កីឡា

សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងប្រកាសបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹក “ទូកនាគ” ថ្នាក់ជាតិ នៅខេត្តស្វាយរៀង

ភ្នំពេញ៖សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា (CCRF)នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានប្រកាសរៀបចំ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង ក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡាដើម្បីជួយពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ និងលើកកម្ពស់សមត្ថភាពបច្ចេកទេសរបស់គ្រូបង្វឹកក្នុងវិស័យកីឡាទូកប្រពៃណី។

វគ្គនេះមានគោលបំណងដ៏សំខាន់ក្នុងការបង្កើនចំណេះដឹង និងបច្ចេកទេសទំនើបឲ្យគ្រូបង្វឹកជាតិដើម្បីអាចបន្តបង្រៀន អភិវឌ្ឍ និងលើកកម្ពស់កីឡាករទូកប្រពៃណីឲ្យមានសមត្ថភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។ វគ្គបណ្តុះបណ្តាលនេះមិនត្រឹមតែជួយបង្កើនសមត្ថភាពឲ្យគ្រូបង្វឹកប៉ុណ្ណោះទេ ប៉ុន្តែជាជំហានសំខាន់ក្នុងការទ្រទ្រង់ឲ្យកីឡាទូកប្រពៃណីកម្ពុជា មានភាពស៊ាំ និងប្រកួតប្រជែងបានកាន់តែខ្ពស់ជាមួយតំបន់ និងអន្តរជាតិ។ ការចូលរួមរបស់គ្រូបង្វឹកពីរាជធានី-ខេត្តនឹងធ្វើឱ្យកីឡានេះរីកចម្រើនយ៉ាងចីរភាព។

កម្មវិធីបណ្តុះបណ្តាលនេះកើតឡើងបន្ទាប់ពីមានចំណារឯកភាពដ៏ខ្ពង់ខ្ពស់ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ដោយលោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា។

ដោយ៖លី ភីលីព

Most Popular

To Top