កីឡា

សិក្ខាកាមចូលរួម ២៥ នាក់​ វគ្គបណ្តុះបណ្តាលគ្រូបង្វឹក ប្រភេទកីឡាទូក ប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ ឆ្នាំ២០២៥ នៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានប្រកាសពិធីបើកវគ្គបណ្តុះបណ្តាល គ្រូបង្វឹកប្រភេទកីឡាទូក ប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ ឆ្នាំ២០២៥ ស្ថិតក្រោមអធិបតីភាពលោក ឯម ម៉ាអូរី អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអនុប្រធាន សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ទទួលបន្ទុកបច្ចេកទេស នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង ក្រោមការប្រើប្រាស់ថវិកា គាំទ្រប្រចាំឆ្នាំរបស់ក្រសួង អប់រំ យុវជន និងកីឡា ដើម្បីជួយពន្លឿន ការអភិវឌ្ឍសហព័ន្ធកីឡាជាតិ និងលើកកម្ពស់សមត្ថភាព បច្ចេកទេស របស់គ្រូបង្វឹក ក្នុងវិស័យកីឡាទូកប្រពៃណី។

លោក គង សុភាព អ្នកគ្រប់គ្រងវគ្គបានប្រាប់ឲ្យដឹងថា យោងតាមផែនការកសាងធនធានមនុស្ស ប្រកបដោយគុណផល និងប្រសិទ្ធភាពខ្ពស់ ក្រោមគម្រោងថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ សហព័ន្ធកីឡាកីឡាទូកកានូ និងរ៉ូងកម្ពុជា ទទួលបានការអនុញ្ញាតជាគោលការណ៍ពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី ក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា ឱ្យសហព័ន្ធសហការ ជាមួយ មន្ទីរអប់រំយុវជន និងកីឡា ខេត្តស្វាយរៀង រៀបចំបើកវគ្គបណ្តុះបណ្តាល គ្រូបង្វឹកប្រភេទកីឡាទូកប្រពៃណី ខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ ចាប់ពីថ្ងៃ ទី៧ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។

អ្នកគ្រប់គ្រងវគ្គបានបន្តថា វគ្គនេះមានសិក្ខាកាមចូលរួមចំនួន ២៥នាក់ ក្នុងនោះនារី ចំនួន ៤ នាក់មកពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា បញ្ជាការដ្ឋានកងទ័ពជើងទឹក មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ។

ការរៀបចំវគ្គបណ្តុះបណ្តាលគ្រូ បង្វឹកប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិឆ្នាំ២០២៥ គឺ បាន ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង អនុវត្តតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ព្រមទាំងគ្រូបង្វឹក ក្នុងការជំរុញពង្រឹង គុណភាពគ្រូបង្វឹកឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ក្នុងការបង្ហាត់បង្រៀន តាមបណ្តាសមាគមក្រសួង រាជធានី ខេត្តរបស់ខ្លួន ៕

Most Popular

To Top