កីឡា

ការប្រកួតកីឡា អត្តពលកម្ម ជ្រើសរើសជើង ឯកឆ្នាំ២០២៥ ចាប់ផ្តើមដើមខែតុលា

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា អត្តពលកម្មជ្រើសរើសជើងឯកឆ្នាំ២០២៥ ដែលរៀបចំដោយសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត ការប្រើប្រាស់ កញ្ចប់ថវិកា គាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាបានទម្លាក់ ជូនសហព័ន្ធ ក្នុងគោលបំណងពន្លឿន ពង្រឹងការអភិវឌ្ឍធនធានសមត្ថភាព បច្ចេកទេស ក្នុងកញ្ចប់បណ្តុះបណ្តាលធនធានមនុស្ស ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២ ដល់៥ ខែតុលា ឆ្នាំ២០២៥ នៅភ្នំពេញ។

កីឡាករ-កីឡាការិនី ចូលរួមប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ រួមមានកីឡាកម្រិតខ្ពស់ ត្រូវមានអាយុចាប់ពីអាយុ២០ឆ្នាំ ដល់៣៥ឆ្នាំ (អ្នកដែលមានឆ្នាំកំណើតចាប់ពី ១៩៩០ ដល់ ២០០៥)។ កីឡាយុវជនអាយុក្រោម២០ឆ្នាំ ត្រូវមានអាយុចាប់ពីអាយុ១៦ឆ្នាំ ដល់១៩ឆ្នាំ (អ្នកដែលមានឆ្នាំ កំណើតចាប់ពី២០០៦ ដល់ ២០០៩)។

-កីឡាករ កីឡាការិនី យុវជនក្រោមអាយុ២០ឆ្នាំ អាចចុះឈ្មោះចូលរួមប្រកួតក្នុងវិញ្ញាសាលោតកម្ពស់ លោតចម្ងាយ និងចោលស្ន ជាមួយកីឡាកម្រិតខ្ពស់បាន ។ កីឡាករ កីឡាការិនី ដែលមានអាយុតិចជាង ១៨ឆ្នាំ មិនអនុញ្ញាតចុះ ឈ្មោះប្រកួតក្នុងវិញ្ញាសាចោលដុំដែក ជាមួយកីឡាកម្រិតខ្ពស់បានឡើយ ។

សិទ្ធិនៃការចូលរួម ៖ សមាគមន៍ ក្លឹបកីឡារាជធានីខេត្តនីមួយៗ មានសិទ្ធិបញ្ចូនកីឡាករ កីឡាការិនី កម្រិតខ្ពស់ (អាយុចាប់ពី អាយុ២០ឆ្នាំ ដល់៣៥ឆ្នាំ ) ចូលរួមសរុប ចំនួន១០នាក់ (បុរស៥នាក់ និង នារី៥នាក់) សមាគមន៍ ក្លឹបកីឡារាជធានី ខេត្តនីមួយៗ មានសិទ្ធិបញ្ជូនកីឡាករ-កីឡាការិនីយុវជនក្រោមអាយុ២០ឆ្នាំ (អាយុចាប់ពីអាយុ១៦ឆ្នាំ ដល់១៩ឆ្នាំ) ចូលរួមសរុបចំនួន៦នាក់ (បុរស៣នាក់ និង នារី៣នាក់) សហព័ន្ធទទួលរ៉ាប់រងការស្នាក់នៅ ហូបចុកកីឡាករ៣នាក់ កីឡាការិនី៣នាក់ និងគ្រូបង្វឹក២នាក់ អំឡុង ពេលប្រកួត។ ចំពោះកីឡាករ-កីឡាការិនី និងគ្រូបង្វឹកដែលលើសពីការផ្តល់ជូន ជាបន្ទុករបស់អង្គភាពសាម៉ី សមាគមន៍ ក្លឹបកីឡារាជធានីខេត្តនីមួយៗ មានសិទ្ធិចុះឈ្មោះកីឡាករ កីឡាការិនី យ៉ាងច្រើនចំនួន២នាក់ ចូលរួមប្រកួតក្នុង ១វិញ្ញាសាឯកត្តជន ។

កីឡាករ-កីឡាការិនីម្នាក់ អនុញ្ញាតឱ្យចុះឈ្មោះ ចូលរួមប្រកួតបានចំនួន២វិញ្ញាសាឯកត្តជន។ ការចំណាយការ ធ្វើដំណើរទៅមក និងហូបចុក សម្រាប់ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួមជា បន្ទុកអង្គភាពសាម៉ី ។

ការទទួលពាក្យ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី នៅលេខាធិការដ្ឋាន សហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ – ប្រជុំបច្ចេកទេសនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៥:០០ នាទីរសៀល នៅសាលប្រជុំ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក​ ។
ពេលចូលរួមប្រកួតកីឡាករ-កីឡាការិនីទាំងអស់ ត្រូវភ្ជាប់មកជាមួយ នូវឯកសារដាក់ពាក្យ បញ្ជីឈ្មោះ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី និងឯកសារបញ្ជាក់ ថ្ងៃខែឆ្នាំកំណើត ឲ្យបានត្រឹមត្រូវ។ – លក្ខខណ្ឌ ដែលមិនបានជម្រាបជូន ក្នុងសេចក្តីជូនដំណឹង ត្រូវអនុវត្តតាមបទបញ្ជាការប្រកួត៕

Most Popular

To Top