កីឡា

លោក ប៉ុន សុខ ៖ វគ្គរដ្ឋបាលកីឡានេះ មានសារសំខាន់ក្នុងការអភិឌ្ឍនធនធាន មនុស្សកម្ពុជា ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកម្រិតអន្តរជាតិ

ភ្នំពេញ៖ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាតំណាងឲ្យលោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាបានអញ្ជើញចូលរួមពិធីបើកវគ្គរដ្ឋបាលកីឡាសិស្សនិស្សិតកម្ពុជា នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិត ដែលរៀបចំដោយសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា។

លោក ប៉ុន សុខ បានមានប្រសាសន៍ថា វគ្គរដ្ឋបាលកីឡាសិស្សនិស្សិតកម្ពុជា នាពេលនេះជាការរួមចំណែកយ៉ាងធំធេង ជាមួយក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យកីឡា ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៣ (ASEAN University Games) ឆ្នាំ២០២៨ និងកីឡា យុវជនអាស៊ី (ASIAN YOUTH GAMES) ឆ្នាំ២០២៩ ក៏ដូចជាលើកកម្ពស់គុណភាព ការបណ្តុះបណ្តាលធនធានរួមចំណែកអភិវឌ្ឍប្រទេសជាតិ ស្របតាមចក្ខុវិស័យរាជរដ្ឋាភិបាលឆ្ពោះទៅឆ្នាំ២០៣០ ដែលប្រទេសកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។

លោក ប៉ុន សុខ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមកីឡាគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ និងឯកជន ដែលកន្លងមកបាន ខិតខំប្រឹងប្រឹងចំណាយពេលវេលា ស្មារតី សម្ភារ និងថវិកាធ្វើសកម្មភាពកីឡា ក្រៅម៉ោងសិក្សានៅក្នុងគ្រឹះស្ថានសិក្សា រួមទាំងការរៀបចំ និងចូលរួមប្រកួតនៅថ្នាក់រាជធានី ខេត្ត ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ជាពិសេសចំពោះគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានមធ្យមសិក្សាបច្ចេកទេស ដែលមានគោល នយោបាយលើកទឹកចិត្តបានយកចិត្តទុកដាក់លើការសិក្សា និងការផ្តល់អាហាររូបករណ៍ដល់កីឡាករ កីឡាការិនីដែលជាសិស្ស និងនិស្សិត ។ សកម្មភាពទាំងនេះ គឺជាការរួមចំណែកយ៉ាងធំធេងជាមួយក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យកីឡាឆ្ពោះទៅការប្រកួតកីឡា សាកលវិទ្យាល័យអាស៊ានលើកទី២៣ (ASEAN University Games) ឆ្នាំ២០២៨ និងASIAN YOUTH GAMES ឆ្នាំ២០២៩។

លោកអគ្គលេខាធិការ បានបន្ថែមថា ផ្អែកលើបរិបទនៃការរីកចម្រើនវិស័យកីឡានៅក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់ និងអន្តរជាតិ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ការប្រកួតកីឡាគ្រប់កម្រិត ក្នុងការរៀបចំឲ្យមានគុណភាពមានលក្ខណៈជាហ្គេម ដូចជាការប្រកួតកីឡាថ្នាក់ជាតិគ្រប់កម្រិតនានា មកជាការប្រកួតកីឡាថ្នាក់ ជាតិជាលក្ខណៈហ្គេម ស្របតាមការប្រកួតកីឡាសិស្សអាស៊ាន ស្របតាមការប្រកួតកីឡា សាកលវិទ្យាល័យអាស៊ាន និងការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោករដូវក្តៅផងដែរ។
បន្ថែមលើនេះទៀត ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងផែនការមេឆ្ពោះទៅការរៀបចំ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ ឆ្នាំ២០២៨ និងការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ជាពិសេស គឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានបញ្ជាក់ថា ត្រូវជំរុញផ្សព្វផ្សាយទិសស្លោក “យុវជនម្នាក់លេងកីឡាមួយប្រភេទ កីឡាប្រចាំជីវិត” និង “ប្រជាពលរដ្ឋម្នាក់ហាត់កីឡាមួយប្រភេទកីឡាប្រចាំជីវិត” ដែលត្រូវផ្តើមចេញពីការអនុវត្តកីឡា ក្រៅម៉ោងសិក្សានៅក្នុងគ្រឹះ ស្ថានសិក្សាគ្រប់កម្រិត ។

លោកអគ្គនាយកកីឡា បានលើកទឹកចិត្តដល់សិក្ខាកាមជំរុញ និងបន្តផ្សព្វការងារពង្រឹងពង្រីកការចុះឈ្មោះ ចូលជាសមាជិកភាពជាមួយ សហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា ក្នុងគោលបំណងពង្រឹងនិងពង្រីក សមាជិកនៅតាមគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសសាធារណៈ និងឯកជន ដើម្បីធ្វើសកម្មភាពកីឡាឱ្យបានខ្លាំងក្លា ជាពិសេសឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាសាកលវិទ្យាល័យ អាស៊ានលើកទី២៣ ឆ្នាំ២០២៨ និងការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មហាអស្ចារ្យ និងជាប្រវត្តិសាស្រ្តមួយនេះ។

គួរបញ្ជាក់ថា វគ្គរដ្ឋបាលកីឡាសិស្សនិស្សិតកម្ពុជាមានសិក្ខាកាមចូលរួម៤៥នាក់ ដោយធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ក្នុងការបង្កើនសមត្ថភាព និង ជំនាញរបស់គ្រូអប់រំកាយ និងបុគ្គលិកដែលទទួលខុស ត្រូវចំពោះកីឡាសិស្ស នៅតាមសាលារៀន ។ ដើម្បីផ្តល់ចំណេះដឹងលើការធ្វើផែនការ និងការអនុវត្តគោលនយោបាយ និងកម្មវិធីកីឡាសិស្ស និងដើម្បីលើកកម្ពស់ការរៀបចំ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃការប្រកួត និងសកម្មភាពកីឡាសិស្សផងដែរ៕

Most Popular

To Top