ភ្នំពេញ៖ លោក ម៉ិល កាដូ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរតំណាងឲ្យលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា និងលោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋាន តំណាង លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម កីឡាប្រដាល់គុនខ្មែរ កម្រិតបឋម នៅសាលប្រជុំនាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា ពហុកីឡដ្ឋានជាតិអូឡាំពិក។


លោក ម៉ិល កាដូ បានមានប្រសាសន៍ថា ក្នុងនាមសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ អនុប្រធាន សមាជិកប្រតិបត្តិសហព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នេះ ព្រមទាំងអញ្ជើញស្ថាប័នពាក់ព័ន្ធ សិក្ខាកាមបានខិតខំប្រឹងប្រែងក្រេបជញ្ជក់យកចំណេះដឹង ដើម្បីពង្រឹងសមត្ថភាព និងបង្កើនធនធានអាជ្ញាកណ្តាល ចៅក្រមនៅតាមសមាគម ក្លឹបឲ្យការរៀបចំមានស្តង់ដាស្របតាមលក្ខណៈជាតិ និងអន្តរជាតិ។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមជម្រាបជូនអង្គពិធីទំាងមូលមេត្តាជ្រាបថា បច្ចុប្បន្នរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យមានស្ថេរភាពនយោបាយ សេដ្ឋកិច្ចជាតិ មានការរីកចម្រើន អភិវឌ្ឍលើគ្រប់វិស័យ ដែលសម្តេចបានចាត់ទុកថាការងារអប់រំកាយ និងកីឡាបានដើរតួយ៉ាងសំខាន់ និងជាយានក្នុងការអភិវឌ្ឍសង្គម ពីព្រោះ “កីឡាកសាងមនុស្ស មនុស្ស កសាងសង្គម”។

លោកអនុប្រធានសហព័ន្ធបានបន្តថា បច្ចុប្បន្ននេះវិស័យកីឡាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយទទួលបាននូវការចាប់អារម្មណ៍ ការចូលរួមគាំទ្រច្រើនពីសំណាក់យុវជន ហើយលទ្ធផលនៃការប្រកួតជាលក្ខណៈអន្តរជាតិនានាមានការប្រែប្រួលជាវិជ្ជមាន ទទួលបានការអបអរពីមហាជន រហូតដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ វិស័យអប់រំកាយ និងកីឡាបានរួមចំណែកលើកកម្ពស់សុខភាព និងសុខមាលភាព សិស្ស និស្សិត ប្រជាពលរដ្ឋ គ្រប់រូប និងកាត់បន្ថយភាពអសកម្មផ្សេងៗក្នុងសង្គមជាពិសេសការប្រើប្រាស់គ្រឿងញៀនជាដើម។

ក្រសួងអប់រំ យុវជន និងកីឡាក៏បានកំណែទម្រង់ការប្រកួតកីឡាគ្រប់កម្រិត ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន ជាពិសេស ជំរុញ និងលើកទឹកចិត្តលើវិស័យកីឡាជាតិនៅក្នុងតំបន់ ព្រមទាំងផ្តល់ឱកាសឱ្យកីឡាករ កីឡាការិនី ទទួលបានការជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិ ដើម្បីចូលរួមហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា ជាពិសេសត្រៀមខ្លួនឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះនៃការប្រកួត “កីឡាយុវជនអាស៊ី (Asian Youth Games)” ឆ្នាំ២០២៩។ ចំណែកកីឡាប្រដាល់គុនខ្មែរយើងក៏បានត្រៀមខ្លួនចូលរួមការប្រកួតយុវជនអាស៊ី ហ្គេមលើកទី៣ នៅប្រទេសបារ៉ែន នៅខែតុលា ខាងមុខនេះដែរ។

លោកសូមថ្លែងអំណរគុណ និងកោតសរសើរដល់គ្រូឧទ្ទេសទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃចូលរួមឧទ្ទេសនៅក្នុងវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម កីឡាប្រដាល់គុនខ្មែរ កម្រិតបឋម អស់ពីសមត្ថភាពដើម្បីឲ្យសិក្ខាកាមទទួលបានចំណេះដឹងយកទៅអនុវត្តស្របតាមបទបញ្ជាបច្ចេកទេសរបស់កីឡាប្រដាល់កម្ពុជា ព្រមទាំងសូមថ្លែងអំណរគុណចំពោះ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡាបានផ្តល់ទីតាំងយ៉ាងល្អសម្រាប់ដំណើរវគ្គបណ្តុះបណ្តាល រយៈពេល៥ថ្ងៃនេះ៕




ដោយ៖ លី ភីលីព
