ភ្នំពេញ ៖ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីបើកការរៀបចំសិក្ខាសាលា លើកកម្ពស់សមត្ថភាពស្ត្រី ក្នុងវិស័យកីឡាស្តីពី “មូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន” ដែលមានរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី២៩ រហូតដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នៅវិទ្យាស្ថានអប់រំកាយ និងកីឡា រៀបចំដោយ នាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជននៃក្រសួងអប់រំ យុវជន និងកីឡា ។

លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន បានប្រាប់ឲ្យដឹងថា សិក្ខាសាលាស្តីពី “មូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មាន” សម្រាប់មន្ត្រីនារីក្នុងវិស័យកីឡានេះ គឺជាសិក្ខាសាលាលើកទី១ នៃការអនុវត្តផែនការសកម្មភាព ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយផ្អែក តាមលទ្ធផល នៃការស្ទាប់ស្ទង់មតិ ចំពោះមន្ត្រីនារីទាំងអស់ នៅអគ្គនាយកដ្ឋានកីឡា និងមន្ត្រីនារី នៅតាមអង្គភាពទាំងអស់ ចំណុះអគ្គនាយកដ្ឋានកីឡា កាលពីឆ្នាំ២០២៤ ដែលលទ្ធផលនោះបានបង្ហាញថា មន្ត្រីនារីភាគច្រើន ពុំទាន់មានសមត្ថភាពផ្នែកប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មាន ក្នុងការបំពេញការងារ បានល្អប្រសើរនៅឡើយ។

លោកប្រធាន បានបន្តថា សិក្ខាសាលានេះមានគោលបំណងជំរុញឲ្យមន្ត្រីនារី ដែលកំពុងបំពេញការងារនៅអគ្គនាយកដ្ឋានកីឡា និងនៅអង្គភាព ចំណុះអគ្គនាយកដ្ឋានកីឡា ទទួលបាននូវសមត្ថភាព បន្ថែមលើជំនាញបច្ចេកវិទ្យាព័ត៌មានដែលនឹងអាចជួយពួកគេក្នុងការបំពេញការងាររដ្ឋបាល និងការងារផ្សេងៗតាមអង្គភាពប្រកប ដោយប្រសិទ្ធភាពជាងមុន ។ សិក្ខាសាលានេះមានសិក្ខាកាមសរុបចំនួន ៤០នាក់។ សិក្ខាសាលានេះ សិក្ខាកាមនឹងទទួលបានចំណេះដឹងផ្នែកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពាក់ព័ន្ធនឹង Microsoft Word Microsoft Excel Microsoft Power Point ការរៀបចំGoogle Form និង ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការបំពេញ ការងាររដ្ឋបាល ដែលចំណេះដឹងទាំងនេះ សុទ្ធតែមានសារសំខាន់ ដល់ពួកគេ ក្នុងការប្រើប្រាស់ ដើម្បីបំពេញការងារ តាមអង្គភាពទាំងក្នុងកិច្ចការរដ្ឋបាល និងក្នុងការបង្រៀនរបស់ពួកគេ ។

លោក កែ ប៊ុនខៀង បានមានប្រសាសន៍ថា វគ្គសិក្ខាសាលាសមភាពយេនឌ័រក្រោមប្រធានបទ ” ស្តីពី«មូលដ្ឋានគ្រឹះក្នុង ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន” ក្នុងគោលបំណង លើកកម្ពស់ សមត្ថភាពស្រ្ដីក្នុងវិស័យកីឡា ក្នុងចំណោមសកម្មភាពអាទិភាពចំនួន២ នៃផែនការសកម្មភាព សម្រាប់លើក កម្ពស់សមត្ថភាពស្រ្ដីក្នុងវិស័យកីឡា ។ សិក្ខាសាលាមានសមាសភាព ចូលរួមមកពីអង្គភាពក្រោមឪវាទអគ្គនាយកដ្ឋាន កីឡាសរុបចំនួន ៤០នាក់។ ក្នុងនាមជាសមាជិកអាស៊ាន កម្ពុជាបានចូលរួមយ៉ាងសកម្ម ដូចជា នៅថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាអន្តរជាតិ ស្តីពីការអភិរក្សល្បែងកីឡា ប្រជាប្រិយ និងកីឡាប្រពៃណី និងការអភិវឌ្ឍតំបន់ហាត់ប្រាណនិងលេងកីឡាអាស៊ាន អមព្រឹត្តិការណ៍នៃកិច្ចប្រជុំ កំពូលអាស៊ានឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាប្រធាន។ បានធ្វើជាម្ចាស់ផ្ទះនៃប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ ទទួលបានលទ្ធផលជាទីមោទនៈ មានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានជាតិអន្តរជាតិ និងបានចូលរួមគាំទ្រសកម្មភាពកីឡានៅក្នុងអាស៊ាន ។

រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី បន្តវេន បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់ កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ព្រមទាំងកំណត់យកនូវអាទិភាពគន្លឹះចំនួន៥៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ថ្ងៃនេះក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលា ដែលជាផ្នែកមួយឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិ បាល ក្នុងការអភិវឌ្ឍធនធានមនុស្ស ស្របតាមផែនការរបស់អាស៊ាន និង ការអនុវត្តគម្រោងសកម្មភាពអាស៊ាន-ជប៉ុន ស្តីពីកីឡាពាក់ព័ន្ធនឹងសមភាពយេនឌ័រ (ASEAN- Japan | Action on Sports: Gender Equality) ចាប់ពីឆ្នាំ២០២៥។

រាជរដ្ឋាភិបាលអាណត្តិទី៧ ដំណាក់កាលទី១ ជំរុញការអនុវត្តគោលនយោបាយការសមភាពយ៉នឌ័រនៅគ្រប់ក្រសួងស្ថាប័នទាំងអស់ ការអភិវឌ្ឍសមត្ថភាពបច្ចេកទេស និងស្ត្រីភាពជាថ្នាក់ដឹកនាំក្នុងការចូលរួមទទួលខុស ត្រូវតាមគ្រប់វិស័យ ដែលជាកត្តាយ៉ាងសំខាន់ សម្រាប់សម្រេចគោលនយោបាយរដ្ឋាភិបាល ក៏ដូចគោលនយោបាយ សមាគមន៍ប្រទេសអាស៊ាទាំងមូល ដើម្បីសម្រេចកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចក្នុងតំបន់ ៕




