ភ្នំពេញ ៖ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា និងលោក ទុយ ប៉ុនហឿន អនុប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡា មហាជនថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធី បើកវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រម ប្រដាល់គុនខ្មែរ កម្រិតបឋមនៅសាលប្រជុំ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា ពហុកីឡដ្ឋានជាតិអូឡាំពិក ។

លោក និន វ៉ាន់ដា អគ្គលេខាធិការរង និងអ្នកគ្រប់គ្រងវគ្គ បានប្រាប់ឲ្យដឹងថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម ប្រដាល់គុនខ្មែរ កម្រិតបឋម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ រៀបចំដោយសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ ក្រោមក្រោមការប្រើប្រាស់ថវិកា គាំទ្រប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡាដើម្បីជួយពន្លឿន ការអភិវឌ្ឍសហព័ន្ធកីឡាជាតិ និងលើកកម្ពស់សមត្ថភាព បច្ចេកទេសរបស់គ្រូបង្វឹក ក្នុងវិស័យកីឡានេះ ។
វគ្គមានសិក្ខាមចូលរួមចំនួន ៥៤ នាក់មកពីបណ្តាសមាគម ក្លឹប ចំណុះសហព័ន្ធកីឡាប្រដាល់គុនខ្មែរមានរយៈពេល ៥ថ្ងៃ។ វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម ប្រដាល់គុនខ្មែរ កម្រិតបឋមនេះ ពិតជាមានសារសំខាន់សម្រាប់សិក្ខាកាម ដើម្បីបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម ពង្រឹងសមត្ថភាព ធនធានអាជ្ញាកណ្តាល ចៅក្រម ដែលមានស្រាប់ តាមបណ្តាសមាគម ក្លឹបឲ្យការអនុវត្តមានស្តង់ដាតែមួយស្របទៅតាមលក្ខណៈជាតិ និងអន្តរជាតិ។

លោក ខូវ ឆាយ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់ណាស់ សម្រាប់សិក្ខាកាម ក្នុងការពង្រឹងសមត្ថភាព ធនធានអាជ្ញាកណ្តាល ចៅក្រម ដែលមានស្រាប់តាមសមាគម ក្លឹបឲ្យការរៀបចំមានស្តង់ដាស្របតាមលក្ខណៈជាតិ និងអន្តរជាតិ ។ ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមជម្រាបជូនអង្គពិធីទំាងមូលមេត្តាជ្រាបថា បច្ចុប្បន្នរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ“ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិបន្តមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងនោះក៏បានយក ចិត្តទុកដាក់រៀបចំគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យកីឡា សំដៅកសាងធនធានមនុស្សឱ្យមាន សុខភាពល្អ សមត្ថភាព និងសីលធម៌ខ្ពស់។
លោកប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបន្តថា ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំគោលនយោបាយកីឡាជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងបានធ្វើកំណែទម្រង់ស៊ីជម្រៅ ការងារអប់រំកាយ និងកីឡា ៤ចំណុច ។ ក្រសួងក៏បានកំណែទម្រង់ការប្រកួតកីឡាគ្រប់កម្រិត ដើម្បីឆ្លើយតបទៅនឹង ការរីកចម្រើន ជាពិសេស ជំរុញ និងលើកទឹកចិត្តលើវិស័យកីឡាជាតិ នៅក្នុងតំបន់ ព្រមទាំងផ្តល់ឱកាសឲ្យកីឡាករ-កីឡាការិនី ទទួលបានការជ្រើសរើស ចូលក្នុងក្រុមជម្រើសជាតិ ដើម្បីចូលរួមហ្វឹកហាត់ត្រៀម លក្ខណៈចូលរួមការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា ជាពិសេសត្រៀម ខ្លួនឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ នៃការប្រកួត “កីឡាយុវជនអាស៊ី (Asian Youth Games)” ឆ្នាំ២០២៩ ។

លោក ខូវ ឆាយ បានបញ្ជាក់ថា ឆ្លៀតឱកាសនេះ ខ្ញុំសូមផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ដែលអញ្ជើញចូលរួមក្នុងវគ្គដ៏មានតម្លៃនាពេលនេះ ត្រូវយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងក្រេបយកចំណេះដឹងថ្មីៗដែលគ្រូបានផ្តល់ឲ្យដើម្បីយកទៅអនុវត្តក្នុងការរៀបចំ ដឹកនាំសមាគម ក្លឹបរបស់ខ្លួនឲ្យមានប្រសិទ្ធភាព ៕
ដោយ៖លី ភីលីព



