ភ្នំពេញ៖ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកការរៀបចំសិក្ខាសាលាលើកកម្ពស់សមត្ថភាពស្ត្រីក្នុងវិស័យកីឡាស្តីពី “មូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន” ដែលមានរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី២៩ រហូតដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នៅវិទ្យាស្ថានអប់រំកាយ និងកីឡា រៀបចំដោយ នាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជននៃក្រសួងអប់រំ យុវជន និងកីឡា ។

ក្នុងឱកាសបិទនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ហ៊ូ សិទ្ធសោភាល័យ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧត្តមសិក្សា និងជាជនបង្គោលនៃគម្រោងលើកកម្ពស់សមត្ថភាពស្រ្តី ក្នុងវិស័យកីឡានៅកម្ពុជា លោក វ៉ា វណ្ណៈ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងអ្នកតំណាងវិទ្យាស្ថានអប់រំកាយ និងកីឡា ។

លោកស្រី ហ៊ូ សិទ្ធសោភាល័យ បានប្រាប់ឲ្យដឹងថា កិច្ចដំណើរការសិក្ខាសាលាបានដំណើរការដោយបែងចែកសិក្ខាកាមជា២កម្រិតផ្សេងគ្នាតាមរយៈការធ្វើតេស្តកម្រិតសមត្ថភាពនៅថ្ងៃដំបូង ជាលទ្ធផលគឺ មានសិក្ខាកាមចំនួន១៩នាក់ស្ថិតក្នុងកម្រិតទី១ ដែលជាកម្រិតដំបូង និងសិក្ខាកាមចំនួន២១នាក់ ស្ថិតក្នុងកម្រិតទី២។ ខ្លឹមសារនៃមេរៀនរយៈពេល៣ថ្ងៃដំបូង និងព្រឹកថ្ងៃទី៤គឺផ្តោតលើការរៀនទ្រឹស្តី និងអនុវត្តដោយផ្ទាល់អំពីការប្រើប្រាស់កម្មវិធី Microsoft Office Word, Microsoft Excel, Microsoft Power Point ក្នុងនោះគឺបានលម្អិតពីរបៀបនៃការប្រើប្រាស់កុំព្យូទ័រឱ្យបានត្រឹមត្រូវតាមលំដាប់លំដោយ ការរក្សាទុកឯកសារ ការចាក់សោរឯកសារ ការដាក់ឯកសារជា Confidential និងការប្រើប្រាស់នូវមុខងារសំខាន់ៗមួយចំនួនជាច្រើនដែលមានអត្ថប្រយោជន៍ដល់សិក្ខាកាមក្នុងការបំពេញការងាររបស់ពួកគាត់តាមអង្គភាព
ការបង្រៀន និងរៀនបានប្រព្រឹត្តទៅដោយប្រើប្រាស់វិធីសាស្ត្រចម្រុះ ការពិភាក្សាជាក្រុម ការបំផុសនូវសំណួរ វិធីសាស្ត្រសិស្សជួយសិស្ស និងការអនុវត្តផ្ទាល់ដោយការធ្វើលំហាត់ ដើម្បីបញ្ជាក់ពីការយល់ដឹងនិងសមត្ថភាពជាក់ស្តែងរបស់សិក្ខាកាម។ រាល់សកម្មភាពគឺមានការចុះជួយផ្ទាល់ពីគ្រូឧទ្ទេស ការជួយគ្នាទៅវិញទៅមករវាងសិក្ខាកាមនិងសិក្ខាកាម ព្រមជាមួយនឹងការចុះជួយពីអ្នកសម្របសម្រួល និងគណៈគ្រប់គ្រងវគ្គក្នុងករណីចាំបាច់។ ក្រៅពីនេះ ក៏មានការធ្វើលំហាត់ប្រាណ ៥នាទី ដើម្បីសម្រួលសាច់ដុំដៃនិងភ្នែកដល់សិក្ខាកាម និងគ្រូឧទ្ទេស នៅចន្លោះម៉ោងបង្រៀនទាំងពីរវេន ដែលដឹកនាំដោយលោក ហ៊ុន ម៉ារ៉ាឌី គ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

