ភ្នំពេញ៖ លោក សរ សិទ្ធិ អនុប្រធានទី២សហព័ន្ធតំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋន្ត្រី រដ្ឋមន្ត្រីក្រសួងហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូនិងរ៉ូងអ៊ីងកម្ពុជានាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានអនុញាតឲ្យលោក KEITH BROWN គ្រូបង្វឹកជំនាញបណ្តុះបណ្តាលទូករ៉ូអ៊ីងជនជាតិអង់គ្លេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលប្រជុំមណ្ឌលក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

លោក សរ សិទ្ធិ បានមានប្រសាសន៍ថា សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ក្រោមការដឹកនាំរបស់លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានទូកចំនួន៤ប្រភេទ ដូចជា ទូកកានូ ទូកកាយ៉ាក់ ទូករ៉ូអ៊ីង និងទូកប្រពៃណីខ្នាតអន្តរជាតិ ដែលបច្ចុប្បន្ន ប្រភេទទូកទាំងអស់បាននឹងកំពុងហ្វឹកហាត់ត្រៀមខ្លួនចូលរួមការប្រកួតអន្តរជាតិនានា ទាំងកម្រិតតំបន់ អាស៊ី និងពិភពលោក។

ដោយឡែកប្រភេទទូករ៉ូងអ៊ីង កម្ពុជាមានតម្រូវការចាំបាច់ណាស់ក្នុងការបញ្ជូនទៅចូលរួមការប្រកួតកម្រិតអន្តរជាតិដើម្បីដណ្តើមមេដាយជូនប្រទេសជាតិ ដូច្នេះសហព័ន្ធត្រូវការចាំបាច់នូវអ្នកជំនាញអន្តរជាតិជួយផ្តល់ជូនបច្ចេកទេសឆ្ពោះឈានទៅរកគុណភាពប្រកួតប្រជែងកាន់តែខ្ពស់ ដូច្នេះការសុំចូលខ្លួនរបស់លោក KEITH BROWN ជាគ្រូជំនាញបង្វឹកទូករ៉ូអ៊ីងសហព័ន្ធទូកកានូ និងរ៉ូអ៊ីងកម្ពុជា នឹងស្នើសុំលោកអភិសន្តិបណ្ឌិតប្រធាន ដើម្បីស្នើទៅក្រសួងអប់រំយុវជននិងកីឡា ដើម្បីអនុញ្ញាតនាំយកលោក KEITH BROWN មកធ្វើជាគ្រូបង្វឹកកីឡាករជម្រើសជាតិទូករ៉ូអ៊ីង។


លោកអនុប្រធានសហព័ន្ធ មានជំនឿចិត្តថា សំណើរនេះ ក្រសួងអប់រំយុវជន និងកីឡា នឹងផ្តល់ឱកាសដល់លោក KEITH BROWN ធ្វើជាគ្រូបណ្តុះបណ្តាលផ្នែកទូករ៉ូអ៊ីង ជួយអភិវឌ្ឍន៍សមត្ថភាពក្រុមជម្រើសជាតិកម្ពុជា។ ជំនួបសម្តែងការគួរសមនេះ បានធ្វើឡើងក្នុងគោលបំណង ដើម្បីសិក្សាស្វែងយល់ផ្សារភ្ជាប់ទំនាក់ទំនងដើម្បីចូលរួមធ្វើជាគ្រូបង្វឹកលើជំនាញកីឡាទូករ៉ូអ៊ីងសម្រាប់ក្រុមជម្រើសជាតិទូក។

ជាមួយគ្នានេះ លោក KEITH BROWN ក៏បានថ្លែងអំណរគុណចំពោះកិច្ចអន្តរាគមរបស់ថ្នាក់ដឹកនាំបានផ្តល់ឱកាសដល់លោកអាចមកធ្វើជាគ្រូបង្វឹកនៅសហព័ន្ធកីឡាទូកកានូ និងរ៉ុងអ៊ីងកម្ពុជា។ លោក BROWN សន្យាថា ប្រសិនបើលោកក្លាយជាគ្រូបង្វឹកមែន លោកនឹងខិតខំជួយកៀរគរពីគ្រប់ភាគីពាក់ព័ន្ធ មករួមចំណែកក្នុងការជួយដល់សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា៕
ដោយ៖លី ភីលីព
