ព្រៃវែង៖ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងឱកាសពិធីបើក សិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅ សិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា” តាមស្តង់ដាសាលារៀនគំរូ នៅខេត្តព្រៃវែង រៀបចំដោយនាយកដ្ឋាន អប់រំកាយនិងកីឡាសិស្ស និស្សិត។

ក្នុងឱកាសពិធីបើកនេះក៏ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា លោក បឹង គឹមតោ ប្រធាននាយកដ្ឋាន អប់រំកាយនិងកីឡាសិស្ស និស្សិត លោក ប៉ាវ សុធីរ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា នៃរដ្ឋបាលខេត្តព្រៃវែង និងសិក្ខាកាមសរុបចំនួន៣៥៨នាក់ ស្រី៣៥នាក់ បុគ្គលិកការិយាល័យអប់រំ យុវជន និងកីឡារដ្ឋបាលក្រុង ស្រុក ខណ្ឌសរុបចំនួន៦៤នាក់ ការិយាល័យកីឡានៃមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តសរុបចំនួន១៣នាក់ និងសាលារៀនសរុបចំនួន២៨១។

លោក កែ ប៊ុនខៀង បានមានប្រសាសន៍ថា សិក្ខាសាលាស្ដីពី “ការផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅសិក្សា គោលមុខវិជ្ជាអប់រំកាយ និងកីឡា” នៅតាមស្តង់ដាសាលារៀនគំរូនៅលើទឹកដី ខេត្តព្រៃវែង នាពេលនេះ ជាការចូលរួមក្នុងការលើកកម្ពស់ គុណភាពអប់រំ ដោយផ្ដោតលើការពង្រឹង គុណភាពសាលារដ្ឋចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈការពង្រឹងកិច្ចការសំខាន់ៗ រួមមាន ពង្រឹងអភិបាលកិច្ចសាលារៀន និងការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឲ្យស្របតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ។ ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការពិនិត្យគុណភាពចំណីអាហា រនៅតាមសាលារៀន ហើយការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ។

រដ្ឋលេខាធិការក្រសួងអប់រំ បានបន្តថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់មន្ត្រីថ្នាក់ដឹកនាំក្រសួង មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តទាំងអស់ សូមចូលរួមអនុវត្តន៍ក្របខណ្ឌកម្មវិធីសិក្សាចំណេះទូទៅ និងអប់រំ បច្ចេកទេសថ្នាក់ជាតិ ឱ្យបានពេញលេញ២ម៉ោងក្នុងមួយសប្ដាហ៍ និងបំផុសចលនាកីឡាក្រៅម៉ោងសិក្សា ឱ្យបានទូលំទូលាយ។ ជាពិសេស សកម្មភាពអប់រំកាយ និងកីឡានៅក្នុងសាលារៀន ដើម្បីជាគោលដៅ សុខុមាលភាពទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា ស្មារតីរបស់ក្មួយៗសិស្សានុសិស្សផង រួមចំណែកលើកស្ទួយ កិត្យានុភាពជាតិលើឆាកអន្តរជាតិផង និងជាពិសេសទៀតនោះ ដើម្បីពង្រីកវិសាលភាព គុណភាពលើ វិស័យកីឡាឱ្យកាន់តែរីកចម្រើន និងកាន់តែខ្លាំងក្លាថែមទៀត។

លោក បឹង គឹមតោ ប្រធាននាយកដ្ឋាន អប់រំកាយនិងកីឡាសិស្ស និស្សិត បានប្រាប់ឲ្យដឹងថា សិក្ខាសាលានេះ មានរយៈពេល៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលមានសិក្ខាកាមចូលរួមសរុប៤២នាក់ ក្នុងនោះស្ត្រីចំនួន០២នាក់ មកពីមន្ទីរអប់រំ យុវជន និង កីឡារាជធានី ខេត្តចំនួន៦ រួមមាន៖ ខេត្តព្រៃវែង ត្បូងឃ្មុំ ប៉ៃលិន កណ្តាល ឧត្តរមានជ័យ និងខេត្តកំពង់ឆ្នាំង ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាល ក្រុង/ស្រុកចំនួន០៤នាក់ និងលោកគ្រូ អ្នកគ្រូកំពុងបង្រៀននៅតាមស្តង់ដាសាលាបឋមសិក្សាគំរូចំនួន២០នាក់ និងលោកគ្រូ អ្នកគ្រូឯកទេសអប់រំកាយ និងកីឡា កំពុងបង្រៀននៅតាមស្តង់ដា សាលាមធ្យមសិក្សាគំរូចំនួន១៣នាក់.។
សិក្ខាសាលានេះនាយកដ្ឋាន ជំនាញបានរៀបចំ ចំនួន៤លើកទាំងលើកនេះ ដែលមានសិក្ខាកាមសរុបចំនួន៣៥៨នាក់ ស្រី៣៥នាក់ បុគ្គលិកការិយាល័យអប់រំ យុវជន និងកីឡារដ្ឋបាលក្រុង ស្រុក ខណ្ឌសរុបចំនួន៦៤នាក់ ការិយាល័យកីឡានៃមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តសរុបចំនួន១៣នាក់ និងសាលារៀនសរុបចំនួន២៨១ ៕