លោក កែ ប៊ុនខៀង បានមានប្រសាសន៍ថា លោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តែងតែចូលរួមជំរុញផែនការសកម្មភាពយែនឌ័រនៅគ្រប់អនុវិស័យ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសលើវិស័យអប់រំកាយ និងកីឡា។ លើសពីនេះដើម្បីស្របតាមគោលដៅអភិវឌ្ឍចីរភាព (Sustainable Development Goals) ទាំង១៧ របស់អង្គការសហប្រជាជាតិ ក្នុងគោលដៅទី៥ ក៏បានបង្ហាញអំពីការលើកកម្ពស់យែនឌ័រដោយផ្ដល់អំណាច និងភាពស្មើគ្នាទៅស្រ្តីគ្រប់រូប។

ហេតុនេះហើយបើទោះបីជាបានជួបប្រទះនូវភាពលំបាកខ្លះក៏ដោយ លោកស្នើសុំអង្គភាពជំនាញបន្តបើកវគ្គបណ្តុះបណ្តាលផ្សេងទៀត ទាំងផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងជំនាញបច្ចេ កទេស ដើម្បីធានាបាននូវសមភាពយែនឌ័រ និងត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍ នៃការប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ២០២៩ នាពេលខាងមុខ។

លោកលោក កែ ប៊ុនខៀង បានបន្តថា លោកបានកក់សម្គាល់ឃើញថា ដើម្បីទទួលបានជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍កីឡាផ្សេងៗ ក៏ដូចជាការដើម្បីមេដាយទាំងថ្នាក់ជាតិ និងអន្តរជាតិ យើងមិនអាចខិតខំតែបណ្ដុះបណ្ដាលអត្តពលិកសម្រាប់ការប្រកួតប្រជែងលើទីលាននោះទេ ការយល់ដឹងប្រព័ន្ធបច្ចេកវិទ្យា ក៏មានតួនាទីយ៉ាងសំខាន់ដូចជាចុះឈ្មោះតាមប្រព័ន្ធបច្ចេកវិទ្យា ការរៀបចំគ្រប់គ្រងទិន្នន័យ ការផ្សព្វផ្សាយ ការគ្រប់គ្រងលទ្ធផល។ល។ សុទ្ធតែបានរួមចំណែកក្នុងការអភិវឌ្ឍអនុវិស័យ កីឡា ហើយខ្ញុំរំពឹងថាសិក្ខាកាមជានារីក្នុងវគ្គសិក្ខាសាលានេះ នឹងអាចយកចំណេះដឹងដែលទទួលបានពីការបណ្ដុះបណ្ដាលនេះចូលរួមដឹកនាំ និងរៀបចំព្រឹត្តិការណ៍កីឡាផ្សេងៗទាំងថ្នាក់ជាតិ និងអន្តរជាតិនាពេលខាងមុខ។

ជាថ្មីម្តងទៀតសូមគោរពថែ្លងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ នាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជន លោកគ្រូឧទ្ទេស និងសហការីទាំងអស់ដែលបានសហការក្នុងការរៀបចំសិក្ខាសាលានេះរហូតទទួលបានលទ្ធផលល្អប្រសើរ និងសូមថ្លែងអំណរគុណដល់លោកស្រីនាយិកា នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងសហការីទាំងអស់ដែលបានផ្តល់កិច្ចសហការយ៉ាងល្អក្នុងការផ្តល់ទីតាំង និងផ្តល់ជូនខ្ចីនូវកុំព្យូទ័រ laptops សរុបចំនួន ៤០គ្រឿង សម្រាប់សិក្ខាកាមប្រើប្រាស់ក្នុងការរៀនសូត្រក្នុងសិក្ខាសាលានេះ៕


ដោយ៖ លី ភីលីព
