ភ្នំពេញ ៖ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និង កីឡាមហាជន និងមន្ត្រីការិយាល័យក្រោមឱវាទ នាយកដ្ឋានកីឡាជំនាញ បានអញ្ជើញចូលរួម ពិធីសូត្រមន្តបង្សុកូល ដើម្បីឧទ្ទិសកុសល ជូនចំពោះវិញ្ញាណក្ខន្ធ អតីតថ្នាក់ដឹកកីឡា និងកីឡាករ-កីឡាការិនីទំាងអស់ ដែលបានទទួលមរណភាព និងលើករាសីសូមពរជ័យសិរីមង្គលវិបុលសុខ នៅសាលប្រជុំនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន។

ពិធីសូត្រមន្ត លើករាសី សូមពរជ័យសិរីមង្គលវិបុលសុខ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នេះ ត្រូវនឹងបិណ្ឌ ១២ លោកប្រធានក៏បានជូនពរ មន្ត្រីរាជការទាំងអស់ ឱ្យធ្វើដំណើរប្រកបដោយសុវត្ថិភាព ពេលត្រឡប់ទៅលេងស្រុកកំណើត ។ លោកក៏បានលើកឡើងពីវីរៈកងទ័ព ដែលកំពុងការពារជាតិ មាតុភូមិពីសត្រូវ ហើយអំពាវនាវឱ្យមន្ត្រីរាជការទាំងអស់ ចូលរួមបួងសួងជូនពរ ទ័ពជួរមុខឱ្យទទួលបានជោគជ័យ ។

ជាចុងក្រោយ លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន បានផ្តាំផ្ញើឱ្យមន្ត្រីរាជការបន្តខិតខំប្រឹងប្រែងធ្វើការ និងរក្សាស្មារតីសាមគ្គីគ្នា ដើម្បីជំរុញការអភិវឌ្ឍនាយកដ្ឋានកីឡាជំនាញឱ្យកាន់តែរីកចម្រើន ៕

