វៀតណាម៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រសួងហិរញ្ញវត្ថុបានស្នើឲ្យអ្នកលេងភ្នាល់រហូតដល់ ១០ លានដុង (៣៨០ ដុល្លារអាមេរិក) លើការប្រកួតបាល់ទាត់អន្តរជាតិក្នុងមួយថ្ងៃ ជំនួសឲ្យការកំណត់បច្ចុប្បន្ន ១ លានដុងក្នុងមួយប្រភេទ។
សំណើនេះគឺជាផ្នែកមួយនៃសេចក្តីព្រាងក្រឹត្យស្តីពីការប្រណាំងសេះ ការប្រណាំងឆ្កែ និងការភ្នាល់បាល់ទាត់អន្តរជាតិ ដែលមានបំណងជំនួសក្រឹត្យបច្ចុប្បន្នបានចេញកាលពី៨ ឆ្នាំមុន។ នៅក្រោមសេចក្តីព្រាងច្បាប់ថ្មី ដែនកំណត់នៃការភ្នាល់ប្រចាំថ្ងៃនឹងមានចំនួន ១០ លានដុង ខណៈការភ្នាល់អប្បបរមានៅតែមានចំនួន ១០,០០០ដុង។
បច្ចុប្បន្ននេះ ការប្រកួតបាល់ទាត់អន្តរជាតិផ្តល់នូវប្រភេទភ្នាល់ ១០-១៥ រួមទាំងការទស្សន៍ទាយពិន្ទុ កាតលឿង និងក្រហម បាល់ជ្រុង និងអ្នកស៊ុតបាល់បញ្ចូលទីដំបូង។ ពីមុន អ្នកលេងអាចភ្នាល់បានរហូតដល់ ១ លានដុងក្នុងមួយប្រភេទ ដែលច្រើនជាងការស្នើរសុំប្រចាំថ្ងៃចំនួន ១០ លានដុងសម្រាប់គ្រប់ប្រភេទទាំងអស់បញ្ចូលគ្នា។
ក្រសួងហិរញ្ញវត្ថុបានកត់សម្គាល់ថាចាប់តាំងពីឆ្នាំ ២០១៦ នៅពេលក្រឹត្យស្តីពីការភ្នាល់បច្ចុប្បន្នត្រូវបានចេញ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗរបស់វៀតណាមបានកើនឡើង ១.៨ ដង ដល់ប្រហែល ៤,៧០០ ដុល្លារ ហើយកម្រិតប្រចាំថ្ងៃត្រូវបានរចនាឡើងដើម្បីការពារការលេងល្បែងស៊ីសងហួសហេតុ៕
