កីឡា

លោក ប៉ុន សុខ ៖ ការអប់រំកាយជាមុខវិជ្ជាមួយដ៏មានសារសំខាន់ក្នុងការជួយលើកកម្ពស់ការសិក្សារបស់កុមារ និងសិស្សានុសិស្ស

ភ្នំពេញ៖​​ លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាតំណាងលោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡានាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងការណែនាំ ការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា” រៀបចំដោយនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត នៅខេត្តព្រៃវែង។

ក្នុងឱកាសនេះក៏មានការអញ្ជើញជាកិតិ្តយសពីសំណាក់លោក លោក អ៊ុក ឌីវ៉ង់ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត លោក ម៉ាង វិបុល អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត លោក ថង ថេង អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង និងសិក្ខាកាម។

លោក ប៉ុន សុខ បានប្រសាសន៍ថា ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គភាពជំនាញ មន្ទីរអប់រំ យុវជន និងកីឡានៃរដ្ឋបាលខេត្តព្រៃវែងបានចូលរួមសហការក្នុងការរៀបចំសិក្ខាសាលានេះ តាំងពីពេលចាប់ផ្តើមរហូតដល់ថ្ងៃបញ្ចប់ ដោយទទួលបានលទ្ធផលល្អប្រសើរ និងសូមគោរពថ្លែងអំណរគុណយ៉ាងជា្រលជ្រៅជូនចំពោះលោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡាដែលតែងតែផ្តោតការយកចិត្តទុកដាក់លើការងារអប់រំកាយ និងកីឡា ជាពិសេសការផ្តល់ឱកាសដល់កុមារ និងសិស្សានុសិស្សឱ្យចូលរួមអនុវត្តសកម្មភាពអប់រំកាយក្នុងម៉ោងសិក្សា និងកីឡាក្រៅម៉ោងសិក្សា ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់កុមារ និងសិស្សានុសិស្សឱ្យមានសុខភាពល្អ កម្លាំងមាំមួន បញ្ញាភ្លឺថ្លា ទទួលបាននូវលទ្ធផលការសិក្សាល្អ។

លោកអគ្គនាយក បានបន្តថា ការអប់រំកាយជាមុខវិជ្ជាមួយដ៏មានសារសំខាន់ក្នុងការជួយលើកកម្ពស់ការសិក្សារបស់កុមារ និងសិស្សានុសិស្ស ដូចនេះថ្នាក់ដឹកនាំក្រសួងជំរុញឲ្យអង្គភាពជំនាញរៀបចំនូវសិក្ខាសាលាស្តីពី“ការផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅ សិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា” ជាចំណែកនៃស្តង់ដាសាលារៀនគំរូ ដែលស្ថិតនៅក្នុងស្តង់ដាទី៤ សូចនាករទី៥ “ការលើកកម្ពស់សុខភាពកុមារ និងសិស្សានុសិស្ស និងអាហារូបត្ថម្ភ” សូចនាកររង៥.៨ និង៥.៩ គ្រប់សាលារៀនបានអនុវត្តអប់រំកាយ និងកីឡា ដូចបានរៀបចំសិក្ខាសាលានៅខេត្តព្រៃវែងនាថ្ងៃនេះ។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអំពាវនាវដល់មន្ទីរអប់រំ យុវជន និងកីឡា ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង/ស្រុក/ខណ្ឌ និងភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមអនុវត្តតាមក្របខណ្ឌកម្មវិធីសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេសឱ្យបានពេញលេញ២ម៉ោងក្នុងមួយសប្ដាហ៍ និងបំផុសចលនាកីឡាក្រៅម៉ោងសិក្សាឱ្យបានទូលំទូលាយ សកម្មភាពអប់រំកាយ និងកីឡានៅក្នុងសាលារៀន គឺជាគោលដៅសុខុមាលភាពផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា ស្មារតីរបស់ក្មួយៗ សិស្សានុសិស្ស។

លោក ប៉ុន សុខ បានបន្ថែមថា ការចូលរួមបន្តលើកកម្ពស់ការអប់រំប្រកបដោយគុណភាព សមធម៌ បរិយាប័ន្ន ព្រមទាំងផ្តល់ឱកាសទទួលបានការសិក្សាពេញ១ជីវិតសម្រាប់ទាំងអស់គ្នា និងការអភិវឌ្ឍសមត្ថភាពបុគ្គល ស្ថាប័ន គាំទ្រទិសដៅអាទិភាពសម្រាប់ពេលខាងមុខ តាមរយៈអាទិភាពកំណែទម្រង់៨ចំណុចរបស់ក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសជំរុញឱ្យសិស្សានុសិស្សឱ្យលេងកីឡាមួយប្រភេទប្រចាំជីវិត ដើម្បីលើកកម្ពស់កិត្យានុភាព ជាតិលើឆាកអន្តរជាតិ៕

ដោយ៖លី ភីលីព

Most Popular

To Top