កីឡា

ក្រុមកីឡាវូស៊ូកម្ពុជានាំយកមេដាយប្រាក់ និងសំរិទ្ធក្នុងការប្រកួតកីឡាវូស៊ូជ្រើសរើសជើងឯកអាស៊ានចិនជូនប្រទេសជាតិ

ភ្នំពេញ៖ ក្រុមកីឡាវូស៊ូកម្ពុជាដែលដឹកនាំដោយ លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការសហព័ន្ធកីឡាវូស៊ូកម្ពុជា និងជាប្រធានប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាការិនីរបស់សហព័ន្ធកីឡាវូស៊ូកម្ពុជាមកដល់ប្រទេសកម្ពុជាវិញហើយនាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ព្រមទាំងនាំយកមេដាយប្រាក់ និងសំរិទ្ធចំនួន ៥ គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវូស៊ូជ្រើសរើសជើងឯកអាស៊ានចិនលើកទី១ ឆ្នាំ២០២៥ “The 1st ASEAN-CHINA WOMEN’S WUSHU CHAMP IONSHIPS 2025.” ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

លោក ម៉ៅ ចន្ថាវុធ ប្រធានប្រតិភូ បានមានប្រសាសន៍ថា ការប្រកួតនេះកម្ពុជាបានបញ្ជូនក្រុមកីឡាវូស៊ូចំនួន ៨នាក់រួមមាន ប្រធានប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាការិនីចំនួន ៥ នាក់ ក្នុងនោះកីឡាការិនីម្នាក់មានជំងឺទើបមិនបានចូលរួម។ កម្ពុជាដណ្តើមបានមេដាយប្រាក់ និងមេដាយសំរិទ្ធចំនួន ៥គ្រឿងដូចជាវិញ្ញាសា Duilian សម្តែងជាក្រុម មាន ២ នាក់ U-18 ទទួលមេដាយប្រាក់ ១គ្រឿង និង ២នាក់មនុស្សពេញវ័យទទួលមេដាយសំរឹទ្ធិ ១គ្រឿង ចំណែកវិញ្ញាសា Taolu សម្តែងឯកត្តជន រួមមានវិញ្ញាសាណាន់ឈាន U-18 ទទួលបានមេដាយសំរឹទ្ធិ ១គ្រឿង វិញ្ញាសាណាន់តាវ U-18 ទទួលបានមេដាយសំរឹទ្ធិ ១គ្រឿង និងវិញ្ញាសាជៀនស៊ុ U-18 ទទួលបានមេដាយសំរឹទ្ធិ ១គ្រឿង។

លោក ម៉ៅ ចន្ថាវុធ បានបន្តថា ដោយបានការអនុញ្ញាតជាគោលការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា ប្រតិភូមន្ត្រីដឹកនាំ គ្រូបង្វឹក គ្រូជំនួយ កីឡាការិនី របស់សហព័ន្ធកីឡាវូស៊ូកម្ពុជា ចំនួន៨ នាក់ ត្រូវបានឲ្យទៅចូលរួមប្រកួតកីឡាវូស៊ូក្នុងកម្មវិធី The 1st ASEAN-CHINA WOMEN’S WUSHU CHAMPIONSHIPS 2025. ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេស MALAYSIA រៀបចំដោយសហព័ន្ធកីឡាវូស៊ូអាស៊ាន-ចិន ( ASEAN-CHINA Wushu Federation ) មាន៩ប្រទេស ចូលរួមប្រកួត៕

ដោយ៖ លី ភីលីព

Most Popular

To Top