ភ្នំពេញ ៖ ខេមរសហព័ន្ធតេក្វាន់ដូ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ រៀបចំវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាតេក្វាន់ដូ W T កម្រិតមូលដ្ឋានឆ្នាំ២០២៥ ដល់គ្រូបង្វឹក នៅតាមបណ្តាលភ្នំពេញ និងខេត្តនានា នៅនៅសាលហ្វឹកហាត់ ក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កីឡាក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡាដែលមានរយៈពេល ៤ ថ្ងៃ ។

នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាតេក្វាន់ដូ WT ថ្នាក់មូលដ្ឋាន ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក គង់ សក្ខិដា អគ្គលេខាធិការរង នៃខេមរសហព័ន្ធតេក្វាន់ដូ តំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ និងលោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិ និងជាគ្រូឧទ្ទេស តំណាងឲ្យស្ថាប័ន KUKKIWON ព្រមទាំងសិក្ខាកាមចំនួន ៣៥ រូប ។

លោក គង់ សក្ខិដា បានមានប្រសាសន៍ថា វគ្គគ្រូបង្វឹកកីឡាតេក្វាន់ដូ WT ខាងលើកនេះដោយមានសិក្ខាកាមចំនួន ៣៥ នាក់មកភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកណ្តាល ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ដែលមានរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញាដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ។ វគ្គនេះផ្តោតសំខាន់ ទៅលើគ្រូបង្វឹក កីឡាតេក្វាន់ដូ WT ក្នុងការពង្រឹងសមត្ថភាព គ្រូបង្វឹកឲ្យកាន់តែច្បាស់ នូវការហ្វឹកហាត់សិស្សតាមក្លិបនៅ តាមបណ្តាលខេត្តនានា ក្នុងប្រទេសកកម្ពុជា ។

លោកអគ្គលេខាធិការរង បានបញ្ជាក់ថា វគ្គនេះ ជួយពន្លឿន ដល់ការអភិវឌ្ឍន៍ របស់ខេមរសហព័ន្ធ តេក្វាន់ដូ បានទាន់ ពេលវេលា និងសម្រាប់ជាឱកាស ដល់សិក្ខាកាមទាំងអស់ បានក្រេបយកចំណេះដឹងថ្មីៗ និងទទួលបាន នូវបទពិសោធន៍ជាច្រើនទៀត ពីគ្រូបង្គោល ជាគ្រូបង្វឹក អន្តរជាតិត្រៀមខ្លួន ក្លាយជាគ្រូបង្វឹកថ្នាក់ជាតិបន្តវេនជំនាន់ក្រោយៗ។ ហើយក៏ជាក្តីសង្ឃឹម សម្រាប់ខេមរសហព័ន្ធតេក្វាន់ដូ នៃការផ្សព្វផ្សាយ ប្រភេទកីឡាតេក្វាន់ដូWT ឲ្យបានទូលំទូលាយ ក្នុងក្របខណ្ឌទូទាំងប្រទេស នាពេលអនាគត ហើយក៏ត្រៀមខ្លួន សម្រាប់ការប្រកួតកីឡាតេក្វាន់ដូ WT ថ្នាក់ជាតិនានា។
លោក គង់ សក្ខិដា បន្ថែមទៀតថា ការរៀបចំវគ្គ បណ្តុះបណ្តាល គ្រូបង្វឹកតេក្វាន់ដូ ថ្នាក់ជាតិនាពេលនេះ គោលដៅចង់ឲ្យ សិក្ខាកាម យកទៅបង្ហាត់ នៅ តាមទីតាំងរៀងៗខ្លួន សម្រាប់ត្រៀម ចូលរួមកម្មវិធីប្រកួតកីឡា តេក្វាន់ដូWT នានា ទាំងថ្នាក់ជាតិ និងអន្តរជាតិ ។
វគ្គនេះរក្សាបាននូវសុវត្ថិភាព-សុខភាពដល់សិក្ខាកាម និងអ្នកចូលរួម ទាំងអស់ ព្រមទាំងធ្វើឲ្យសិក្ខាកាមទាំងអស់ បានចំណាយពេល វេលាដ៏មានតម្លៃ ដើម្បីក្រេបយកចំណេះដឹង អំពីជំនាញគ្រូបង្វឹក កីឡាតេក្វាន់ដូWT នាពេលនេះ ៕
ដោយ៖លី ភីលីព


