កីឡា

កីឡាការិនីហែលទឹកអ៊ីតាលី ២នាក់ ហាមឃាត់មិនឲ្យចូលសិង្ហបុរី ពីបទលួចទំនិញ នៅអាកាសយានដ្ឋាន Changi

RT News

សិង្ហបុរី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាការិនីហែលទឹកជនជាតិអ៊ីតាលី២ នាក់ត្រូវបានផ្តល់ការព្រមាន តាមលក្ខខណ្ឌរយៈពេល ១២ ខែ និងត្រូវបានហាមឃាត់មិន ឲ្យចូលប្រទេសសិង្ហបុរីឡើងវិញ បន្ទាប់ពីត្រូវបានគេចាប់បានពីការលួចទំនិញ នៅអាកាសយានដ្ឋាន Changi ។

ប៉ូលីសសិង្ហបុរីបានបញ្ជាក់របាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា កីឡាការីនី Chiara Tarantino អាយុ ២២ ឆ្នាំ និងកីឡាការីនី Benedetta Pilato អាយុ ២០ ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ១៤ ខែសីហា ពីបទលួចទឹកអប់ ៣ ដបពីហាងគ្មានកាតព្វកិច្ច។

សារព័ត៌មាន CNA បានរាយការណ៍ថា កីឡាការីនី Tarantino និងកីឡាការីនី Pilato ស្ថិតក្នុងប្រទេសសិង្ហបុរី សម្រាប់ព្រឹត្តិការណ៍ World Aquatics Championships ដែលកីឡាការីនី Pilato បានឈ្នះមេដាយសំរឹទ្ធ ក្នុងការហែលចម្ងាយ ៥០ ម៉ែត្រ ហើយកំពុងត្រឡប់ទៅប្រទេសអ៊ីតាលីវិញ បន្ទាប់ពីសម្រាករយៈពេលខ្លីនៅកោះបាលី។

រូបភាពសុវត្ថិភាពពីកន្លែងឆ្លងកាត់អាកាសយានដ្ឋានបង្ហាញថា កីឡាការីនី Tarantino ដាក់ទឹកអប់ក្នុងវ៉ាលីរបស់កីឡាការីនី  Pilato ។ ពួកគេត្រូវបានឃុំខ្លួន ដោយប៉ូលីសអាកាសយានដ្ឋាន ហើយបន្ទាប់ពីការអន្តរាគមន៍ ដោយបុគ្គលិក ពីស្ថានទូតអ៊ីតាលី អ្នកហែលទឹក ត្រូវបានដោះលែង និងនាំទៅកាន់សណ្ឋាគារមួយ ជាកន្លែងដែលពួកគេ ត្រូវបានរឹតបន្តឹងមិនឲ្យចាកចេញ។

កាលពីថ្ងៃអង្គារ ស្ថានទូតអ៊ីតាលី បានបញ្ជាក់ថា ស្ត្រីទាំង ២ នាក់បានត្រឡប់ទៅប្រទេសអ៊ីតាលីវិញហើយ។

នេះបើយោងតាមកាសែត The Strait Times ថា ប៉ូលីសបានប្រកាសថា ស្ត្រីទាំងនោះបានទទួលការព្រមាន តាមលក្ខខណ្ឌរយៈពេល ១២ ខែកាលពីថ្ងៃទី ១៩ ខែសីហា ។ ការព្រមាននេះចែងថា ពួកគេមិនត្រូវប្រព្រឹត្តបទល្មើស អ្វីទៀតក្នុងអំឡុងពេលនេះ។

បន្ថែមពីលើនេះ ពួកគេត្រូវ បានហាមឃាត់មិន ឲ្យចូលប្រទេសសិង្ហបុរីឡើងវិញ ដោយសារប្រទេសនេះ រៀបចំព្រឹត្តិការណ៍ហែលទឹក អន្តរជាតិសំខាន់ៗជាប្រចាំ រួមទាំងព្រឹត្តិការណ៍ World Aquatics Championships និង FINA World Swimming Cup៕

Most Popular

To Top