧ និងផ្តួលគូប្រកួត ៤៤ ដងក្នុងអាជីពរបស់លោក។ អតីតស្តេចប្រដាល់ Tyson ជាកីឡាករទម្ងន់ធ្ងន់បំផុតក្នុងជំនាន់របស់លោក។ លោកបានបង្ហាញខ្លួនលើកចុងក្រោយនៅលើសង្វៀនជាមួយតារា YouTuber លោក Jake Paul កាលពីខែវិច្ឆិកាឆ្នាំមុននៅទីក្រុង Arlington រដ្ឋ Texas ។

ចំណែកអតីតជើងឯកពិភពលោក លោក Mayweather អាយុ ៤៨ឆ្នាំបានចូលនិវត្តន៍ពីប្រដាល់កាលឆ្នាំ ២០១៧ ឈ្នះ ៥០ ដង មិនដែរចាញ់ ខណៈលោកបានឈ្នះជើងឯកពិភពលោក ៥ ប្រភេទទម្ងន់។ ប៉ុន្តែលោកបានបន្តបង្ហាញខ្លួនក្នុងការប្រកួត Exhibition fight រួមទាំងការទទួលជ័យជម្នះលើអ្នកប្រដាល់ John Gotti III នៅប្រទេសម៉ិកស៊ិកកាលខែសីហា ឆ្នាំ២០២៤៕

Most Popular

To Top