កីឡា

លោក ម៉ារ វង្សវិបុល មានក្តីសង្ឃឹមទៅលើកីឡាករ ទី ជីហាវ អាចដណ្តើមមេដាយជូនជាតិនៃការប្រកួតកីឡាយូដូ Asia Cadet & Junior Judo Championships 2025 នៅឥណ្ឌូណេស៊ី

ភ្នំពេញ៖ លោក ម៉ារ វង្សវិបុល គ្រូបង្វឹកក្រុមជម្រើសជាតិ បានប្រាប់តាមប្រព័ន្ធអនឡាញឲ្យដឹងថា កីឡាករយូដូវ័យក្មេងកម្ពុជារបស់ខេមរសហព័ន្ធយូដូ ទី ជីហាវ ធ្លាប់ដណ្តើមបានមេដាយប្រាក់ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាយូដូជ្រើសរើសជើងឯកអន្តរជាតិ ឆ្នាំ ២០២៤ “Thailand international Judo Championship 2024” លើវិញ្ញាសារប្រកួតឯកត្តជនប្រភេទទម្ងន់ក្រោម ៥០គីឡូ នៅប្រទេសថៃ ថ្ងៃទី២១ ខែកញ្ញា ២០២៤ ចំណែកការប្រកួតលើកនេះរូបលោកមានក្តីសង្ឃឹមថាទទួលបានលទ្ធផលល្អប្រសើរជាក់ជាមិនខាន់ឡើយ។

លោក ម៉ារ វង្សវិបុល បានបន្តថា ព្រឹត្តិការណ៍ការប្រកួតកីឡាយូដូ Asia Cadet & Junior Judo Championships 2025 នេះមានកីឡាករ-កីឡាការិនីមកពីចំនួន ៤៨ ប្រទេស សម្បូរទៅដោយកីឡាករ-កីឡាការិនីវ័យក្មេងសុទ្ធតែជើងខ្លាំងៗ និងមានបទសោធន៍ច្រើន ប៉ុន្តែរូបលោកនៅតែមានក្តីសង្ឃឹមទៅលើកីឡាករ ទី ជីហាវ ជាកីឡាករក្រុមថ្នាលក៏មានបទសោធន៍ប្រកួតកម្រិតអន្តរជាតិដែរ។ កីឡាករ ទី ជីហាវ អាចមានឱកាសដណ្តើមមេដាយជូនខេមរសហព័ន្ធយូដូ និងប្រទេសកម្ពុជាបាន ចំពោះមេដាយវិញលោកមិនអាចកំណតបានឡើយថា មេដាយមាស ប្រាក់ និងសំរិទ្ធទេ។

លោកគ្រូបង្វឹកក្រុមជម្រើសជាតិបានបន្ថែមថា ខេមរសហព័ន្ធយូដូត្រៀមបញ្ជូលគ្រូបង្វឹក និងកីឡាកររបស់ខ្លួនទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាយូដូ Asia Cadet & Junior Judo Championships 2025 ដែលមានរយៈពេល ៤ ថ្ងៃចាប់ពីចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងJakarta ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីខេមរសហព័ន្ធយូដូទទួលបានអនុញ្ញាតឲ្យចូលរួមពី លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

គ្រូបង្វឹកគឺរូបលោក និងកីឡាករ ទី ជីហាវ ជាកីឡាករក្រុមថ្នាលដែលប្រកួតលើវិញ្ញាសាប្រយុទ្ធលើប្រភេទទម្ងន់ ៥០ គីឡូក្រាម។ លោកនឹងចេញដំណើរថ្ងៃទី៩ ខែកញ្ញា ដោយសារប្រកួតចាប់ផ្តើមចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥៕

ដោយ៖លី ភីលីព

Most Popular

To Top